សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍ ៥ចំណុច ដើម្បីឲ្យរដ្ឋបាលរាជធានី-ខេត្ត ពង្រឹងការផ្តល់សេវាសាធារណៈ និងដោះស្រាយបញ្ហាក្នុងមូលដ្ឋានឱ្យមានប្រសិទ្ធភាព
(កំពង់ស្ពឺ)៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើ ប្រាស់ ជាផ្លូវការ “អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានាក្នុង ខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន” នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់ អនុសាសន៍ ៥ចំណុច ដើម្បីឲ្យរដ្ឋបាលរាជធានី-ខេត្ត ពង្រឹង ការផ្តល់សេវាសាធារណៈ និងដោះស្រាយបញ្ហាក្នុង មូលដ្ឋាន ឱ្យមានប្រសិទ្ធភាព ។

អនុសាសន៍ទាំង៥ចំណុចរបស់សម្ដេចធិបតី សម្រាប់រដ្ឋបាលរាជធានី-ខេត្តនេះ រួមមាន៖
១-រដ្ឋបាលរាជធានី-ខេត្ត ត្រូវចូលរួមពង្រឹងការជ្រើសរើសមន្រ្តីចូលបម្រើការងារ ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ពោលគឺត្រូវធានាថាមន្រ្តីជាអ្នកបម្រើប្រជាជន ប្រកបដោយសមត្ថភាព ក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

២-រដ្ឋបាលរាជធានី-ខេត្ត ត្រូវដាក់ចេញនូវយន្តការរាយការណ៍ ឬយន្តការទទួលពាក្យបណ្តឹងអំពីបញ្ហាណាមួយ ពីសំណាក់បងប្អូនប្រជាពលរដ្ឋដោយងាយស្រួល និងទាន់ពេល ហើយត្រូវឆ្លើយតបជូនបងប្អូនប្រជាពលរដ្ឋវិញ ឱ្យបានឆាប់រហ័ស និងដោយប្រសិទ្ធភាពខ្ពស់។ រដ្ឋបាលរាជធានីខេត្ត ក៏ត្រូវសហការ និងផ្តល់ការគាំទ្រដល់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
៣-រដ្ឋបាលរាជធានី-ខេត្ត ត្រូវធ្វើយ៉ាងណាផ្តល់សេវាសាធារណៈឱ្យបានល្អបំផុត ដល់បងប្អូនប្រជាពលរដ្ឋ និងដាច់ខាត មិនត្រូវធ្វើឱ្យសេវាសាធារណៈទាំងនេះ ស្មុគស្មាញ និងបង្កជាបន្ទុកបន្ថែមដល់បងប្អូនប្រជាពលរដ្ឋនោះឡើយ។

៤-រដ្ឋបាលរាជធានី-ខេត្ត ត្រូវតាមដានជាប់នូវគោលនយោបាយរបស់ថ្នាក់ជាតិ របស់រាជរដ្ឋាភិបាល និងត្រូវត្រៀមខ្លួនជានិច្ចដើម្បីធ្វើការងារ ដែលត្រូវធ្វើប្រតិភូកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់ ទទួលសិទ្ធិអំណាច ហើយទទួលខុសត្រូវ។
៥-រដ្ឋបាលរាជធានី-ខេត្តត្រូវពង្រឹងភាពស្អាតស្អំរបស់ខ្លួន ជាពិសេសត្រូវចៀសវាងនូវការប្រើប្រាស់អំណាចខុសច្បាប់ ធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល នឹងចាត់វិធានការឱ្យបានតឹងរ៉ឹងបំផុត ប្រសិនបើករណីរំលោភអំណាចកើតមានឡើង ។ រាជរដ្ឋាភិបាល នឹងជួយដល់រដ្ឋបាលរាជធានីខេត្ត ក្រុងស្រុកខណ្ឌ ឱ្យមានលទ្ធភាព និងសមត្ថភាព ដើម្បីបំពេញភារកិច្ចរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ