ខេត្តប៉ៃលិនដាក់ផែនការពង្រីកបណ្តាញទឹកស្អាត និងពង្រឹងអនាម័យឱ្យបានគ្រប់ជ្រុងជ្រោយ
ប៉ៃលិន៖ រដ្ឋបាលខេត្តប៉ៃលិន បានដាក់ចេញនូវផែនការធ្វើយ៉ាងណាឈានទៅពង្រីកបណ្តាញទឹកស្អាត និងពង្រឹងអនាម័យទូទាំងខេត្តឱ្យបានគ្រប់ជ្រុងជ្រោយ ។បច្ចុប្បន្នខេត្តនេះមានទឹកស្អាតសម្រាប់ប្រើប្រាស់ជាង ៧៣ ភាគរយ និងការងារអនាម័យសម្រេចបានជាង៨៨ភាគរយ។
ការដាក់ចេញនូវផែនការនេះត្រូវបានលើកឡើងក្នុងកិច្ចប្រជុំស្ដីពី ការត្រួតពិនិត្យវឌ្ឍនភាពការងារផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ(PWG-RWSSH) ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៣ និងទិសដៅការងារបន្ត កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលខេត្ត តំណាងមន្ទីរពាក់ព័ន្ធ អង្គការដៃគូ និងតំណាងឃុំ/សង្កាត់ចំនួន ៨ឃុំ/សង្កាត់ ក្រុមការងារផ្សេងៗ សរុបចំនួន ៣៨នាក់។ នេះបើយោងតាមហ្វេសប៊ុករបស់ក្រសួងអភិវឌ្ឍន៍ជនបទ ។
លោក រស់ នឿន អភិបាលរងខេត្តប៉ៃលិន និងជាប្រធាន PWG-RWSSH បានឱ្យដឹងថា កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបូកសរុប និងផ្ទៀងផ្ទាត់លទ្ធផលការងារដែលសម្រេចបានសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៣ លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឱ្យកាន់តែប្រសើរ ។តាមរយៈកិច្ចប្រជុំនេះភាគីពាកព័ន្ធ ក៏បានធ្វើផែនការសាងសង់បង្គន់អនាម័យនៅក្រុងប៉ៃលិនដែលមានបួនសង្កាត់ ប្រជាពលរដ្ឋរស់នៅ ៨ ៨២២ គ្រួសារ ស្មើ ៨ ៣៧៨ ខ្នងផ្ទះ ។ក្នុងនោះប្រជាពលរដ្ឋមានចំនួន ៩៤៦ខ្នងផ្ទះ នៅពុំទាន់មានបង្គន់អនាម័យប្រើប្រាស់។

បន្ថែមពីនេះលោកក៏បានជំរុញឱ្យរដ្ឋបាលស្រុក និងតំណាងមេឃុំ សង្កាត់ទាំង៤ខាងលើ ឱ្យធ្វើផែនការ និងការចុះជំរុញក្នុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៣ ឱ្យបានចំនួន ២៦០បង្គន់ ដែលបច្ចុប្បន្នអត្រាគ្របដណ្តប់អនាម័យក្នុងស្រុកសាលាក្រៅសម្រេចបាន ៨៩,២% ផងដែរ។
អភិបាលរងខេត្តប៉ៃលិនខាងលើបញ្ជាក់ថា ដើម្បីសម្រេចការងារទឹកស្អាត និងអនាម័យ រដ្ឋបាលខេត្ត នឹងខំពង្រីកបណ្តាញអគ្គិសនី បណ្តាញទឹកស្អាតឱ្យមានលក្ខណៈគ្របដណ្ដប់ តាមរយៈផ្សព្វផ្សាយគោលការណ៍ណែនាំស្តីពី ការវាយតម្លៃផ្ទៀងផ្ទាត់ស្ថានភាព បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ដល់ឃុំ/សង្កាត់ ក្រុង/ស្រុក។ជាមួយគ្នានេះ លោកក៏បានស្នើឱ្យរដ្ឋបាលក្រុង និងរដ្ឋបាលស្រុក និងឃុំសង្កាត់ ត្រូវវិភាជន៍ថវិកាសម្រាប់បម្រើការងារផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទនៅតាមមូលដ្ឋានរបស់ខ្លួនថែម។
ជុំវិញរឿងនេះដែរ លោក ផុន សុគន្ធ ប្រតិបត្តិករទឹកស្អាត និងជាសមាជិកសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា បានបង្ហាញការគាំទ្រចំពោះការដាក់ចេញផែនការនានា ដើម្បីឈានទៅពង្រីកបណ្តាញទឹកស្អាត និងពង្រឹងអនាម័យ របស់រដ្ឋបាលខេត្តនានា។ លោកបន្តថា៖« ដើម្បីសម្រេចបានលើកិច្ចការងារនេះ សូមជំរុញឱ្យក្រសួង ឬមន្ទីអភិវឌ្ឍន៍ជនបទ ខិតខំផ្តល់យោបល់ និងកំណត់ទិសដៅខេត្ត ដើម្បីឈានទៅពង្រីកបណ្តាញទឹកស្អាត និងអនាម័យនៅទូទាំងខេត្តឱ្យបានគ្រប់ជ្រុងជ្រោយ។ពិសេសក្រសួងក៏ត្រូវខំទាក់ទាញវិនិយោគឱ្យមកកសាងស្តារប្រព័ន្ធធារាសាស្ត្រសំដៅធានាដល់ការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាថែមទៀត»។
របាយការណ៍របស់រដ្ឋបាលខេត្តប៉ៃលិន បានឱ្យដឹងថា គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៣ អត្រាគ្របដណ្តប់ការប្រតិបត្តិអនាម័យទូទាំងខេត្តសម្រេចបាន ៨៨.៩% និងអត្រាគ្របដណ្តប់ការផ្គត់ផ្គង់ទឹកស្អាតស្រេចបាន ៧៣.៧%៕ ដោយ៖ បូរ ពេជ្រហ្សាលីន