រដ្ឋាភិបាលកម្ពុជា បន្តផ្តល់ប្រាក់ឧបត្ថម្ភដល់និយោជិតក្នុងវិស័យកាត់ដេរដែលព្យួរការងារចន្លោះពី ២០ទៅ ៤០ដុល្លារ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបន្តផ្តល់ប្រាក់ឧបត្ថម្ភ(លើកទី ៩)ជូនបងប្អូនកម្មករនិយោជិតនៅក្នុងវិស័យកាត់ដេរ ដែលបម្រើការងារនៅរោងចក្រទាំង៣៩ នៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៣ ។

នៅក្នុងសេចក្តីជូនដំណឹង បានបញ្ជាក់ថា ប្រាក់ឧបត្ថម្ភនឹងផ្តល់ជូនកម្មករនិយោជិតចំនួន ៣៩រោងចក្រនៅរាជធានីភ្នំពេញ ១៦ រោងចក្រ ខេត្តកណ្តាល ៥ កំពង់ចាម ១ កំពង់ស្ពឺ ៧ តាកែវ ៦ កំពង់ឆ្នាំង ២ ស្វាយរៀង១ និងខេត្តព្រះសីហនុ ១រោងចក្រ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ក្នុងខែ កក្កដា សីហា និងខែកញ្ញា ឆ្នាំ ២០២៣»។

ក្នុងនោះចំនួន ថវិកាចំនួន ៨១ ០០០ រៀល (២០ ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ៧ ថ្ងៃ ដល់ ១៤ ថ្ងៃ និងថវិកាចំនួន ១៦២ ០០០ រៀល (៤០ ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ១៥ ថ្ងៃ ដល់ ១ ខែ។

ក្រសួងក៏បានរំឭកដែរថា ធនាគារវីង នឹងបង្វិលប្រាក់ឧបត្ថម្ភនេះជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាបងប្អូនខកខាន មិនបានទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល ២១ ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរស័ព្ទពីធនាគារ។ ហេតុនេះ ដើម្បីបើកប្រាក់ឧបត្ថម្ភនេះ បងប្អូនត្រូវយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងទូរស័ព្ទដែលទទួលបានសារនោះ ទៅកាន់ភ្នាក់ងារវីងដែលនៅជិតបំផុត។

ក្នុងករណីបងប្អូនកម្មករ-និយោជិត ដែលបម្រើការងារនៅរោងចក្រទាំង៣៩ នេះ មិនបានទទួលសារទូរស័ព្ទពីធនាគារវីង នោះទេ ក្រសួងសូមស្នើឱ្យបងប្អូនទំនាក់ទំនងសួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរស័ព្ទរបស់ខ្លួនទៅរដ្ឋបាល រោងចក្ររបស់ខ្លួន ខណៈក្រសួងនឹងបន្តជូនដំណឹងដល់បងប្អូនកម្មករនិយោជិតរោងចក្រដទៃផ្សេងទៀត ដែលទទួលបានការអនុញ្ញាត ព្យួរកិច្ចសន្យាការងារអំពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភនេះ៕ ដោយ៖ សុខ រក្សា

ads banner