កំពង់ផែភ្នំពេញ និងកំពង់ផែតឹងកាងសៃហ្គន ចុះអនុស្សរណៈជាមួយគ្នា ដើម្បីបង្កើនប្រសិទ្ធភាព និងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន
ភ្នំពេញ៖ កំពង់ផែស្វយ័តភ្នំពេញ (PPAP) និងកំពង់ផែតឹងកាងសាយហ្គន (Saigon Newport-SNP) កាលពីថ្ងៃទី ២៨ ខែតុលាបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU)ដើម្បីបង្កើនប្រសិទ្ធភាពនិងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ។
លោកស្រី ហ៊ឺ ផានិន អគ្គនាយករងនៃកំពង់ផែស្វយ័តភ្នំពេញបានថ្លែងថា គោលបំណងនៃការចុះអនុស្សរណៈនេះ ដើម្បីបង្ហាញពីឆន្ទៈរបស់ភាគីទាំងពីរ សម្រាប់ការពិភាក្សាជាផ្លូវការ ដើម្បីធ្វើការរួមគ្នាដើម្បីទទួលបានអត្ថប្រយោជន៍ជាអតិបរមាពីផលប្រយោជន៍ទៅវិញទៅមក ក្នុងការរួមគ្នាអភិវឌ្ឍមធ្យោបាយដឹកជញ្ជូនរួមមាន កំពង់ផែ/ដេប៉ូ និងអ្នកផ្តល់ភស្តុភារ ព្រមទាំងពង្រីកភាពជាដៃគូអាជីវកម្ម ដើម្បីបង្កើនវត្តមានទីផ្សារពាណិជ្ជកម្មជាយុទ្ធសាស្ត្រក្នុងប្រទេសកម្ពុជា និងវៀតណាម។
លោកស្រីបានបន្ថែមថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ភស្តុភាររវាងវៀតណាម និងកម្ពុជាមានការរីកចម្រើនយ៉ាងទូលំទូលាយ និងមានទំនាក់ទំនងកាន់តែស៊ីជម្រៅ ជាមួយនឹងព្រំដែនរួមគ្នា។
លោកស្រីបានបន្តថា ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយបានកើនឡើងជាមធ្យម ១៨,ភាគរយ ក្នុងមួយឆ្នាំ។ គួរកត់សម្គាល់ថា ពាណិជ្ជកម្មនៅឆ្នាំ ២០២១ បានកើនឡើងយ៉ាងខ្លាំងគឺ ៧៩ ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០ បើទោះបីជាមានផលប៉ះពាល់យ៉ាងសំខាន់នៃជំងឺរាតត្បាតកូវីដ១៩ក៏ដោយ។
លោកស្រី ហ៊ឺ ផានិន បានបញ្ជាក់ថា វៀតណាមដើរតួនាទីជាដៃគូពាណិជ្ជកម្មដ៏សំខាន់ ដែលអាចឱ្យទំនិញកម្ពុជាចូលទៅកាន់តំបន់កំពង់ផែសមុទ្រសំខាន់ៗ សម្រួលដល់ការនាំចេញទៅកាន់ប្រទេសនានាជុំវិញពិភពលោក ។
លោកស្រីបានបន្តថា ៖ «PPAP យើងប្តេជ្ញាយ៉ាងមុតមាំក្នុងការគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឱ្យសេដ្ឋកិច្ចកម្ពុជារីកចម្រើនដោយការកែលម្អខ្លួនយើង រួមទាំងហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មផងដែរ។ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការផលិតកម្ម និងការជួញដូរក្នុងស្រុក យើងកំពុងធ្វើការលើការសាងសង់កំពង់ផែរងបន្ថែមទៀតតាមដងទន្លេសាប និងទន្លេមេគង្គ ដើម្បីភ្ជាប់សេវាកម្មរបស់យើងទៅកាន់តំបន់ឧស្សាហកម្ម តំបន់សកម្មភាពកសិកម្ម ដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូន និងលុបបំបាត់រាល់បញ្ហាដែលអាចកើតមាន»។
លោក ង្វៀន ហ៊ុយតាង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា បានបង្ហាញទំនុកចិត្តចំពោះកិច្ចសហប្រតិបត្តិការដឹកជញ្ជូននៅលើផ្លូវវៀតណាម-កម្ពុជា ដែលត្រូវបានចាត់ទុកថាជាធាតុផ្សំដ៏សំខាន់ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងស្រុក និងការពង្រឹងទំនាក់ទំនងការនាំចេញនាំចូលរវាងប្រទេសវៀតណាម កម្ពុជា និងប្រទេសជិតខាងក្នុងតំបន់។
លោកបានថ្លែងតាមរយៈសុន្ទរកថានាពិធីនោះដែរថា វៀតណាម និងកម្ពុជានៅតែមានសក្ដានុពលសំខាន់សម្រាប់កិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងវិស័យផ្សេងៗ រួមទាំងការផលិតទំនិញប្រើប្រាស់ ថាមពល អគ្គិសនី ការទាញយករ៉ែ កែច្នៃកសិកម្ម និងជលផល។
ចំណែក លោក ប៊ុយ វ៉ាន់កូយ (Bui Van Quy) អនុប្រធានប្រតិបត្តិនៃ SNP ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការធ្វើការជាមួយដៃគូដឹកជញ្ជូន និងសមាគមដឹកជញ្ជូនក្នុងស្រុក និងអន្តរជាតិ ដើម្បីផ្តល់សេវាកម្មល្អបំផុត៕
ដោយ៖វណ្ណ សុជាតា
