អ្នកដោះមីនពិតជាគួរឱ្យគោរព ការដោះមីន ១គ្រាប់ស្មើជួយសង្រ្គោះជីវិតម្នាក់

(កំពង់ស្ពឺ)៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន” នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះប្រតិបត្តិករកំចាត់មីនទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តដែលបានធ្វើដីដែលមានគ្រោះថ្នាក់ក្លាយជាទីលានមានសុវត្តិភាព អាចធ្វើកសិកម្ម និងអភិវឌ្ឍន៍បាន។

សម្ដេចធិបតី បានគូសបញ្ជាក់ថា បេសកកម្មរបស់បងប្អូន ពិតជាគួរឱ្យគោរព គ្រាប់មីន ១គ្រាប់ ដែលបងប្អូនបានដោះស្មើជួយសង្រ្គោះអាយុជីវិត របស់ប្រជាពលរដ្ឋបានម្នាក់ ។

សូមបញ្ជាក់ថា គោលដៅ “កម្ពុជាគ្មានមីនឆ្នាំ២០២៥” បាន និងកំពុងមានវឌ្ឍនភាពយ៉ាងល្អប្រសើរ ឆ្ពោះទៅរកគោលដៅ ដែលបានរំពឹងទុកពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ហើយខេត្តកំពង់ស្ពឺ គឺជាខេត្តទី១៣ ដែលអស់មីនទាំងស្រុង បន្ទាប់ពីរាជធានី-ខេត្តទាំង ១២ផ្សេងទៀត រួមមាន៖ ខេត្តស្ទឹងត្រែង ខេត្តកែប ខេត្តព្រៃវែង រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពត។ ផ្លែផ្កានៃសមិទ្ធផលនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ពិសេសអាជ្ញាធរមីន ដែលបានយកចិត្តទុកដាក់ខ្ពស់លើកិច្ចការដ៏សំខាន់នេះ ក្នុងគោលបំណងជាក់លាក់មួយ គឺ “កម្ពុជានឹងគ្មានជនណាម្នាក់ ឬប្រជាពលរដ្ឋខ្មែរណាម្នាក់ បន្តរងគ្រោះថ្នាក់ដោយសារគ្រាប់មីន ក្រោយឆ្នាំ២០២៥ ទៀតឡើយ” ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner