ប្រធានសហព័ន្ធកីឡាប៉េតង់ពិភពលោក បានមកដល់កម្ពុជា ដើម្បីពិនិត្យការរៀបចំធ្វើ ជាម្ចាស់ការប្រកួតជើងឯកយុវជន

អត្ថបទដោយ៖
Kien Sereyvuth

លោក Claude Azema ប្រធានសហព័ន្ធកីឡាប៉េតង់ពិភពលោក បានមកដល់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ដោយមានការស្វាគមន៍ពីឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម អ៊ុក សិទ្ធជាតិ អគ្គនាយក អគ្គនាយកដ្ឋានកីឡា និងមន្រ្តីសហព័ន្ធកីឡាប៉េតង់ និងប៊ូលកម្ពុជា ដើម្បីពិនិត្យការរៀបចំធ្វើជាម្ចាស់ការប្រកួតជើងឯកយុវជន ពិភពលោក នាពេលខាងមុខនេះ។

ក្នុងឱកាសទទួលស្វាគមន៍លោក Claude Azema នោះ ឯកឧត្តម ប៊ូ ជុំសេរី បានសម្តែងក្តីសប្បាយរីករាយ ចំពោះវត្តមានរបស់ប្រធានសហព័ន្ធកីឡាប៉េតង់ពិភពលោក ដែលតែងតែជួយជ្រោមជ្រែង ដល់កម្ពុជា ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០១៩ ពីព្រោះការធ្វើជាម្ចាស់ផ្ទះនាពេលនេះ ជាការលើកមុខលើកមាត់របស់កម្ពុជា លើឆាកអន្តរជាតិ ដែលសហព័ន្ធអន្តរជាតិផ្តល់សិទ្ធិជូនកម្ពុជា ក្នុងការរៀបចំការប្រកួតកម្រិតពិភពលោក ជាលើកដំបូងបែបនេះ។ ឯកឧត្តមបានចាត់ទុកថា នេះគឺជាភារកិច្ចដ៏ធំធេង ដែលគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ រួមទាំងសហព័ន្ធប៊ូល និងប៉េតង់កម្ពុជា ត្រូវខិតខំរួមគ្នា ដើម្បីសម្រេចបាននូវលទ្ធផលជាផ្លែផ្កា នៅក្នុងកម្រិតពិភពលោកនេះ។

គួររំលឹកថា លោក Claude AZEMA ធ្លាប់មកកម្ពុជា៣លើករួចមកហើយ លើកនេះជាលើកទី៣ បន្ទាប់ពីលោកបានសម្រេចចិត្តឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាប៉េតង់ យុវជនជើងឯកពិភពលោក។ ការមកទស្សនកិច្ចនៅកម្ពុជា របស់លោក Claude AZEMA គឺដើម្បីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ក្រសួងអប់រំ ព្រមទាំងចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយប្រធានសហពន្ធ័កីឡាប៉េតង់ និងប៊ូលកម្ពុជា ក្នុងគោលបំណងផ្តោតទៅលើការរៀបចំការប្រកួតកីឡាប៉េតង់យុវជនជ្រើសរើសជើងឯក ពិភពលោក នៅកម្ពុជា នាឆ្នាំ២០១៩ ខាងមុខនេះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner