ហ្វីលីពីន ឃុំខ្លួនមនុស្សជិត ៦០០នាក់ ក្នុងប្រតិបត្តិការបង្រ្កាបការជួញដូរមនុស្ស
ម៉ានីល៖អាជ្ញាធរហ្វីលីពីនបាននិយាយកាលពីថ្ងៃសៅរ៍ ទី២៨ ខែតុលា ថា ប៉ូលិសហ្វីលីពីនបានឃុំខ្លួនមនុស្សជិត ៦០០ នាក់ ក្នុងប្រតិបត្តិការវាយឆ្មក់លើប្រតិបត្តិការជួញដូរមនុស្ស និងឆបោកតាមអ៊ិនធឺណិតនៅទីក្រុងម៉ានីល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP។
គណៈកម្មាធិការប្រឆាំងឧក្រិដ្ឋកម្ម PAOCC របស់ហ្វីលីពីន បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ជនជាតិចិន កូរ៉េ វៀតណាម និងហ្វីលីពីន ស្ថិតក្នុងចំណោមមនុស្ស ដែលក្រុមប៉ូលិសរកឃើញនៅខាងក្នុងបរិវេណអំឡុងពេលប្រតិបត្តិការវាយឆ្មក់កាលពីយប់ថ្ងៃសុក្រ។
លេខាធិការក្រសួងយុត្តិធម៌ លោក Crispin Remulla បានប្រាប់អ្នកយកព័ត៌មានថា អាជ្ញាធរកំពុងសម្ភាសអ្នកជាប់ឃុំចំនួន ៥៩៨ នាក់ ដើម្បីកំណត់ថា អ្នកណាជាជនរងគ្រោះ ឬអ្នកណាជាជនសង្ស័យ។
បើតាមការចុះផ្សាយរបស់ AFP ស្ថានទូតចិនទទួលបានការស្នើសុំឱ្យជួយកំណត់អត្តសញ្ញាណមនុស្ស ៩ នាក់ ដែលសង្ស័យថា បានដំណើរការអាជីវកម្មពាក់ព័ន្ធ ដែលទទួលបានអាជ្ញាបណ្ណថាជាក្រុមហ៊ុនហ្គេមអ៊ីនធឺណិត។
គួរបញ្ជាក់ថា ការបង្រ្កាបរបស់ប៉ូលិសហ្វីលីពីននានេះ ធ្វើឡើងចំពេលមានកំណើននៃការព្រួយបារម្ភជាអន្តរជាតិជុំវិញការបោកប្រាស់តាមអ៊ិនធឺណិតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលជារឿយៗប្រើជនរងគ្រោះនៃការជួញដូរមនុស្សដោយបង្ខំឱ្យធ្វើការបោកបញ្ឆោត ឬផ្សព្វផ្សាយការវិនិយោគគ្រីបតូក្លែងក្លាយ។
លោក Remulla បាននិយាយថា អាជ្ញាធរហ្វីលីពីន កំពុងដាក់ពាក្យសុំដីកា ដើម្បីចូលឆែកកុំព្យូទ័រដែលបានរកឃើញនៅខាងក្នុងបរិវេណបង្រ្កាប។
ចំណែកឯ PAOCC វិញ បាននិយាយថា ក្នុងអំឡុងនៃការវាយឆ្មក់នោះ ជនជាតិចិន២នាក់បាននិយាយថា ពួកគេត្រូវបានគេឃុំខ្លួន ហើយមានស្នាមគេធ្វើទារុណកម្មលើដងខ្លួនរបស់ពួកគេ។ បុរសម្នាក់ក្នុងចំណោមនោះ អះអាងថា គេចាប់ជំរិត ហើយលក់លោកក្នុងតម្លៃ ៨ ៨០០ ដុល្លារអាមេរិក ខណៈម្នាក់ទៀតបាននិយាយថា លោកជាប់ឃុំអស់រយៈពេល១ឆ្នាំ ហើយបង្ខំឱ្យធ្វើការរហូតដល់ ១៥ ម៉ោងក្នុងមួយថ្ងៃ។
គួររំឭកថា កាលពីខែមិថុនាកន្លងទៅ មនុស្សជាង ២ ៧០០ នាក់ ត្រូវបានប៉ូលិសចាប់ឃុំខ្លួនអំឡុងពេលវាយឆ្មក់លើអគារជាច្រើនកន្លែងក្នុងទីក្រុងម៉ានីល ជាកន្លែងដែលជនរងគ្រោះនៃការជួញដូរមនុស្ស ត្រូវបានគេបង្ខំធ្វើការរកលុយ ដោយស្វែងរកអ្នកលេងហ្គេមតាមអ៊ិនធឺណិត៕
ប្រែសម្រួល៖ហួន ឌីណា ប្រភព៖ Philippines detains nearly 600 in anti-trafficking raid