សម្តេចតេជោ ហ៊ុន សែន ៖ ស្មារតីនៃកិច្ចព្រមព្រៀងសម្ព័ន្ធភាព ក៏បើកទូលាយឱ្យគណបក្សផ្សេងទៀតចូលរួមបាន
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ស្មារតី នៃកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជា ចំនួន២៧ផ្សេងទៀត គឺបើកទូលាយឱ្យគណបក្សនយោបាយស្របច្បាប់ផ្សេងទៀត ចូលរួមក្នុងសម្ព័ន្ធភាពនេះបាន ។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់បែបនេះ ក្នុងឱកាសដែលសម្តេច អញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាង គណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជា ចំនួន២៧ផ្សេងទៀត នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នៅវិមាន ៧មករា ទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា ។

សម្តេចបានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ នឹងបើកទូលាយសម្រាប់គណបក្សនយោបាយស្របច្បាប់ផ្សេងទៀត ដែលគាំទ្រ និងមានបំណងចង់ចូលរួមសហប្រតិបត្តិការ ចងសម្ព័ន្ធភាព រវាងបណ្តាបក្សនយោបាយនៅកម្ពុជា តាមស្មារតីនៃកិច្ចព្រមព្រៀងនេះ ហើយការសម្រេចអនុញ្ញាតឱ្យគណបក្សផ្សេងទៀតចូលរួម ឬ មិនចូល នឹងមិនសម្រេច ដោយគណបក្សប្រជាជនតែម្នាក់នោះទេ គឺត្រូវមានការស្រុះស្រួលគ្នាមួយ តាមរយៈការជ្រើសរើសយកការសម្រេចបែបសំឡេងកុងសង់ស៊ីស ឬ ៥០បូក១ ឬ ២ភាគ៣ ។

បន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ សម្តេចតេជោ បានណែនាំឱ្យមានការរៀបចំបទបញ្ជាផ្ទៃក្នុងមួយទៀតផង។ គណបក្សប្រជាជនកម្ពុជា នឹងបញ្ជូនប្រធានគណៈចាត់តាំងរបស់គណបក្សធ្វើជាអ្នកតាក់តែងបទបញ្ជាផ្ទៃក្នុង ហើយសូមឱ្យគណបក្សនានារៀបចំចាត់បញ្ជូនតំណាងរបស់ខ្លួនចូលរួមក្នុងការរៀបចំបទបញ្ជាផ្ទៃក្នុងនេះផងដែរ។ បទបញ្ជាផ្ទៃក្នុងនេះ នឹងរួមបញ្ចូល ទាំងការជួបប្រជុំ ទីតាំងជួបជុំ និងរយៈពេលជួបប្រជុំជាដើម ៕


អត្ថបទ ៖ វណ្ណ លុក
រូបភាព ៖ ហេង សម្បត្តិ និង ថេត វិចិត្រ