ក្រុមម៉ូតូទឹកកម្ពុជា សូមផ្ញើមេដាយមាស ប្រាក់ សំរឹទ្ធ និងភាពជោគជ័យ ជូនសម្ដេចធិបតី ហ៊ុន ម៉ាណែត
(ភ្នំពេញ)៖ ប្រធានក្រុមម៉ូតូទឹកកម្ពុជា វីរកីឡាករ សាលី អ៊ូមើត បានថ្លែងក្នុងបទសម្ភាសន៍ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ក្រោយត្រឡប់ពីការចូលរួមប្រកួតព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកកម្រិតពិភពលោក Water Jet Ski World Series ឆ្នាំ២០២៣ ជុំទី៣ នៅសហរដ្ឋអាមេរិកថា ប្រគល់ភាពជោគជ័យ ជូនសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីជាការសងគុណ ចំពោះសម្ដេចការដឹកនាំប្រទេសប្រកបដោយសុខសន្ដិភាព។

សាលី អ៊ូមើត បញ្ជាក់ថា ពីព្រឹត្តិការណ៍ Water Jet Ski World Series ឆ្នាំ២០២៣ ជុំទី៣ នៅអាមេរិកកាលពីថ្មីថ្មីនេះ ក្រុមជម្រើសជាតិម៉ូតុទឹកកម្ពុជា ដណ្តើមបានមេដាយសរុបចំនួន ៩គ្រឿង ក្នុងនោះ មាស៤ ប្រាក់ ៤ និងមេដាយសំរឹទ្ធ ១គ្រឿង។ ការមកដល់នេះក៏មានការទទួលស្វាគមន៍ពី ឯកឧត្តម ប៉ុន សុខ អគ្កនាយក នៃអគ្គនាយកដ្ឋានកីឡា និងមន្រ្តីសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជាផងដែរ។
វីរកីឡាករ សាលី អ៊ូមើត បន្តថា «ជាដំបូង ខ្ញុំសូមថ្លែងអំណរគុណសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ហើយជោគជ័យនេះ ខ្ញុំសូមប្រគល់ជូនសម្ដេចនាយករដ្ឋមន្ដ្រី ដើម្បីជាការសងគុណ ដែលសម្ដេចខិតខំដឹកនាំប្រទេសប្រកបដោយសុខសន្ដិភាព ធ្វើឲ្យក្រុមកីឡាកររបស់យើង មានឱកាសយកទង់ជាតិទៅបង្ហាញឲ្យពិភពលោកបានឃើញ និងបានស្គាល់ ចំពោះស្នាដៃរបស់កូនខ្មែរ ថាសមត្ថភាពកូនខ្មែរយើង ទោះបីប្រទេសតូចមែន តែចិត្ដធំ អាចដណ្ដើមមេដាយមាសពិភពលោក ដែលមានអត្តពលិកខ្លាំងៗ ៣០ប្រទេសចូលរួម»។

ជាមួយក្នានេះវីរកីឡាករម៉ូតូទឹករូបនេះ បានប្ដេជ្ញានឹងបន្ដខិតខំប្រឹងប្រែងស្វែងរកជោគជ័យថ្មីៗបន្ថែមទៀត ជូនកម្ពុជា ពិសេសនៅក្នុងការប្រកួតជុំផ្ដាច់ព្រ័ត្រ ពីព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកកម្រិតពិភពលោក Water Jet Ski World Series ឆ្នាំ២០២៣ ជុំទី៤ នៅប្រទេសថៃ នាចុងឆ្នាំនេះ៕



ចាន់ វិចិត្រ