ក្រសួងធនធានទឹក៖ កម្ពុជានឹងបន្តមានភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់រហូតដល់ដើមខែវិច្ឆិកា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍​ថា កម្ពុជានឹងមានប្រព័ន្ធសម្ពាធខ្ពស់មួយទៀត ចាប់ពីថ្ងៃទី​​៣០ ខែតុលា ដល់ដើមខែវិច្ឆិកា ​ដែលនឹងបង្កឱ្យមានភ្លៀងធ្លាក់ពីតិចទៅបង្កួរ លាយឡំជាមួយផ្គររន្ទៈ និងខ្យ​ល់កន្រ្តាក់ ។

សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីស្ថានភាពអាកាសធាតុនៅថ្ងៃទី​២៩ ខែតុលា បានឱ្យដឹងថា កម្ពុជាកំពុងទទួលឥទ្ធិពលពីសម្ពាធទាប នៅសមុទ្រចិនខាងត្បូង ដោយនៅថ្ងៃទី២៩ ខែតុលា ប្រព័ន្ធសម្ពាធខ្ពស់ដែលកំពុងគ្របដណ្តប់លើប្រទេសថៃ និងសមុទ្រចិនខាងត្បូងមានឥទ្ធិពលខ្សោ​យ ។ខណៈពេលនេះ មានលំហូរខ្យល់បក់ពីទិសនិរតី និងទិសខាងត្បូងនាំមកជាមួយនូវសំណើមពីឈូង សមុទ្រថៃ មកលើតំបន់ឆ្នេរ ស្របពេលដែលលំហូរខ្យល់បក់មកពីទិសខាងកើត និងទិសអាគ្នេយ៍ នាំមកជាមួយសំណើមពីសមុទ្រចិនខាងត្បូងមកលើប្រទេសកម្ពុជា។

ប្រភពដដែលបន្តថា ស្ថានភាពបែបនេះ ​នឹងធ្វើឱ្យបណ្តាខេត្តមួយចំនួនក្នុងតំបន់មាត់សមុទ្រ និងតំបន់ទំនាបកណ្តាល រួមទាំងរាជធានីភ្នំពេញ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលគ្របដណ្តប់លើផ្ទៃដីពី ៤០ភាគរយ ទៅ ៥០ភាគរយ។ ដោយឡែក បណ្តាខេត្តមួយចំនួនក្នុងតំបន់ខ្ពង់រាប នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យមគ្រប ដណ្តប់លើផ្ទៃដីពី ៣០ភាគរយ ទៅ ៤០ភាគរយ។

ប្រភពដដែលបញ្ជាក់ថា ដោយឡែក ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា នឹងមានប្រព័ន្ធសម្ពាធខ្ពស់មួយទៀត ពីប្រទេសចិនគ្របដណ្តប់ផ្នែកខាងជើងប្រទេសថៃ លាតសន្ធឹងទៅដ​ល់សមុទ្រចិនខាងត្បូង។ ខណៈនេះ នឹងមានលំហូរខ្យល់បក់មកពីទិសខាងជើង និងទិសឦសាន ប្រសព្វគ្នា​ជាមួយនឹងលំហូរខ្យល់បក់ពីទិស​អាគ្នេយ៍ ដែលផ្ទុកនូវសំណើមនៃសមុទ្រចិនខាងត្បូង បង្កើតបានជាពព​កភ្លៀងលើប្រទេសកម្ពុជា។​

​ទន្ទឹមនេះចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា នឹងមាន​ភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំ ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ លើតំបន់មាត់សមុទ្រ និងតំបន់ខ្ពង់រាប គ្របដណ្តប់លើផ្ទៃដីពី ៣០ភាគរយ ទៅ ៤០ភាគរយ។ ចំពោះតំបន់ទំនាបកណ្ដាលនឹងមានភ្លៀងធ្លាក់បង្ហូរលាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់ លើផ្ទដីពី ៤០ភាគរយ ទៅ ៦០ ភាគរយ។

ជុំវិញគ្រោះមហន្តរាយដោយជំនន់ទឹកភ្លៀងនៅតាមបណ្តាខេត្តមួយចំនួននេះដែរ​ នា​កិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី២៧ ខែតុលា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងអំណរគុណដល់​គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងស្ថាប័នពាក់ព័ន្ធ ដែលបានអន្តរាគមន៍ទាន់ពេលវេលា ក្នុងការជួយស  ង្គ្រោះ​ប្រជាពលរដ្ឋពីគ្រោះទឹកជំនន់ និងបានណែនាំឱ្យបន្តត្រៀមលក្ខណៈឱ្យបានគ្រប់ពេលវេលាផងដែរ​។

សម្ដេចធិបតីក៏បានណែនាំឱ្យស្ថាប័នពាក់ព័ន្ធ ស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធនានាដែលរងការខូចខាតដោយទឹកជំនន់ និងផ្ដល់ស្រូវពូជដល់ប្រជាកសិករដើម្បីចាប់ផ្ដើមការដាំដុះឡើងវិញ។ បន្ថែមពីនេះ លោកបានណែនាំឱ្យស្ថាប័នពាក់ព័ន្ធ សិក្សាឱ្យបានល្អិតល្អន់ដើម្បីបញ្ចៀសផលប៉ះពាល់ដោយទឹកជំនន់ទៅថ្ងៃអនា​គត នៅតំបន់ណាដែលអាចកាត់បន្ថយ ឬបញ្ចៀសបាន។

ចំណែកកាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី​២៨ ខែតុលា បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋចំនួន ៥៥២ គ្រួសារ រងគ្រោះដោយទឹកជំនន់ទឹកភ្លៀងរហ័ស រស់នៅក្នុងភូមិចំនួន១៨ ឃុំចំនួន៤ ស្រុកគងពិសី និងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

សូមបញ្ជាក់ថា ក្នុងខែតុលាឆ្នាំ២០២៣នេះ កាកបាទក្រហមកម្ពុជា បានផ្តល់អំណោយមនុស្សធម៌ជូនប្រ​ជាពលរដ្ឋរងគ្រោះដោយទឹកជំនន់សរុបចំនួន ៧ ៥១៦ គ្រួសារ (ក្នុងនោះថ្នាក់កណ្តាល បានឆ្លើយតបចំនួន ៦ ២១០គ្រួសារ និងថ្នាក់សាខាឆ្លើយតបបាន ១ ៣០៦គ្រួសារ) នៅតាមបណ្តារាជធានី-ខេត្តចំនួន ៩ រួមមាន រាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ កំពង់ស្ពឺ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កណ្តា​ល ព្រះវិហារ និងខេត្តតាកែវ៕

ដោយ៖សុខ រក្សា

ads banner