ឯកឧត្តម ជាប ដាវុធ ៖ រាជរដ្ឋាភិបាលបានវិនិយោគ និងចំណាយថវិកាជាតិយ៉ាងច្រើនលើសលុប ដើម្បីជំរុញអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយ គុណភាព និងមានសក្តានុពល ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារ
(ខេត្តកណ្តាល)៖ ឯកឧត្តម ជាប ដាវុធ សមាជិកគណៈកម្មការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកល្វាឯម និងក្រុងអរិយក្សត្រនិងជាប្រធានចលនាយុវជនគណបក្សក្រុងអរិយក្សត្រនិងស្រុកល្វាឯម តំណាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល បានលើកឡើងថា ជុំវិញវិស័យអប់រំ រាជរដ្ឋាភិបាលបានវិនិយោគ និងចំណាយថវិការជាតិយ៉ាងច្រើនលើសលុប ដើម្បីគាំទ្រ ពង្រឹងគុណភាព និងគាំទ្រសេវាអប់រំ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដើម្បីបង្កើតអភវិឌ្ឍន៍ធនធានមនុស្សប្រកប ដោយសក្តានុពល ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន ។
ឯកឧត្តម ជាប ដាវុធ បានលើកឡើងបែបនេះ នៅក្នុងពិធីសំណេះសំណាល ជាមួយសិស្សានុសិស្ស ថ្នាក់ទី១២ត្រូវប្រឡងសញ្ញាបត្រទុតិយភូមិនិងលោកគ្រូអ្នកគ្រូប្រមាណជិត ៤០០នាក់នៅវិទ្យាល័យ ព្រែកល្លួងស្ថិត ក្នុងក្រុងអរិយក្សត្រខេត្តកណ្តាល នៅថ្ងៃទី ២៥ខែ តុលា ឆ្នាំ២០២៣ ។

ឯកឧត្តម បន្តថា ការសិក្សារៀនសូត្រ មិនត្រឹមតែត្រូវអនុវត្តបន្តពេញមួយជីវិតប៉ុណ្ណោះទេ ប៉ុន្តែគឺជាការងារមួយតម្រូវឲ្យមាន ការលើកកម្ពស់ និងអភិវឌ្ឍន៍គ្មានទីបញ្ចប់ ដើម្បីផលិតនូវធនធានមនុស្សប្រកបដោយគុណភាព ឆ្លើយតបទៅនឹងទីផ្សារការងារ និងការឆ្លើយតបទៅនឹងបរិការណ៍នៃសកលភាវូបនីយកម្មរីកចម្រើន។ ស្ថិតក្នុងស្មារតីនេះ ការអប់រំល្អ គឺជាកូនសោរសម្រាប់ដោះស្រាយ នូវរាល់បញ្ហាសង្គម និងសេដ្ឋកិច្ចជាតិយ៉ាងសំខាន់ ជាពិសេសដើម្បីជីវភាពនៃការរស់នៅរបស់ខ្លួន។ ដូច្នេះសិស្សានុសិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ បន្ថែមទៀតនិងត្រូវធ្វើខ្លួនឲ្យទៅជាទំពាំងដ៏ល្អ សម្រាប់ខ្នងឫស្សី កុំធ្លាក់ចុះក្នុងអបាយមុខ និងចៀសវាងពីគ្រឿងញៀន ដែលបង្ករអស្ថេរភាពក្នុងគ្រួសារនិងសង្គម ជាហេតុធ្វើឲ្យវិនាសអន្តរាយដល់ខ្លួនឯង និងអ្នកដទៃ ដែលសង្គមជាតិកំពុងស្អប់ខ្ពើម ពោលគឺត្រូវធ្វើជាឫស្សីដ៏រឹងមាំ ត្រង់ល្អ បរិសុទ្ធ មិនវៀចវេរ ធ្វើឲ្យសង្គមគ្រួសារ និងសង្គមជាតិ ពឹងពាក់ទៅអនាគត។
ឯកឧត្តម ជាប ដាវុធ បានបន្តថា ដោយផ្អែកលើមូលដ្ឋានអនុវត្តកិច្ចការសំខាន់ៗរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំគណបក្សប្រជាជនកម្ពុជា គឺបានពង្រឹងកិច្ចការពារ ថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ការជម្រុញបន្តអនុវត្តន៍គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពឲ្យបានខ្លាំងក្លា ធានាការរស់នៅសុខសាន្តរបស់ប្រជាជន ការអភិវឌ្ឍសេដ្ឋកិច្ច បង្កើនកិច្ចការពារ បង្ការទប់ស្កាត់មិនឲ្យកើតមានជាដាច់ខាត អំពីការបង្កើតចលនាណាមួយ ដែលបង្កភាពវឹកវរក្នុងសង្គមជាដើមឯកឧត្តមជាបដាវុធ បានបញ្ជាក់ថាការរីកចម្រើននូវលើគ្រប់វិស័យទៅបាន ជាពិសេសវិស័យអប់រំនាពេលនេះ គឺដោយសារកត្តាសុខសន្តិភាព បេីគ្មានសន្តិភាព គឺពុំបានរៀនសូត្រនោះទេ សន្តិភាពប្រៀបបានទៅនឹងអ៊ុកស៊ីសែន ព្រោះថាបើគ្មានអ៊ុកស៊ីសែននោះទេ ជីវិតមនុស្ស សត្វលោកយើងនេះ ក៏មិនអាចរស់រានមានជីវិតទៅបានផងដែរ។ ជាពិសេសនាពេលបច្ចុប្បន្ននេះ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា និងភាពឈ្លាស់វៃប្រកបដោយកិត្តិបណ្ឌិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ប្រមុខរាជរដ្ឋាភិបាល បានធ្វេីឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

តាមការបញ្ជាក់របស់ លោក ចាន់តារា អភិបាលក្រុងអរិយក្សត្របានឱ្យដឹងថា នៅក្នុងសាលាវិទ្យាល័យព្រែកល្លួងសិស្សមានសិទ្ធិប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំនួន ៣០៧ នាក់ ស្រី ១៦០ នាក់ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យអូនព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកណ្ដាលទទួលបន្ទុកស្រុកសាច់កណ្ដាលស្រុកល្វាឯមស្រុកកៀនស្វែងនិងក្រុង អរិយក្សត្រតាមរយៈឯកឧត្តមជាបដាវុធបានរៀបចំកម្មវិធីបំប៉នសិស្សថ្នាក់ទី ១២ ក្នុងនោះបំប៉នសម្រួចយកសិស្សនីតិ Aចំនួន ១៨ សប្តាហ៍ ថ្នាក់បំប៉នទូទៅ ១០ សប្តាហ៍ និងថ្នាក់សង្គមចំនួន ១០ សប្តាហ៍ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ជាប ដាវុធ បាននាំយកនៅថវិកាឧបត្ថមរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ជូនដល់សិស្សានុសិស្សដែលត្រូវទៅប្រឡងសញ្ញាបត្រទុតិយភូមិក្នុងម្នាក់ៗទទួលបានថវិកា ១០ ម៉ឺនរៀល លោកគ្រូអ្នកគ្រូចូលរួមក្នុងម្នាក់ ១០ ម៉ឺនរៀល ៕

ប្រភព ៖ ក្រុមការងារខេត្តកណ្តាល