សហរដ្ឋអាមេរិក៖ អ៊ីស្រាអែលត្រូវតែការពារជនស៊ីវិលហ្គាហ្សា ខណៈការអំពាវនាវសុំជំនួយកំពុងកើនឡើង

វ៉ាស៊ីនតោន៖ សេតវិមានបានព្រមាននៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ថា អ៊ីស្រាអែលត្រូវតែការពារអាយុជីវិតប្រជាជនហ្គាហ្សាស្លូតត្រង់ ដោយត្រូវបែងចែករវាងក្រុមសកម្មប្រយុទ្ធហាម៉ាស និងជនស៊ីវិល។

សេតវិមាននិយាយថា នៅក្នុងការសន្ទនាគ្នាតាមទូរស័ព្ទ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រាប់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ ថា ស្របពេលដែលអ៊ីស្រាអែលមានសិទ្ធិស្វ័យការពារខ្លួនក៏ដោយ អ៊ីស្រាអែលត្រូវតែគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ ដែលផ្តល់អាទិភាពដល់ការការពារអាយុជីវិតជនស៊ីវិលស្លូតត្រង់។

ជាមួយគ្នានេះ លោក បៃដិន ក៏បាននិយាយទូរស័ព្ទជាមួយប្រធានាធិបតីអេហ្ស៊ីប លោក អាប់ឌែល ហ្វាតា អាល់ស៊ីស៊ី ផងដែរ ហើយមេដឹកនាំទាំងពីរប្តេជ្ញាបង្កើនល្បឿនជំនួយចាក់បញ្ចូលទៅក្នុងតំបន់ហ្គាហ្សា ចាប់ពីថ្ងៃនេះ នេះបើតាមការបញ្ជាក់របស់សេតវិមាន។ ការប្រកាសនេះ បានកើតមានឡើងចំពេលដែលមេដឹកនាំពិភពលោកផ្សេងទៀតក៏បានចេញការអំពាវនាវជាបន្ទាន់ សម្រាប់ជំនួយដល់ប្រជាជននៅតំបន់ហ្គាហ្សាផងដែរ។

ទន្ទឹមគ្នា អង្គការសហប្រជាជាតិបានព្រមាននៅថ្ងៃអាទិត្យសប្តាហ៍មុនថា “សណ្តាប់ធ្នាប់ស៊ីវិល” កំពុងចាប់ផ្តើមដួលរលំនៅក្នុងតំបន់ហ្គាហ្សា បន្ទាប់ពីមនុស្សរាប់ពាន់នាក់សម្រុកចូលលួចរបស់របរពីឃ្លាំងអាហាររបស់យូអិននៅទីនោះ ដោយយកស្រូវសាលី ម្ស៉ៅ និងការផ្គត់ផ្គង់ផ្សេងៗទៀត។

គួរបញ្ជាក់ថា អ៊ីស្រាអែលបានបញ្ចេញយុទ្ធនាការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំមួយ បន្ទាប់ពីខ្មាន់កាំភ្លើងក្រុមហាម៉ាស់បានវាយលុកឆ្លងព្រំដែនតំបន់ហ្គាហ្សាកាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សប្រមាណ ១.៤០០នាក់ ភាគច្រើនជាជនស៊ីវិល និងចាប់ចំណាប់ខ្មាំងប្រមាណ ២៣០នាក់។

ចំណែកក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសរាយការណ៍ថា មនុស្សជាង ៨,០០០នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ហើយពាក់កណ្តាលនៃជនរងគ្រោះ គឺជាកុមារ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner