បាតុកម្មប្រឆាំងរដ្ឋាភិបាលនៅបង់ក្លាដែសប្រែជាហិង្សា ដោយសម្លាប់ប៉ូលិសម្នាក់
ដាក្កា៖ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍ថា មន្ត្រីប៉ូលិសម្នាក់ត្រូវបានសម្លាប់ ហើយមនុស្សជាង ១០០ នាក់ទៀតបានរងរបួសក្នុងប្រទេសបង់ក្លាដែសកាលពីថ្ងៃសៅរ៍ អំឡុងបាតុកម្មប្រឆាំងរដ្ឋាភិបាលរបស់គណបក្សប្រឆាំង ដែលទាមទារឱ្យលោកស្រីនាយករដ្ឋមន្ត្រី សេក ហាស៊ីណា(Sheikh Hasina) ចុះចេញពីតំណែង និងអំពាវនាវឱ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ក្រោមការរៀបចំដោយរដ្ឋាភិបាលបណ្ដោះអាសន្ន។
បាតុកម្មបានប្រែជាហិង្សាកាលពីថ្ងៃសៅរ៍ ដោយប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រ ខណៈការប៉ះទង្គិចគ្នាបានកើតឡើងពេលអ្នកគាំទ្រគណបក្សជាតិនិយមបង់ក្លាដែស (BNP) រាប់ម៉ឺននាក់ បានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានីដាក្កាដោយស្រែកពាក្យស្លោកប្រឆាំងនឹងរដ្ឋាភិបាលផ្សេងៗ។
ប៉ូលិស និងប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍ថា រថយន្តរាប់សិបគ្រឿង រួមទាំងរថយន្តប៉ូលិស និងរថយន្តសង្គ្រោះ ត្រូវបានដុតបំផ្លាញ។ អ្នកនាំពាក្យប៉ូលិសក្រុងដាកា លោក Faruq Hossain បានប្រាប់អ្នកយកព័ត៌មានថា មន្ត្រីប៉ូលិសម្នាក់ត្រូវបានសម្លាប់ និង ៤១ នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការប៉ះទង្គិចជាមួយក្រុមបាតុករ។
មានប្រព័ន្ធផ្សាយផ្សាយផ្សេងៗទៀតបានរាយការណ៍ថា អ្នកកាសែតជាច្រើនអ្នកបានរងការវាយប្រហារ ក៏ដូចជារងរបួស នៅពេលចុះទៅយកព័ត៌មាន។
គួរបញ្ជាក់ថា សន្តិសុខក្រុងដាកាត្រូវបានរឹតបន្តឹងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈដែលមនុស្សរាប់ពាន់នាក់បានចូលរួមការប្រមូលផ្តុំគ្នាក្នុងទីក្រុងនេះ។
មេដឹកនាំគណបក្ស BNP បាននិយាយថា សកម្មជនគណបក្សប្រឆាំងរាប់រយនាក់ ត្រូវបានប៉ូលិសចាប់ខ្លួន។ ចំណែកឯអ្នកនាំពាក្យរបស់បក្សដដែលនិយាយថា បាតុកម្មកាលពីថ្ងៃសៅរ៍ប្រព្រឹត្តទៅដោយអហិង្សា និងស្ងប់ស្ងាត់ មុនពេលប៉ូលិសធ្វើការបង្រ្កាបដោយការបាញ់ទឹកភ្នែកបង្ហូរទឹកភ្នែក និងការវាយប្រហារដោយហិង្សាជាមួយនឹងសម្លេងផ្ទុះ និងស្នូរកាំភ្លើង។
គណបក្ស BNP បានអំពាវនាវឱ្យលោកស្រី Hasina លាលែងពីតំណែង ដើម្បីអនុញ្ញាតឱ្យការបោះឆ្នោតដែលគ្រោងនឹងធ្វើឡើងនាខែមករា ក្រោមការរៀបចំដោយរដ្ឋាភិបាលបណ្ដោះអាសន្នប្រកាន់ការអព្យាក្រឹត។ ការទាមទារនេះ ត្រូវបានរដ្ឋាភិបាលរបស់លោកស្រីបដិសេធរហូតមកដល់ពេលនេះ។
លោកស្រី Hasina ដែលរក្សាអំណាចចាប់តាំងពីឡើងកាន់អំណាចក្នុងឆ្នាំ ២០០៩ រងការចោទប្រកាន់ពីបទផ្តាច់ការ រំលោភសិទ្ធិមនុស្ស បង្រ្កាបលើសិទ្ធិបញ្ចេញមតិដោយសេរី និងគាបសង្កត់សម្លេងប្រឆាំង ហើយចាប់អ្នករិះគន់ដាក់គុកជាដើម។
រដ្ឋាភិបាលរបស់លោកស្រី ស្ថិតក្រោមសម្ពាធពីប្រទេសលោកខាងលិចឱ្យរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌។
កាលពីខែឧសភា សហរដ្ឋអាមេរិកបាននិយាយថា ខ្លួននឹងដាក់ទណ្ឌកម្មទិដ្ឋាការលើជនជាតិបង់ក្លាដែស ដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យក្នុងស្រុក បន្ទាប់ពីមានការចោទប្រកាន់ពីការលួចបន្លំសន្លឹកឆ្នោត និងការគាបសង្កត់គណបក្សប្រឆាំង ក្នុងការបោះឆ្នោតដែលពោពេញដោយភាពមិនប្រក្រតីក្នុងឆ្នាំ២០១៤ និងឆ្នាំ២០១៨។ ការចោទប្រកាន់ទាំងអស់នេះ ត្រូវបានរដ្ឋាភិបាលរបស់លោកស្រី Hasina ច្រានចោល៕
ប្រែសម្រួល៖ហួន ឌីណា
ប្រភព៖ Bangladesh opposition protest turns violent amid calls for PM to resign