រថយន្តកាមរីបាឡែនបុករថយន្តដឹកផ្លែដូងចតស្ងៀមពីក្រោយ របួសធ្ងន់ម្នាក់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរសម្នាក់ បើករថយន្តកាមរីបាឡែនក្នុងល្បឿនលឿន បានគេចពីម៉ូតូមួយគ្រឿងជ្រុលទៅបុករថយន្តហ៊ីយ៉ាន់ដាយដឹកផ្លែដូងមួយគ្រឿង កំពុងចតស្ងៀមដាក់ផ្លែដូងឲ្យម៉ូយពីក្រោយពេញទំហឹងបណ្តាលឲ្យបុរសម្នាក់ រងរបួសធ្ងន់ជើងម្ខាង កាលពីម៉ោង១២និង៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០១៩ នៅមុខក្លិបកម្សាន្ត ប្លូវើល តាមបណ្តោយផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញយុវជនម្នាក់រួមដំណើរនឹងយុវជនពីរនាក់ទៀតបើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ដឹកផ្លែដូងមួយគ្រឿងក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3A-0646 ធ្វើដំណើរតាមបណ្តោយផ្លូវ១៩៨៦ ទិសដៅពីកើតទៅលិច មកឈប់នៅខាងឆ្វេងដៃបញ្ច្រាស់ទិសចរាចរណ៍នៅចំណុចកើតហេតុ ដើម្បីដាក់ផ្លែដូងឲ្យម៉ូយ លុះមកដល់ម៉ោងកើតហេតុ ក៏មានរថយន្តកាមរីបាឡែនមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AJ-8136បើកបរដោយបុរសម្នាក់ បានធ្វើដំណើរមកពីក្រោយស្របទិសដៅគ្នាក្នុងល្បឿនលឿន និងបានគេចពីម៉ូតូមួយគ្រឿងបណ្តាលរេចង្កូតមកខាងឆ្វេងដៃជ្រុលបុកពីក្រោយពេញទំហឹង បណ្តាលឲ្យបុរសម្នាក់នៅខាងក្រោយរថយន្ត កំពុងយកផ្លែដូចដាក់ឲ្យម៉ូយ ផ្ទប់កាងរថយន្តដឹកដូងរបួសជើងម្ខាងធ្ងន់ និងត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើកាវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner