ក្រសួងទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ បានប្តេជ្ញាចិត្តរួមគ្នាបង្កើនកិច្ចសហការ ដើម្បីជំរុញភាពប្រកួតប្រជែង និងផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន ក្រុមការងារផ្នែកទេសចរណ៍ និងឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍បានដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកទេសចរណ៍ (ក្រុម “ខ”) ដោយមានសមាសភាពចូលរួមជាសមាជិក សមាជិកា តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងផ្នែកឯកជន និងសមាគមឧស្សាហកម្មទេសចរណ៍សរុបប្រមាណ ២០០នាក់ ។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីកំណត់បញ្ហាប្រឈម និងលើកជាសំណូមពរ ក៏ដូចជាការដាក់ចេញនូវវិធានការមុតស្រួច និងជាក់ស្តែងក្នុងវិស័យទេសចរណ៍ ក្នុងគោលដៅប្រមូលនូវធាតុចូលទាំងនេះឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីគោរពរាយការណ៍ជូនរាជរដ្ឋាភិបាលសម្រាប់ការរៀបចំ “វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩” ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៣ ខែវិចិ្ឆកា ខាងមុខនេះ ។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និង វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការល្អនាពេលកន្លងមក ក្នុងការគាំទ្រនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ជាពិសេសបានចូលរួមអនុវត្ត និងគាំទ្រយ៉ាងសកម្មនូវរាល់សកម្មភាពនានារបស់ក្រសួងទេសចរណ៍ ដោយបានរួបរួមគ្នាបង្កើនភាពធន់ និងស្តារវិស័យទេសចរណ៍ពីឥទ្ធិពល នៃវិបត្តិជំងឺកូវីដ-១៩ ។

អង្គប្រជុំបានពិភាក្សាលើចំណុចចំនួន១៩ និងបានកំណត់នូវវិធានការឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលអាចដោះស្រាយបានក្នុងកម្រិតអន្តរស្ថាប័ន ហើយចំណុចសំណូមពរណាមួយដែលមិនអាចដោះស្រាយបាន អង្គប្រជុំសម្រេចពិនិត្យលទ្ធភាពលើកសំណូមពរទាំងនោះ ទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីផ្តល់លទ្ធភាពឱ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអាចធ្វើការបូកសរុប និងគោរពរាយការណ៍ជូនរាជរដ្ឋាភិបាលសម្រាប់ត្រៀមរៀបចំ “វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩”នេះ។

ឯកឧត្តមរដ្ឋមន្រ្តី ក្រសួង-ស្ថាប័នពាក់ព័ន្ធ ផ្នែកឯកជន សមាគមឧស្សាហកម្មទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍បានប្តេជ្ញាចិត្តរួមគ្នាបង្កើនកិច្ចសហការបន្ថែម ដើម្បីជំរុញភាពប្រកួតប្រជែង និរន្តរភាព និងបរិយាបន្ន នៃវិស័យទេសចរណ៍ ពិសេសចូលរួមផ្សព្វផ្សាយរួមគ្នាក្នុងនាមខ្មែរតែមួយ សម្រាប់វិស័យទេសចរណ៍កម្ពុជា៕

គួរបញ្ជាល់ថា កិច្ចប្រជុំក្រុមការងារផ្នែកទេសចរណ៍ (ក្រុម “ខ”)
ធ្វើកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ –ក្រោមអធិបតីភាព ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារផ្នែកទេសចរណ៍ និងឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍ និងមានសមាសភាពចូលរួមជាសមាជិក សមាជិកា តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងផ្នែកឯកជន និងសមាគមឧស្សាហកម្មទេសចរណ៍សរុបប្រមាណ ២០០ នាក់៕

ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner