បន្ទាប់ពីនាយករដ្ឋមន្ត្រីឯកភាព៖ កងទ័ពមួកខៀវកម្ពុជានឹងវិលត្រឡបលមកកម្ពុជាវិញនៅថ្ងៃទី២៧ ខែតុលា

កងកម្លាំងនាំមុខកងវិស្វកម្មព្រលានយន្តហោះ ដែលបញ្ចប់បេសកកម្មរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី នឹងវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ។ ពិធីទទួលក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងអ្នកសម្របសម្រួលតំណាងអង្គការសហប្រជាជាតិប្រចាំព្រះរាជាណាចក្រកម្ពុជា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ប៉ុន្មានថ្ងៃមុនសម្តេចបានផ្តល់ការឯកភាពដើម្បីដកកងកងទ័ពមួកខៀវកម្ពុជាចេញពីប្រទេសម៉ាលី ដោយសារយូអិន (UN) ចាប់ផ្តើមជម្លៀសទ័ពបាត់ពីតំបន់ខ្លះ ដោយសារតែកន្លែងនោះនៅលែងបាន ទ័ពយូអិនមួកខៀវក៏គេវ៉ៃដែរ។ ការបញ្ជាក់នេះ ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត ដែលមានមូលដ្ឋានក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា៖ “ប៉ុន្មានថ្ងៃមុន ខ្ញុំត្រូវផ្តល់ការឯកភាពដើម្បីដកទ័ពយើងចេញពីម៉ាលីដោយសារយូអិនចាប់ផ្តើមជម្លៀសទ័ព ព្រោះបាត់ពីតំបន់ខ្លះដោយសារកន្លែងនោះនៅលែងបាន ទ័ពយូអិនមួកខៀវក៏គេវ៉ៃដែរ អត់ស្គាល់ទ័ពអ៊ុនតាក់។ កាលជំនាន់អ៊ុនតាក់នៅនេះ យើងនៅនោះ យូអិនត្រូវសម្រេចដកកងទ័ពប្រមាណម៉ឺននាក់ ក្នុងនោះមានទ័ពយើងជិត១០០នាក់នៅទីនោះ បញ្ជាឲ្យដកទ័ពហើយបញ្ជាឲ្យកំទេចចោលសម្ភារៈទាំងអស់ ឡានយើងអាកាំម៉ាស់ប៉ុន្មានគ្រឿង មួយគ្រឿងជាង១០ម៉ឺនដុល្លារ ត្រូវយកអេស្កាវ៉ាទ័រវ៉ៃចោលនៅនឹងកន្លែងកម្ទេចចោលទាំងអស់ ហ្នឹងហើយបើសិនជាវាបាត់សន្តិភាព។”

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបន្តទៀតថា សូម្បីតែអង្គការសហប្រជាជាតិក៏ដកថយដែរ សន្តិភាព និងការអភិវឌ្ឍដែលប្រជាពលរដ្ឋបានទទួលនេះ។ ជាពិសេសសំឡេងលើសលប់នៅក្នុងការបោះឆ្នោត មិនត្រឹមតែចូលរួមនៅក្នុងការជ្រើសរើសរាជរដ្ឋាភិបាលដោយប្រសិទ្ធភាពដើម្បីអនាគតរបស់ខ្លួនទេ ប៉ុន្តែចូលរួមសំខាន់ណាស់នៅក្នុងការថែរក្សាសុខសន្តិភាពរបស់ប្រទេសយើង៕ដោយ៖ពលជ័យ

ads banner