នាយករដ្ឋមន្ត្រីអ៊ីស្រាអែលថា សង្រ្គាមនៅតំបន់ហ្គាហ្សាបានឈានចូលដល់ដំណាក់កាលទី២ ជាមួយនឹងប្រតិបត្តិការជើងគោក

ហ៊្សេរុយសាឡិម៖នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតានយ៉ាហ៊ូ(Benjamin Netanyahu) បាននិយាយកាល​ពីថ្ងៃសៅរ៍កន្លង​ទៅថ្មីៗ​នេះថា ​ប្រតិបត្តិ​ការ​ជើងគោកដែលបានចាប់ផ្តើមដោយកងទ័ពអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាគឺ ជា​ដំណាក់​កា​លទី២ នៅក្នុងសង្គ្រាមប្រឆាំងនឹងក្រុមអ៊ីស្លាមហាម៉ាស់ ដែលនឹងអាចមានរយៈពេលយូរហើយលំបាក។​

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Netanyahu បាននិយាយថា រាល់ការខិតខំប្រឹងប្រែង​នឹងត្រូ​វធ្វើឡើង ដើម្បីជួយ​សង្គ្រោះចំណាប់ខ្មាំងជាង ២០០ នាក់ ដែលក្រុមហាម៉ាស់កំពុងគ្រប់គ្រង។ ​

លោក Netanyahu បានសង្កត់ធ្ងន់​ថា ​៖ «វាជា​គ្រា​មួយ​ដែល​ប្រទេស​​ប្រឈម​នឹង​លទ្ធភាព​ពីរគឺ ធ្វើ ឬ​ស្លាប់។​ឥឡូវ​នេះ យើង​​នឹង​​សាកល្បង​ ហើយ​ខ្ញុំ​មិន​មាន​ការ​សង្ស័យ​ថា ​វា​នឹង​បញ្ចប់​ដោយ​របៀប​ណាទេ ព្រោះថា យើង​នឹង​ក្លាយ​ជា​អ្នក​ឈ្នះ។ យើង​នឹង​ធ្វើ ហើយ​យើង​នឹង​ក្លាយ​ជា​អ្នក​ឈ្នះ»។​

ការអត្ថាធិប្បាយរបស់លោក Netanyahu ត្រូវបានធ្វើឡើង ចំពេលដែលតំបន់ហ្គាហ្សា​បន្តស្ថិតនៅ​ក្រោម​ការកាត់ផ្តាច់ទំនាក់ទំនងដែលបង្កឡើងដោយការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លារបស់អ៊ីស្រាអែល ក្នុង​គោលបំ​ណ​ង​​បោសសំអាត​ផ្លូវ​សម្រាប់កងទ័ពជើងគោក​ចូលទៅក្នុងឡោមព័ទ្ធ។​

ទន្ទឹមមកទល់ពេលនេះ ប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីន បានរាយការណ៍ថា ទំនាក់ទំនង​តាមទូរសព្ទ និងអ៊ីនធឺណិត ទើបនឹងត្រូវបានស្ដារឡើងវិញជាបណ្តើរៗនៅក្នុងតំបន់ប៉ុណ្ណោះ។​

ដោយឡែក ចំពោះក្រុមហាម៉ាស់វិញ បើទោះបីជាមានការវាយលុករបស់អ៊ីស្រាអែលក៏ដោយ ក៏ពួកសកម្ម​ប្រ​យុទ្ធ​​ប៉ាឡេស្ទីននេះ បន្តបាញ់គ្រាប់រ៉ុក្កែតចូលទៅក្នុងប្រទេសអ៊ីស្រាអែល ខណៈសំឡេងស៊ីរ៉ែន​បន្តបន្លឺ ឡើ​ងមិនដាច់នៅភាគខាងត្បូងអ៊ីស្រាអែលជាការរំលឹកពីការគំរាមកំហែង។​

សូមជម្រាបថា គិតត្រឹមថ្ងៃអាទិត្យទី២៩ ខែតុលានេះ ចំនួនអ្នកស្លាប់សរុបនៅហ្គាហ្សា និងអ៊ីស្រាអែល​ បា​នកើនលើសពីចំនួនអ្នកស្លាប់សរុបនៃសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់​ចំនួន ៤លើកមុន ពោលគឺមានចំ​នួនសរុបប្រហែល ៤ ០០០ នាក់​៕​

ប្រែសម្រួល៖ស្រ៊ុន សិរីវឌ្ឍនៈ

ប្រភព៖ Israeli PM Netanyahu says Gaza war entered second stage with ground operation

ads banner