ភរិយាមន្ត្រីយោធាស្លាប់ក្នុងពេលជជែករឿងបញ្ហាដីធ្លី បានឆ្លើយតបថា ប្តីគាត់ស្លាប់ ដោយសារជំងឺគាំងបេះដូង
តាកែវ៖ អ្នកស្រី អួន ពុំសែន អាយុ៥៣ឆ្នាំ មានទីលំនៅភូមិខ្សឹង សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដែលត្រូវជាភរិយាសពលោកវរសេនីយ៍ឯក ម៉ៅ ដារ៉ារដ្ឋា នាយរងអង្គភាពឃ្លាំងកា៨៨ នាយកដ្ឋានផលិតសម្ភារយោធា នៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេសក្រសួងការពារជាតិ បានថ្លែងអះអាងថា ប្តីរបស់លោកស្រី ស្លាប់ដោយសារជំងឺ មិនមែនដូចការលើកឡើងរបស់ជនមួយចំនួននោះទេ ហើយសូមសារព័ត៌មាន និងបណ្តាញសង្គមមួយចំនួន ដែលផ្សាយខុសការពិត ធ្វើការបកស្រាយវិញផង។
អ្នកស្រី អួន ពុំសែន បានបញ្ជាក់ថា ក្រោយពីស្វាមីរបស់គាត់គាំងបេះដូងស្លាប់ កាលពីថ្ងៃទី១១ កក្តដា ២០១៩កន្លងទៅ នៅក្នុងភូមិត្រោកលិច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ខណៈចុះទៅបំពេញបេសកម្ម ស្រាប់តែលេចព័ត៌មានចចាមអារាមតាមបណ្តាញសង្គមហ្វេសប៊ុកថា ស្វាមីរបស់អ្នកស្រី ទៅរំលោភយកដីប្រជាពលរដ្ឋ ទើបបានជាបារមីបង្គោលកីស្រីម៉ៅ វាយបំបាក់ ក ប៉ុន្តែធាតុពិត គឺស្វាមីអ្នកស្រី ចុះទៅបំពេញការងារទៅតាមបញ្ជាថ្នាក់លើ ដោយមានលិខិតបង្គាប់ការ និងបញ្ជារបេសកកម្មត្រឹមត្រូវថែមទៀតផង។
អ្នកស្រីបានបន្តថា តាមពិតស្វាមីរបស់គាត់ មានជំងឺលើសឈាម ទឹកនោមផ្អែម និងបេះដូងប្រចាំកាយ តែងប្រើថ្នាំប្រចាំថ្ងៃទៀតផង ហើយទោះបីគាត់មានជំងឺប្រចាំកាយយ៉ាងណា ក៏គាត់នៅតែប្រឹងប្រែងបម្រើការងារជូនអង្គភាព ដោយឥតរួញរាដែរ ហើយថ្ងៃដែលគាត់ស្លាប់នោះ គឺថ្នាក់លើបញ្ជូនឱ្យទៅពិនិត្យដី ដែលត្រៀមសម្រាប់ធ្វើឃ្លាំងរបស់អង្គភាព។ ភរិយាសពលោកវរសេនីយ៍ឯក ម៉ៅ ដារ៉ារដ្ឋា បានអំពាវនាវទៅដល់បណ្តាញផ្សព្វផ្សាយមួយចំនួនដែលបានផ្សាយខុសការពិត ជួយធ្វើការបកស្រាយដើម្បីផ្តល់ភាពយុត្តិធម៌ និងវិញ្ញាណក្ខន្ធស្វាមីរបស់អ្នកស្រី បានទៅកាត់សុខគតិភពផង៕ធ.ដ


