មេដឹកនាំបេឡារុស៖ ដល់ពេលដែលរុស្ស៊ី និងអ៊ុយក្រែនចូលតុចរចា ដើម្បីបញ្ចប់សង្គ្រាមហើយ
មីនស្កិ៍៖ ក្នុងសប្ដាហ៍នេះ ស្ថានភាពសង្គ្រាមអ៊ុយក្រែន នៅសមរភូមិជួរមុខកំពុងស្ថិតក្នុងភាពជាប់គាំង។ ប្រមុខដឹកនាំបេឡារុសដែលជាមិត្តជិតស្និទ្ធរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងថា នេះជាពេលវេលាដ៏សក្ដិសមបំផុតសំរាប់រុស្ស៊ី និងអ៊ុយក្រែនក្នុងការចូលតុចរចា ដើម្បីបញ្ចប់សង្គ្រាមដែលអូសបន្លាយពេលមកជាយូរនេះ។

ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ឌើ លូកាសិនកូ និយាយថា ភាគីទាំងសងខាងបានប្រឈមមុខនឹងបញ្ហាផ្សេងៗគ្រប់គ្រាន់ហើយ ខណៈដែលស្ថានភាពសព្វថ្ងៃពុំមានភាពរីកចម្រើនណាសោះ សម្រាប់ទាំងអ៊ុយក្រែន និងរុស្ស៊ី។ យ៉ាងណាមិញ នៅក្នុងកិច្ចប្រជុំទីប្រឹក្សាសន្ដិសុខជាតិ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបញ្ជាក់ថា មានតែរុស្ស៊ីយល់ព្រមទៅលើសំណើទាំង ១០ចំណុច ដោយក្នុងនោះរួមទាំងការស្ដារឡើងវិញនូវបូរណភាពទឹកដីរបស់អ៊ុយក្រែន ដែលនេះគឺជាមធ្យោបាយតែមួយគត់ដែលអាចបញ្ចប់សង្គ្រាម។
គួរបញ្ជាក់ថា កងកម្លាំងរុស្ស៊ីបានព្យាយាមវាយប្រហារ ដើម្បីកាន់កាប់ទីក្រុង Avdiivka ដែលស្ថិតនៅភាគខាងកើតអ៊ុយក្រែន បើទោះបីជាកំពុងប្រឈមនឹងការបាត់បង់កងកម្លាំងយោធាច្រើនយ៉ាងណាក្ដី។ ដោយឡែក ខ្សែបន្ទាត់នៃសមរភូមិជួរមុខនៅអ៊ុយក្រែន ក៏ពុំមានការប្រែប្រួលច្រើននោះដែរ ក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ ខណៈដែលអ៊ុយក្រែនបានស្វែងរកជំនួយពីសម្ព័ន្ធមិត្តជាច្រើន និងព្យាយាមរៀបយុទ្ធសាស្ដ្រវាយបកវិញយ៉ាងចាស់ដៃយ៉ាងណាក៏ដោយ៕

ប្រភព៖ CNA ប្រែសម្រួលដោយ ឈឹម ទីណា