អគ្គនាយកក្រុមហ៊ុនមីនីបៀ នឹងកៀរគរបណ្តាក្រុមហ៊ុនធំៗរបស់ជប៉ុន មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ឱ្យកាន់តែមានសន្ទុះកើនឡើង ដើម្បីធ្វើការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងអន្តរជាតិ

(ភ្នំពេញ)៖ អគ្គនាយកក្រុមហ៊ុនមីនីបៀ បានគូសបញ្ជាក់ថា នឹងកៀរគរបណ្តាក្រុមហ៊ុនធំៗរបស់ជប៉ុន មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ឱ្យកាន់តែមានសន្ទុះកើនឡើង ពិសេសការប្រមូលផ្តុំប្រភពទុនលើការវិនិយោគអំពូលភ្លើងឆ្លាតបំភ្លឺនៅតាមទីសាធារណៈ ដើម្បីធ្វើការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងអន្តរជាតិ ។

លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា អគ្គនាយកក្រុមហ៊ុនមីនីបៀ បានបញ្ជាក់ដូច្នេះ ក្នុងឱកាសចូលជួបសំដែងការគួរសមចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅវិមាន ៧មករា នាព្រឹកថ្ងៃទី២៦តុលា ដើម្បីរាយការណ៍ពីវឌ្ឍនភាពរបស់ករុមហ៊ុនមីនីបៀ នៅកម្ពុជា។

ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានសំដែងនូវការរីករាយចំពោះវឌ្ឍនភាពរបស់ក្រុមហ៊ុនមីនីបៀ ដែលបានបណ្តាក់ទុនវិនិយោគនៅកម្ពុជា មានការរីកចំរើនពីមួយអាណត្តិទៅមួយអាណត្តិ ពិសេសការបង្កើនភាពជាដៃគូវិនិយោគប្រកបដោយទំនុកចិត្តនៅកម្ពុជា។ សម្តេច បានស្នើឲ្យក្រុមហ៊ុនលើកឡើងពីវឌ្ឍនភាពរបស់ក្រុមហ៊ុន ក្នុងរយៈពេល១២ឆ្នាំកន្លងមក ដែលក្រុមហ៊ុនបានវិនិយោគនៅកម្ពុជា។

លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា អគ្គនាយកក្រុមហ៊ុនមីនីបៀ បានថ្លែងនូវការគោរពកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ពិសេសនោះ សម្តេចផ្ទាល់ គឺជាឆ្មបបង្កើតក្រុមហ៊ុនមីនីបៀនៅកម្ពុជា ដែលរហូតមកដល់ពេលនេះមានរយៈពេល ១២ឆ្នាំមកហើយ។

លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា បានរាយការណ៍ជូនសម្តេចតេជោថា ក្នុងរយៈពេល ១២ឆ្នាំមកនេះ ក្រុមហ៊ុនបានផលិតនូវផលិតផលថ្មីជាច្រើន ដើម្បីបម្រើឲ្យសក្តានុពលវិនិយោគនៅកម្ពុជា ក្នុងនោះផលិតផលអេឡិចត្រូនិច គឺជាផលិតផលថ្មីរបស់ក្រុមហ៊ុនដែលត្រូវបានផលិតជាលើកដំបូងនៅកម្ពុជា ដើម្បីធ្វើការនាំចេញទៅកាន់ទីផ្សារអន្តជាតិ។

លោកអគ្គនាយក ក៏បានជំរាបជូនសមតេចតេជោអំពីលទ្ធភាព នៃការបង្កើតគម្រោងថ្មី សម្រាប់ការវិនិយោគនៅកម្ពុជា ក្នុងនោះរួមមានការវិនិយោគលើថាមពលកកើតឡើងថ្មី ដែលមិនធ្វើឲ្យប៉ះពាល់ដល់បម្រែបម្រួលអាកាសធាតុ។

លោកអគ្គនាយកក្រុមហ៊ុន បានជំរាបជូនសម្តេចតេជោដែរថា នៅក្នុងអាណត្តិទី៧ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ក្រុមហ៊ុនរបស់លោក នឹងកៀងគរដល់បណ្តាក្រុមហ៊ុនធំៗរបស់ជប៉ុន មកបណ្តាក់ទុន វិនិយោគនៅកម្ពុជា ឲ្យកាន់តែមានសន្ទុះកើនឡើង ពិសេសការប្រមូលផ្តុំប្រភពទុនលើការវិនិយោគអំពូលភ្លើងឆ្លាតបំភ្លឺនៅតាមទីសាធារណៈ ដើម្បីធ្វើការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងអន្តរជាតិ ។

សូមបញ្ជាក់ថា ក្រុមហ៊ុនមីនីបៀ ជាក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន ដែលបានវិនិយោគនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១០ ដោយផលិតជាម៉ូទ័រសម្រាប់នាំចេញទៅលក់នៅក្រៅប្រទេស។ បច្ចុប្បន្នក្រុមហ៊ុនមានផលិតអំពូល LED និងសម្ភារៈក្មេងលេងកម្សាន្តផងដែរ ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner