ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង ជំរុញឱ្យបង្កើនការអភិវឌ្ឍកងកម្លាំងជើងទឹកបន្ថែមទៀត
កូរ៉េខាងត្បូង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអង្គារ៍នេះ បានរាយការណ៍ថា លោក គីម ជុងអ៊ុន បានចុះធ្វើអធិការកិច្ច និងត្រួតពិនិត្យនាវាមុជទឹកដ៏ថ្មីសន្លាងមួយគ្រឿង ហើយថែមទាំងជំរុញឱ្យបង្កើនការអភិវឌ្ឍកងកម្លំាងជើងទឹកបន្ថែមទៀត ស្ថិតក្នុងគោលបំណងលើកកម្ពស់សមត្ថភាពយោធាការពារជាតិ។
ការធ្វើអធិការកិច្ចរបស់ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងរូបនេះ បានកើតមានឡើង បន្ទាប់ពីទីក្រុងព្យុងយ៉ាង អះអាងថា សមយុទ្ធយោធារវាងសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង នៅខែសីហាខាងមុខនេះ អាចនឹងធ្វើឱ្យប៉ះពាល់ដល់កិច្ចការងារស្វែងរកកិច្ចចរចានុយក្លេអ៊ែរជាថ្មី ដែលលោក ត្រាំ និងលោក គីម បានព្រមព្រៀងគ្នាកាលពីថ្ងៃ៣០ ខែមិថុនាកន្លងទៅ នៅឯតំបន់ព្រំដែនគ្មានយោធារវាងកូរ៉េទាំងពីរ ។
ដោយឡែក បើតាមមន្រ្តីជាន់ខ្ពស់របស់គណបក្សពលករកូរ៉េ និងផ្នែកវិទ្យាសាស្រ្តការពារជាតិ ក្នុងលក្ខខណ្ឌមិនបញ្ជាក់អត្តសញ្ញាណបាននិយាយថា លោក គីម ជុងអ៊ុន បាននឹងកំពុងជំរុញបង្កើនសមត្ថភាពកងទ័ពជើងទឹកថ្មីរបស់កូរ៉េខាងជើង និងបានសម្តែងការពេញចិត្តជាខ្លាំងចំពោះផែនការនេះ ។ យ៉ាងណាមិញ បើតាមសារព័ត៌មាន KCNA នាវាមុជទឹកខាងលើ នឹងត្រូវដាក់ពង្រាយទៅកាន់តំបន់សមុទ្រខាងកើត ឬសមុទ្រជប៉ុន ប៉ុន្តែមិនបានបញ្ជាក់លម្អិតពីសមត្ថភាពរបស់នាវាមុជទឹកថ្មីនេះ ឬក៏តាំងដែលលោក គីម ចុះធ្វើអធិការកិច្ចនោះទេ៕ធ.ដ



