ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ៖ សង្រ្គាមអ៊ីស្រាអែលនិងហាម៉ាស់ នឹងបន្ថែមបន្ទុកសេដ្ឋកិច្ចពិភពលោក
អន្តរជាតិ៖ ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃពុធ បានលើកឡើងថា ជម្លោះរវាងប្រទេសអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់ដែលកំពុងវិវត្តកាន់តែអាក្រក់ទៅៗ គឺកំពុងបន្ថែមបន្ទុកទៅលើសេដ្ឋកិច្ចពិភពលោកដែលកំពុងមានវិបត្តិរួចស្រាប់ទៅហើយនោះ។
អ្នកស្រី គ្រីស្ថាលីណា ចចជីវ៉ា (Kristalina Georgieva) នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ បានលើកឡើងនៅក្នុងសន្និសីទមួយនៅវិទ្យាស្ថានគំនិតផ្តួចផ្តើមការវិនិយោគនាពេលអនាគត ក្នុងទីក្រុងរីយ៉ាដ (Riyadh) ប្រទេសអារ៉ាប៊ីសាអូឌីត ថា «យើងមានការព្រួយបារម្ភកាន់តែខ្លាំងឡើងនៅក្នុងបរិយាកាសពិភពលោកដែលកំពុងមានភាពតានតឹងរួចស្រាប់ទៅហើយនោះ»។
អ្នកស្រី ចចជីវ៉ា បានសង្កត់ម្ដងហើយម្ដងទៀតថា កាលណាបើសង្រ្គាមនៅតែបន្ត ផលប៉ះពាល់សេដ្ឋកិច្ចនឹងកាន់តែអាក្រក់ខ្លាំងទៅៗទៅលើភាគីទាំងអស់ដែលពាក់ព័ន្ធ ហើយវាក៏នឹងជះឥទ្ធិពលអវិជ្ជមានដល់ពាណិជ្ជកម្ម និងទេសចរណ៍នៅក្នុងតំបន់ទាំងមូលផងដែរ។
លោកស្រីបានបន្តថា «វាគឺជារឿងដ៏គួរឱ្យភ័យខ្លាចបំផុតចំពោះទស្សនវិស័យសេដ្ឋកិច្ចដែលជាផ្ទាំងស៊ីបនៃសង្គ្រាម។ ដូច្នេះវានឹងមានផលប៉ះពាល់ជាអវិជ្ជមានទៅលើប្រទេសជិតខាង ដូចជាបណ្តាញពាណិជ្ជកម្ម បណ្តាញទេសចរណ៍ និងថ្លៃធានារ៉ាប់រងជាដើម»។
អ្នកស្រីក៏បានចង្អុលបង្ហាញថា ប្រទេសដូចជា អេហ្ស៊ីប លីបង់ និងហ្ស៊កដានី កំពុងជួបប្រទះផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរ ដោយសារតែភាពមិនប្រាកដប្រជាបានធ្វើឱ្យអ្នកទេសចរណ៍ខ្លាចរអា និងធ្វើឱ្យអ្នកវិនិយោគស្ទាក់ស្ទើរក្នុងការដាក់ទុនរកស៊ីនៅក្នុងប្រទេសទាំងអស់នោះ។
អ្នកស្រីមិនបាននិយាយអំពីរបៀបដែលសង្គ្រាមទាំងអស់នោះ ប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកទាំងមូលនោះទេ ប៉ុន្តែបានរំលេចអំពីទស្សនៈវិស័យសេដ្ឋកិច្ចជារួមថា ទំនងជានឹងមិនអាចទទួលបានជោគជ័យនោះទេ។ ឥស្សរជនសំខាន់ៗផ្សេងទៀតនៅក្នុងសន្និសីទនោះក៏បានយល់ស្របជាមួយនឹងទស្សនៈរបស់លោកស្រី ដែលថាសង្រ្គាមកំពុងរួមចំណែកដល់បរិយាកាសសេដ្ឋកិច្ចដ៏អាប់អួនៅជុំវិញពិភពលោក និងជារឿងដែលគួរព្រួយបារម្ភខ្លាំង។
សន្និសីទនេះត្រូវបានគេហៅថា “Davos in the desert” ដែលអាចប្រែថា សន្នីសីទទីក្រុងដាវ៉ូសនៅវាលខ្សាច់ ដែលជាធម្មតាផ្តោតលើសេដ្ឋកិច្ច និងការវិនិយោគនៅមជ្ឈិមបូព៌ា។ យ៉ាងណាក៏ដោយ ប្រធានបទសំខាន់សម្រាប់សន្និសីទនៅឆ្នាំនេះ គឺការវាយលុកជាបន្តបន្ទាប់របស់អ៊ីស្រាអែលប្រឆាំងនឹងតំបន់ហ្កាហ្សា បន្ទាប់ពីការប្រហារកាលពីថ្ងៃទី៧ ខែតុលា ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់ទៅលើប្រទេសអ៊ីស្រាអែល។
ខណៈដែលអ៊ីស្រាអែលកំពុងធ្វើការលើការកែលម្អទំនាក់ទំនងការទូតជាមួយប្រទេសជិតខាងដូចជា អារ៉ាប៊ីសាអូឌីតជាដើម បែរជាជម្លោះបានផ្ទុះឡើងទៅវិញ។ អ្នកស្រី ចចជីវ៉ា បានសង្កត់ធ្ងន់ថា កង្វល់ដ៏សំខាន់បំផុតសម្រាប់មូលនិធិរូបិយវត្ថុអន្តរជាតិគឺការបាត់បង់ជីវិតរបស់ជនស៊ីវិល ។ដូច្នេះយើងបានអំពាវនាវឱ្យមានដំណោះស្រាយដោយសន្តិវិធីឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»៕ ប្រែសម្រួល៖ ធា សុណា