កម្ពុជា-រុស្សី បង្ហាញការពេញចិត្តចំពោះចំណងមិត្តភាពប្រពៃណី និងឈរលើមូលដ្ឋានគោរពអធិបតេយ្យគ្នាទៅវិញទៅមក

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម អាណាតូលី បូរ៉ូវីក  ( Anatoly Borovik ) ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្សី កម្ពុជា-រុស្ស៊ី បានកត់សម្គាល់ដោយការពេញចិត្តយ៉ាងជ្រាលជ្រៅចំពោះចំណងមិត្តភាពជាប្រពៃណីរវាងទ្វេភាគី ដោយឈរលើមូលដ្ឋាននៃគោលការណ៍គោរពអធិបតេយ្យគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម ខណៈភាគីទាំងពីរនឹងរៀបចំកិច្ចប្រជុំរួមគ្នាស្ដីពី កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនៅដើមឆ្នាំ ២០២៤ ខាងមុខនេះ ។

 ។
នៅក្នុងជំនួបកាលពីថ្ងៃទី ២៥ ខែតុលា  ភាគីទាំងពីរ បានគូសបញ្ជាក់អំពីសារសំខាន់នៃការបន្តកិច្ចសហប្រតិបត្តិការក្នុងវិស័យ ដែលផ្ដល់នូវផលប្រយោជន៍ទៅវិញទៅមក ដែលរួមមានវិស័យពាណិជ្ជកម្ម ការវិនិយោគ វប្បធម៌ និងក្នុងចំណោមវិស័យជាច្រើនទៀត ។ ភាគីទាំងពីរ ក៏បានផ្លាស់ប្ដូរយោបល់គ្នាលើបញ្ហាសន្តិសុខក្នុងតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួមរបស់យើងទាំងអស់គ្នាផងដែរ។

ប្រភពក្រសួងការពារជាតិបានបញ្ជាក់ថា  ក្នុងឱកាសនោះដែរ ឯកឧត្តម អាណាតូលី បូរ៉ូវីក បានបញ្ជាក់ជាថ្មី ចំពោះការប្ដេជ្ញាចិត្តរបស់សហព័ន្ធរុស្ស៊ី ក្នុងការលើកកម្ពស់វិស័យអប់រំ នៅកម្ពុជាបន្ថែមទៀត។ លោកបន្ថែមថា៖«ក្នុងស្មារតីនេះ លោកបានជួបពិភាក្សាជាមួយ រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដោយភាគីយើងទាំងពីរ បានឯកភាពគ្នាថា និងរៀបចំកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី លើកទី១១ ស្ដីពីកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្រ្ត និងបច្ចេកទេស នៅដើមឆ្នាំ២០២៤ ខាងមុខនេះ»។
ជាការឆ្លើយ​តប លោក ទៀ សីហា បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាល  កងទ័ព និងប្រជាជនសហព័ន្ធរុស្ស៊ី ដែលរហូតមកតែងតែបានផ្ដល់ការគាំទ្រ ក្នុងការផ្ដល់ជំនួយទាំងផ្នែកស្មារតី សម្ភារដល់ប្រទេសកម្ពុជា  ពិសេសកងយោធពលខេមរភូមិន្ទឮលើការងារអភិវឌ្ឍធនធានមនុស្សក្នុងជួរកងទ័ពដល់កម្ពុជា ។
នាថ្ងៃដដែលនោះ ឯកឧត្តម ទៀ សីហា  ក៏បានទទួលជួបលោក វូ ហៃសាន (VU Hai San) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ដែលដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់កងទ័ពប្រជាជនវៀតណាម មកបំពេញដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជា ដើម្បីពង្រឹងពង្រីកទំនាក់ទំនងជាប្រពៃណី និងជាប្រវត្តិសាស្ត្ររវាងកងទ័ពប្រទេសទាំងពីរ។
ក្នុងដំណើរទស្សនកិច្ចនេះ ក៏ដើម្បីចូលរួមពិធីបើកពិពរ័ណ៍ផលិតផលការពារជាតិ មិត្តភាពកម្ពុជា-វៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥-២៩ ខែតុលា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ក្នុងរាជធានីភ្នំពេញ ។
លោក វូ ហៃសាន បានបញ្ជាក់ថា ៖« កន្លងមក ជុំវិញសកម្មភាព និងគោលដៅនៃកិច្ចសហប្រតិបត្តិការរួមគ្នា គឺដើម្បីជំរុញការលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើន រួមចំណែកក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសទាំងពីរ។ វៀតណាម នៅតែបន្តជួយឧបត្ថម្ភគាំទ្រ ដល់កងយោធពលខេមរភូមិន្ទលើគ្រប់ផ្នែកពិសេសការបណ្តុះបណ្តាលធនធានមនុស្សច្រើនថ្នាក់ ច្រើនជំនាញ ដើម្បីរួមចំណែកកសាងកងយោធពលខេមរភូមិន្ទឱ្យមានការរីកចម្រើនបន្ថែមទៀត»។

ជាការឆ្លើយតបឯកឧត្តម ទៀ សីហា បានបញ្ជាក់ជូនថា រដ្ឋាភិបាលអាណត្តិថ្មីនៅតែបន្តថែរក្សាចំណងសាមគ្គីភាព មិត្តភាពអមតៈ ដែលមានតាំងពីយូរមកហើយតាមរយៈថ្នាក់ដឹកនាំជំនាន់មុនឱ្យកាន់តែល្អថែមទៀត ដើម្បីធ្វើឱ្យសន្តិសុខ តាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរកម្ពុជា-វៀតណាម កាន់តែមានការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើនរុងរឿងដូចពេលបច្ចុប្បន្ន និងទៅអនាគត ៕

ដោយ៖ គឹម យុត្ថារ៉ូ

ads banner