ក្រសួងបរិស្ថាន ផ្តល់ការគាំទ្រការអនុវត្តមុខងាររដ្ឋបាលថ្នាក់ក្រោមជាតិ លើការងារ គ្រប់គ្រងសំរាម សំណល់រឹងតាមទីប្រជុំជន

អត្ថបទដោយ៖
Kien Sereyvuth

នៅក្នុងកិច្ចប្រជុំស្តីពីការអនុវត្តមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ លើការគ្រប់គ្រងសំរាម សំណល់រឹងតាមទីប្រជុំជន នាទីស្តីការក្រសួងបរិស្ថាន នៅថ្ងៃអង្គារ៍ ៧រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រកាសពិនិត្យលើលទ្ធភាពផ្តល់ការគាំទ្រដល់មុខងារគ្រប់គ្រងសំរាមរបស់រដ្ឋបាលក្រុង ស្រុកទូទាំងប្រទេស ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន។

ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍ថា ការរៀបចំប្រតិភូកម្មការគ្រប់គ្រងសំរាម សំណល់ទីប្រជុំជនទៅរដ្ឋបាលក្រុង ស្រុកទាំងអស់នៅក្នុងប្រទេស នឹងអាចដោះស្រាយបាននូវបញ្ហាប្រឈម ដោយជោគជ័យជាបន្ដបន្ទាប់ តាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល តាមស្មារតីអនុក្រឹត្យលេខ១១៣ របស់រាជរដ្ឋាភិបាល។ ការពិនិត្យលទ្ធភាពផ្តល់ការគាំទ្រដល់ការងារគ្រប់គ្រងសំរាម នៅថ្នាក់ក្រោមជាតិ នឹចូលរួមចំណែកបង្ហាញថា”កម្ពុជាស្អាត “នៅក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២២ និងការប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជានាឆ្នាំ២០២៣ខាងមុខ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា បន្ទាប់ពីប្រទេសទទួលបានសុខសន្តិភាព រយៈពេលជាង២០ឆ្នាំកន្លងមក ហើយកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចជាង៧% ជាប់គ្នាជារៀងរាល់ឆ្នាំ ពីមួយឆ្នាំទៅមួយឆ្នាំ ជំរុញឱ្យមានកំណើនប្រជាជន ការអភិវឌ្ឍ ការផ្លាស់ប្តូររបៀបនៃការរស់នៅ និងជីវភាពរបស់ប្រជាពលរដ្ឋ រួមទាំងការវេចខ្ចប់ទំនិញប្រើប្រាស់ប្រចាំថ្ងៃ ដែលនាំឱ្យកើតមានសំរាមនៅក្នុងប្រទេសកម្ពុជាកើនឡើង។ ជាមួយគ្នានេះ ប្រជាជនកម្ពុជាមានការគ្រប់គ្រង និងការយល់ដឹងពីការញែកសំរាម តាមប្រភេទសំរាមស្របតាមគោលការណ៍បច្ចេកទេស នៅមានកម្រិតនៅឡើយ។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍ថា ក្រសួងបរិស្ថាននឹងពិនិត្យលទ្ធភាពអនុម័តកញ្ចប់ថវិកាសេវាអនាម័យបរិស្ថានផ្តល់ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានរដ្ឋបាលក្រុង-ស្រុកទាំងអស់ ដើម្បីបង្កើនភាពងាយស្រួលអនុវត្តការងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនឲ្យមានប្រសិទ្ធិភាពខ្ពស់ជាងមុន។ ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ដែរថា ក្រសួងបរិស្ថាន ត្រៀមលក្ខណៈបច្ចេកទេស និងមូលនិធិដើម្បីគាំទ្រដល់ផែនការសកម្មភាពរបស់រដ្ឋបាលក្រុង ស្រុកទាំងអស់ ដែលចូលរួមរៀបចំហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងសំណល់រឹង សំរាមនៅតាមមូលដ្ឋានរៀងៗខ្លួន ដោយផ្ទាល់ និងមានការសហការជាមួយដៃគូអាជីវកម្ម និងបច្ចេកវិទ្យា សមស្រប ឬរៀបចំគ្រប់គ្រង សំណល់រឹង-រាវ ឱ្យបានល្អ។

សូមបញ្ជាក់ថា ក្រសួងបរិស្ថានរៀបចំកិច្ចពិភាក្សានៅថ្ងៃនេះ ដោយមានការអញ្ជើញចូលរួមពីអ្នកពាក់ពាក់ព័ន្ធ ជាពិសេស មានវត្តមានឯកឧត្តម លោកជំទាវ ជាតំណាងរាស្រ្ត ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធររាជធានី ខេត្ត និងរដ្ឋបាលក្រុង ស្រុក ដើម្បីពង្រឹងការអនុវត្តការងារគ្រប់គ្រង លើបញ្ហាសំណល់ សំរាម ឱ្យមានប្រសិទ្ធភាពខ្ពស់។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅ ដោយមាន បទបង្ហាញលើគោលការណ៍ណែនាំស្តីពីការធ្វើឱ្យប្រសើរឡើងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន  និងកិច្ចពិភាក្សាលើការធ្វើឱ្យប្រសើរឡើងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជមជន និងវិធានការ និងដំណោះស្រាយបញ្ហាប្រឈមលើការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ផងដែរ។

រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ១១៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ សំដៅធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយភាព សំដៅធានាបាននូវសោភ័ណភាព កិច្ចគាំពារសុខភាពសាធារណៈ និងបរិស្ថាននៅតាមទីប្រជុំជន។ កន្លងមកក្រសួងបរិស្ថាន បានលើកទឹកចិត្តផ្តល់ថវិកាគាំទ្រ បន្ទាប់ពីការធ្វើប្រតិភូកម្មសេវាអនាម័យបរិស្ថាននៅតាមក្រុង ចំនួន២៦ រួចមកហើយ ដើម្បីអនុវត្តន៍ផែនការរបស់ខ្លួនគ្រប់គ្រងសំណល់រឹង-រាវ ឲ្យបានស្អាតនៅតាមមូលដ្ឋាន៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner