សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យជួយផ្សព្វផ្សាយពីតំបន់ ទេសចរណ៍ ដើម្បីផ្ដល់ផលលាភឱ្យដល់ដៃប្រជាជនមូលដ្ឋាន
កំពង់ស្ពឺ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើការជំរុញឱ្យមន្ត្រីជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍ ដើម្បីផ្ដល់ផលលាភឱ្យដល់ដៃប្រជាជនមូលដ្ឋាន ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញបែបនេះ នៅក្នុងពិធីសម្ពោធអគាររដ្ឋបាលថ្មី សាលាខេត្តកំពង់ស្ពឺ និងប្រកាស ខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន នាព្រឹកថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៣ ។
នៅក្នុងឱកាសនេះ សម្តេចធិបតី បានថ្លែងពីមានបំណងចង់បបួលបណ្ដាថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសឧបនាយករដ្ឋមន្ត្រីឡើង ធ្វើដំណើរដោយថ្មើរជើងទៅភ្នំខ្នងផ្សារ នៃខេត្តកំពង់ស្ពឺ ដែលជាតំបន់ទេសចរណ៍ដ៏ល្អរបស់ខេត្តកំពង់ស្ពឺ។
សម្តេចធិបតី បានបន្តថា តំបន់ទេសចរណ៍យើងមានច្រើន យើងត្រូវពង្រឹង និងផ្សព្វផ្សាយ ធ្វើយ៉ាងណាឲ្យពលរដ្ឋនៅមូលដ្ឋានទទួលបានផលលាភពីធនធានទាំងនោះ ដោយមិនចាំបាច់ពឹងតែការវិនិយោគពីខាងក្រៅតែមួយមុខ ។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា អគាររដ្ឋបាលសំរាប់ធ្វើការងារល្អ ត្រូវតែជាកន្លែងបម្រើប្រជាពលរដ្ឋ ។ ផ្លែផ្កានេះមិនត្រឹមតែល្អមើលទេ ត្រូវចែកផលលាភជូនមន្រ្តី ចែកផលលាភជូនប្រជាពលរដ្ឋ មានន័យថា បំរើពលរដ្ឋ ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ


