កូរ៉េខាងត្បូង ចាត់វិធានការទប់ស្កាត់មិនឱ្យមានសោកនាដកម្មរត់ជាន់គ្នាស្លាប់នៅថ្ងៃបុណ្យហាឡូវីន
សេអ៊ូល៖ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ក្រុមមនុស្សយ៉ាងច្រើនបានចេញអនុវត្តហាត់សមពីវិធីដោះស្រាយ និងការពារខ្លួនពេលកំពុងស្ថិតនៅក្នុងហ្វូងមនុស្សច្រើន ដែលអាចនឹងកើតឡើងនៅថ្ងៃបុណ្យហាឡូវីន (Halloween) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែតុលា ខាងមុខនេះ។ ការហាត់សមនេះ ដោយពួកគេបានរុញច្រានគ្នាទៅវិញទៅមកក្នុងផ្លូវតូចចង្អៀត និងទាញគ្នាចុះឡើង។
ការចុះសមសម្ដែងនេះធ្វើឡើងដើម្បីតេស្តសាកល្បងទៅលើប្រព័ន្ធថ្មីនៃកាមេរ៉ា CCTV ដែលកំពុងត្រូវបានបង្កើតឡើងក្នុងការប្រើបញ្ញាសិប្បនិម្មិត ចាប់យកសញ្ញាកន្លែងហ្វូងមនុស្សណាដែលមានគ្រោះថ្នាក់ ហើយវានឹងបញ្ចេញសំឡេងប្រកាសអាសន្នប្រាប់ដល់មន្ត្រីសង្គ្រោះបន្ទាន់ ។ក្រុមមន្ត្រីនឹងប្រចាំការនៅមើលលើអេក្រង់ធំៗ ហើយត្រៀមខ្លួនចាត់វិធានការចុះជួយ ក្នុងករណីដែលប្រព័ន្ធបានរកឃើញថាហ្វូងមនុស្សកំពុងមានគ្រោះថ្នាក់។
កិច្ចខិតខំប្រឹងប្រែងនេះធ្វើឡើងបន្ទាប់ពីកូរ៉េខាងត្បូងធ្លាប់មានបទពិសោធសោកនាដកម្ម ដោយហ្វូងមនុស្សដ៏ច្រើនណែនតាន់តាប់ រត់ជាន់គ្នាស្លាប់កាលពីឆ្នាំមុននៅលើផ្លូវតូចចង្អៀតមួយនៅក្នុងកន្លែងកម្សាន្តរាត្រីមួយឈ្មោះថា អ៊ីថេវ៉ុន (Itaewon) បណ្ដាលឱ្យមនុស្សស្លាប់ចំនួន ១៥៩នាក់។ ការស្លាប់នេះត្រូវបានគេរិះគន់ថា មួយផ្នែកគឺបណ្តាលមកពីកង្វះការរៀបចំវិធានការគ្រប់គ្រងហ្វូងមនុស្ស ដោយដំបូងឡើយ មានអ្នកអំពាវនាវសុំជំនួយដែរ ប៉ុន្តែគ្មានការឆ្លើយតប។
ដូច្នេះហើយ នៅឆ្នាំនេះ រដ្ឋាភិបាលក្រុងសេអ៊ូល (Seoul) នឹងធ្វើការជាមួយក្រុមប៉ូលិសជំនាញ ក្រុមសេវាសង្គ្រោះបន្ទាន់ និងក្រុមមន្ត្រីក្នុងតំបន់ ដើម្បីធ្វើការលើរឿងនេះ និងធានាថាគ្មាននរណាម្នាក់រងរបួសក្នុងអំឡុងពេលពិធីបុណ្យហាឡូវីន (Halloween) នោះទេ។ ពួកគេនឹងប្រើបច្ចេកវិទ្យាទំនើបៗដើម្បីតាមដានស្ថានការណ៍ក្នុងពេលវេលាជាក់ស្តែង។
ក្រុមមន្ត្រីរដ្ឋាភិបាលកំពុងដំឡើងប្រព័ន្ធកាមេរ៉ា CCTV ថ្មីចំនួន ៩០៩ គ្រឿង ត្រង់ចំណុច ៧១ ទីតាំង។ កាមេរ៉ា CCTV ទាំងអស់នេះនឹងត្រូវបានប្រើប្រាស់ដើម្បីតាមដានហ្វូងមនុស្ស និងជូនដំណឹងដល់អាជ្ញាធរពេលមានសញ្ញាគ្រោះថ្នាក់ ដូចជាមនុស្សច្រើនលើសកំណត់ ឬសកម្មភាពគួរឱ្យសង្ស័យណាមួយ។ អ្នកស្ម័គ្រចិត្តប្រហែលជា ១៥០ នាក់ក៏បានចូលរួមធ្វើតេស្ដសាកល្បងជាមួយប្រព័ន្ធថ្មីនេះផងដែរ។
តំបន់ចំនួន ១៦ ទីតាំងនឹងត្រូវបានត្រួតពិនិត្យដោយក្រុមមន្ត្រីដែលត្រៀមខ្លួនដើម្បីបំបែកហ្វូងមនុស្ស ប្រសិនបើប្រព័ន្ធនេះរកឃើញថាមានមនុស្សបីនាក់ ឬច្រើននាក់ក្នុងមួយម៉ែត្រការ៉េនៅក្នុងតំបន់ណាមួយ។ មន្ត្រីសុវត្ថិភាពប្រចាំទីក្រុង លោក អាន់យ៉ុង ជុន (Ahn Hyoung-jun) បាននិយាយថា «ប្រព័ន្ធនេះប្រើប្រាស់កាមេរ៉ា CCTV ដើម្បីវិភាគវីដេអូ និងស្វែងរកហ្វូងមនុស្ស។ ដូច្នេះ វានឹងជួយការពារកុំឱ្យមនុស្សបង្កើតកំហុសដោយឈរប្រជ្រៀតគ្នា»។
អ្នកជំនាញផ្នែកការពារអគ្គិភ័យ និងគ្រោះមហន្តរាយបាននិយាយថា កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលក្រុងក្នុងការទប់ស្កាត់ការកកស្ទះនៃហ្វូងមនុស្សគឺជារឿងវិជ្ជមានមួយ ប៉ុន្តែជាដំបូង គឺសំខាន់ណាស់ក្នុងការទប់ស្កាត់មិនឱ្យមានការប្រមូលផ្តុំច្រើនលើសការកំណត់។ លោកក៏បានបញ្ជាក់ដែរថា ផែនការនេះគឺអនុវត្តតែនៅក្នុងទីក្រុងសេអ៊ូលប៉ុណ្ណោះ មិនមែននៅទូទាំងប្រទេសទាំងមូលនោះទេ។
លោកបានផ្ដល់ជាអនុសាសន៍ថា រដ្ឋាភិបាលថ្នាក់ជាតិគួរតែជាអ្នកទទួលខុសត្រូវក្នុងការរៀបចំផែនការដោះស្រាយបញ្ហាហ្វូងមនុស្សច្រើនណែនតាន់តាប់បែបនេះ ជាជាងទុកឱ្យរដ្ឋបាលក្រុងនិមួយៗដោះស្រាយរៀងៗខ្លួន។ នេះក៏ព្រោះតែការដែលមានហ្វូងមនុស្សច្រើនណែនតាន់តាប់ អាចកើតមានឡើងនៅគ្រប់ទីកន្លែង ហើយរដ្ឋាភិបាលថ្នាក់ជាតិត្រូវធានាថានឹងមានវិធានការការពារនៅទូទាំងប្រទេស។
រដ្ឋាភិបាលកូរ៉េខាងត្បូងបាននិយាយថា ខ្លួនបានខិតខំបង្កើតប្រព័ន្ធមួយ ដើម្បីការពារកុំឱ្យមានបញ្ហានេះកើតឡើង ប៉ុន្តែប្រព័ន្ធនេះចាំបាច់ត្រូវអនុវត្តឱ្យបានត្រឹមត្រូវ។ គួររំឭកថា រដ្ឋាភិបាលបានបដិសេធមិនបណ្តេញមន្ត្រីណាម្នាក់ជុំវិញហេតុការណ៍នៅ អ៊ីថេវ៉ុន នោះទេ។
ហេតុការណ៍នៅ អ៊ីថេវ៉ុន បានធ្វើឱ្យអាជ្ញាធរនៅប្រទេសផ្សេងៗទៀតមានការភ័យខ្លាចថាវានឹងអាចកើតមានឡើងនៅក្នុងប្រទេសរបស់ពួកគេដែរ។ ជាក់ស្ដែង នៅទីក្រុងតូក្យូ ក្រុមមន្ត្រីកំពុងជំរុញប្រជាជនកុំឱ្យប្រមូលផ្តុំគ្នានៅតំបន់ដើរឆ្លងកាត់ស៊ីប៊ូយ៉ា (Shibuya Scramble Crossing) ដែលជាកន្លែងពេញនិយមសម្រាប់អ្នកចូលចិត្តពិធីបុណ្យហាឡូវីនកាលពីមុនពេលជំងឺរាតត្បាតកូវីដ១៩។
ក្រុមមន្ត្រីរដ្ឋាភិបាលនៅតំបន់ស៊ីប៊ូយ៉ា មានការព្រួយបារម្ភថា ហ្វូងមនុស្សដ៏ច្រើនណែនតាន់តាប់ដូចនៅទីក្រុងសេអ៊ូលកាលពីឆ្នាំមុន អាចនឹងកើតមានឡើងនៅតំបន់ស៊ីប៊ូយ៉ានេះ ក្នុងឱកាសពិធីបុណ្យហាឡូវីនខាងមុខ។ ដើម្បីទប់ស្កាត់បញ្ហានេះ អាជ្ញាធរជប៉ុនបានហាមឃាត់ការផឹកស្រានៅតាមដងផ្លូវនៅថ្ងៃបុណ្យហាឡូវីន និងកំពុងបង្ហោះវីដេអូនៅលើបណ្តាញសង្គមដោយសុំឱ្យមនុស្សនៅឆ្ងាយពីតំបន់ស៊ីប៊ូយ៉ានៅរាត្រីហាឡូវីន៕
ប្រែសម្រួល៖ ធា សុណា
ប្រភពព័ត៌មាន៖ Channel NewsAsia South Korea Halloween crush: Seoul tests crowd safety plan ahead of anniversary