ស្ត្រីអ្នកលក់ផ្លែឈើម្នាក់ ត្រូវចោរឆក់កាបូបអស់ជាងមួយពាន់ដុល្លារ នៅខណ្ឌមានជ័យ
ភ្នំពេញ៖ ស្ត្រីម្នាក់កំពុងបើករ៉ឺម៉កសណ្ដោងលក់ផ្លែឈើ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូធំមួយគ្រឿង ធ្វើសកម្មភាពឆក់កាបូបបានសម្រេច រួចជិះគេចខ្លួនបាត់ កាលពីម៉ោង៤និង១០នាទីទៀបភ្លឺ ឈានចូលថ្ងៃពុធ ទី២៤ ខែកក្ដដា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២១៧ ត្រង់ចំណុចការ៉ាស់ភីស៊ីធី ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ រៀង សុធី ភេទស្រី អាយុ៤១ឆ្នាំ មុខរបលក់ផ្លែឈើ ស្នាក់នៅផ្ទះជួលត្រពាំងសិលា ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមសម្ដីស្ត្រីរងគ្រោះបានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ រូបគាត់បើកម៉ូតូរ៉ឺម៉ក ដែលពាក់ស្លាកលេខភ្នំពេញ1P-0834 ចេញពីផ្ទះជួល ក្នុងគោលបំណងទៅយកផ្លែឈើនៅផ្សារដើមគរ ដោយធ្វើដំណើរតាមផ្លូវ២១៧ ទិសដៅពីលិចទៅកើត។ មកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូធុនធំមួយគ្រឿង មិនចាំស្លាកលេខ ជិះមកពីក្រោយរួចធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់គាត់បានសម្រេច រួចព្យាយាមជិះរត់គេចសំដៅទៅផ្សារដើមគរ ដោយរូបគាត់ក៏ស្រែកចោរៗបើកម៉ូតូរ៉ឺម៉កដេញពីក្រោយដែរ តែគ្មាននណាម្នាក់ ជួយដេញគាត់សោះ។ ស្ត្រីរងគ្រោះបានប្រាប់ឲ្យដឹងថា ទ្រព្យសម្បត្តិដែលនៅក្នុងកាបូប រួមមានលុយខ្មែរ និងដុល្លារ សរុបជាងមួយពាន់ដុល្លារ ទូរសព្ទដៃមួយគ្រឿង កាតគ្រីម៉ូតូមួយ និងអត្តសញ្ញាណប័ណ្ណមួយសន្លឹក។

ក្រោយកើតហេតុ ជនរងគ្រោះបានឲ្យក្រុមអ្នកយកព័ត៌មានជូនមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី២ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវឈានទៅដល់ចាប់ជនសង្ស័យនោះមកផ្ដាន្ទាទោសតាមច្បាប់។ គួររំលឹកផងដែរថា សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី២ នៅមុខប៉ុស្តិ៍រាល់យប់ឃើញតែនគរបាលស្លៀកពាក់ស៊ីវិលអង្គុយផឹកស៊ី មិនព្រមជិះល្បាតក្នុងមូលដ្ឋានរបស់ខ្លួននោះទេ ហើយជាពិសេសជិះភ្លឺតែម្ដង ឧស្សាហ៍មានបទល្មើសឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋណាស់ ដូចជាក់ស្ដែកករណីខាងលើនេះអ៊ីចឹង។ ដូច្នេះ សូមលោកអធិការនគរបាលបាលខណ្ឌមានជ័យ ជួយពិនិត្យមើលកូនចៅទាំងនេះផង៕ធ.ដ
