ឥណ្ឌា ចេញសេចក្តីណែនាំដល់ឧស្សាហកម្មសំណង់ ក្រោយពេលគុណភាពខ្យល់ទីក្រុងកាន់តែអាក្រក់
ញូវដែលី៖ ទីក្រុងបុមបៃ រាជធានីនៃប្រទេសឥណ្ឌាបានចេញសេចក្តីណែនាំដល់ការដ្ឋានសំណង់ឱ្យប្រើប្រាស់របាំងការពារ និងហាមឃាត់ការដុតសំរាមនៅក្នុងទីធ្លាបើកចំហក្នុងគោលដៅ ធ្វើយ៉ាងណាកុំឱ្យគុណភាពខ្យល់ក្នុងទីក្រុងដ៏ធំមួយនេះកាន់តែអាក្រក់ឡើង។ នេះបើយោងតាមការជូនដំណឹងរបស់រដ្ឋាភិបាលឥណ្ឌាកាលពីថ្ងៃពុធទី ២៥ ខែតុលា ឆ្នាំ២០២៣។
ការសម្រេចចេញសេចក្តីប្រកាសនេះកើតឡើងពីរថ្ងៃ បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាវាស់វែងគុណភាពខ្យល់របស់ប្រទេសស្វីស IQAir បានវាយតម្លៃថាទីក្រុងបុមបៃមានសន្ទស្សន៍គុណភាពខ្យល់ (AQI) ១៦០ពិន្ទុ ដែលធ្វើឱ្យទីក្រុងមួយនេះក្លាយជាទីក្រុងដែលមានការបំពុលខ្យល់ខ្លាំងបំផុតទី២នៅក្នុងពិភពតាមពីក្រោយទីក្រុងប៉េកាំងរបស់ប្រទេសចិន។ ពិន្ទុចន្លោះពី ១៥១-២០០ ត្រូវបានគេចាត់ថ្នាក់ថា «មិនល្អ» ខណៈទីក្រុងដែលមានពិន្ទុក្រោម ១០០ គឺ «មានគុណភាពខ្យល់ល្អ»។
ក្នុងចំណោមគោលការណ៍ណែនាំដែលបានផ្សព្វផ្សាយដោយក្រុមហ៊ុន Brihanmumbai Municipal Corp (BMC) ការដ្ឋានសំណង់ទាំងអស់នៅក្នុងទីក្រុងត្រូវបានស្នើសុំឱ្យដំឡើងរនាំងនៅកន្លែងសាងសង់ដែលមានកំពស់រហូតដល់ ៣៥ ហ្វីត (១០.៦៧ ម៉ែត្រ) ដោយប្រើសំណប៉ាហាំង ឬបន្ទះដែក ហើយរុំព័ទ្ធប៉ារ៉ាតង់។
BMC ក៏បានឱ្យដឹងផងដែរថា ខ្លួននឹងតាមដានការបំពុលបរិយាកាសដែលបញ្ចេញពីរោងចក្រចម្រាញ់ រួមទាំងក្រុមហ៊ុនរដ្ឋដូចជាក្រុមហ៊ុន Bharat Petroleum Corp និង Hindustan Petroleum Corp ក៏ដូចជា ក្រុមហ៊ុនឯកជន Tata Power ដែលមានរោងចក្រនៅទីក្រុងបុមបៃ។
គួរជម្រាបថា ស្របពេលជាមួយគ្នានេះដែរ ទីក្រុងបុមបៃ និង New Delhi ក៏ជាទីក្រុងដែលកំពុងធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡា Cricket ពិភពលោកផងដែរ។ ហើយបើទោះបីជាការប្រកួតរហូតមកដល់ពេលនេះនៅមិនទាន់រងផលប៉ះពាល់ពីការបំពុលយ៉ាងណាក្តីតែក៏មានកីឡាករគ្រីឃីតរបស់ប្រទេសមួយចំនួនបង្ហាញពីផលវិបាកដែលបង្កមកពីបញ្ហានេះ។
គួរបញ្ជាក់ថា ការបំពុលគឺជាបញ្ហាដែលប្រទេសឥណ្ឌាប្រឈមមុខខ្លាំងបំផុតនាប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈរដ្ឋធានីនៃប្រទេសត្រូវបានគ្របដណ្ដប់ដោយស្រទាប់ក្រាស់នៃផ្សែងអ័ព្ទជារៀងរាល់រដូវរងា ខ្យល់ ខ្លាំង ផ្សែងអាប់អួរ និងធូលី ដែលជារឿយៗបណ្តាលឱ្យប្រជាជនមួយចំនួនធំពិបាកដកដង្ហើម៕ ប្រែសម្រួល៖ ស្រ៊ុន សិរីវឌ្ឍនៈ