គណបក្សប្រជាជនកម្ពុជា និងបណ្តាបក្សសម្ព័ន្ធទាំង ២៧ទៀត ប្រកាសកម្ចាត់ចោលក្រុមជ្រុលនិយម ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាល

(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា និងបណ្តាបក្សសម្ព័ន្ធទាំង ២៧ ទៀត ប្រកាសកម្ចាត់ចោលក្រុមជ្រុលនិយម ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាល ។ នេះជាការបញ្ជាក់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសដែលសម្តេច អញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាង គណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជា ចំនួន២៧ផ្សេងទៀត នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នៅវិមាន៧មករា ទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា ។

សម្តេចតេជោ បានប្រកាសរួមគ្នាជាមួយបណ្តាបក្សនយោបាយសម្ព័ន្ធទាំង ២៧ ទៀត ដែលបានធ្វើកិច្ចសហប្រតិបត្តិការ និងចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា រួមគ្នាការពារនូវរបបរាជានិយមឱ្យបានដាច់ខាត ខណៈកន្លងមកតែងតែមានក្រុមជ្រុលនិយម បដិវត្តពណ៌ទាមទារឱ្យព្រះមហាក្សត្រចុះចេញពីព្រះរាជបល្ល័ង្គ ។

សម្តេច បានបញ្ជាក់ថា ទន្ទឹមនឹងការនិយាយពីរបបប្រជាធិបតេយ្យ សរីពហុបក្ស ក៏ត្រូវនិយាយាពីការរួមគ្នាការពារនូវរបបរាជានិយមឱ្យខាងតែបានផងដែរ។

សម្តេចតេជោ ក៏បានអំពាវនាវឲ្យបណ្តាគណបក្សយោបាយទាំងអស់ ចូលរួមទប់ស្កាត់នូវនយោបាយ ឬចលនាជ្រុលនិយមនេះ និងអំពាវនាវដល់បណ្តាគណបក្សទាំងអស់ អប់រំសមាជិករបស់ខ្លួន ដើម្បីកម្ចាត់នូវចលនាជ្រុលនិយម។

សម្តេចមានប្រសាសន៍ថា ប៉ុន្មានថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជា ឬគណបក្សប្រជាជន ពិតជាលំបាកណាស់ក្នុងការគាំទ្រ លើអ៊ីស្រាអែល ឬក្រុមហាម៉ាស់ របស់ប៉ាឡេស្ទីន ដោយសារតែមានចលនាជ្រុលនិយម ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា យើងមិនត្រូវអត់ឱនដល់ក្រុមណាក៏ដោយ បក្សណាក៏ដោយដែលចង់បំផ្លាញសន្តិភាពរបស់ប្រទេស។ អ្វីដែលយើងទាមទារនៅពេលនេះ គឺកម្លាំងជាតិ និងកម្លាំងបក្សនយោបាយ ដែលចូលរួមក្នុងកិច្ចព្រមព្រៀងសម្ព័ន្ធភាពនេះ គឺត្រូវការពារសន្តិភាព ឲ្យខាងតែបាន ។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានរំលេចពី «ចលនា៩វិច្ឆិកា» ដែលជាចលនានៃការផ្តួលរំលំរាជរដ្ឋាភិបាល គឺមិនត្រូវអត់ឱនទេ ហើយតុលាការកំពុងបន្តដំណើរការលើរឿងក្តីនេះ ៕

អត្ថបទ ៖ វណ្ណ លុក
រូបភាព ៖ ហេង សម្បត្តិ និង ថេត វិចិត្រ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner