រុស្ស៊ីចោទប្រកាន់លោកខាងលិចថា ចង់ពង្រាលសង្រ្គាមអ៊ុយក្រែនឱ្យចូលទៅតំបន់អាស៊ីប៉ាស៊ីហ្វិក

មូស្គូ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីលោក Sergei Shoigu បាននិយាយក្នុងវេទិកាការពារជាតិនៅក្រុងប៉េកាំង ប្រទេសចិននៅថ្ងៃចន្ទនេះថា លោកខាងលិចចង់ពង្រាលជម្លោះនៅអ៊ុយក្រែន ឱ្យចូលទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី តាស(TASS)។

ថ្លែងក្នុងវេទិកា Xiangshan ដែលជាព្រឹត្តិការណ៍ការទូតយោធាដ៏ធំបំផុតរបស់ចិន លោក Shoigu បាននិយាយថា អង្គការណាតូកំពុងគ្របដណ្តប់លើការបង្កើនកងកម្លាំងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាមួយនឹងបំណងប្រាថ្នា «ដ៏ប៉ិនប្រសប់» លើការទំនាក់ទំនងគ្នា។ លោក Shoigu បាននិយាយថា ប្រទេសបណ្ដាណាតូកំពុងលើកកម្ពស់ការប្រណាំងប្រជែងសព្វាវុធក្នុងតំបន់ ដោយបង្កើនវត្តមានយោធារបស់ខ្លួន និងភាពញឹកញាប់ និងទំហំនៃសមយុទ្ធយោធានៅតំបន់នេះ។

រដ្ឋមន្ត្រីដដែលបានបន្តថា កងកម្លាំងសហរដ្ឋអាមេរិកនឹងប្រើប្រាស់ការផ្លាស់ប្តូរព័ត៌មានជាមួយទីក្រុងតូក្យូ និងទីក្រុងសេអ៊ូល លើការបាញ់មីស៊ីល ដើម្បីទប់ទល់នឹងជាមួយរុស្ស៊ី ក៏ដូចជាចិន។ លោកបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន ពីការព្យាយាមប្រើប្រាស់ការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយធម្មជាតិ ជាលេសសម្រាប់ «ការអន្តរាគមន៍ផ្នែកមនុស្សធម៌»។

លើសពីនេះថែមទៀត លោក Shoigu បាននិយាយថា ការលេចឡើងនៃប្លុកសន្តិសុខថ្មីដូចជា ប្លុកប្រទេសយន្តការដៃគូសន្តិសុខចតុភាគី (QUAD) និងប្លុក AUKUS បានធ្វើឱ្យខូចតួនាទីរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងការខិតខំប្រឹងប្រែងមិនរីកសាយភាយនុយក្លេអ៊ែរនៅក្នុងតំបន់។

លោក Shoigu និយាយថា ចំណាត់ការរបស់រុស្ស៊ីក្នុងការលុបចោលការផ្តល់សច្ចាប័ន លើសន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយ មិនមែនជាការបញ្ចប់កិច្ចព្រមព្រៀងនេះនោះទេ ហើយរុ ស្ស៊ីក៏មិនបានបំពានលើបម្រាមទាក់ទងនឹងការប្រើប្រាស់អាវុធនុយក្លេអ៊ែរនោះដែរ។

រដ្ឋមន្រ្តីដដែលបន្តថា ទីក្រុងមូស្គូបានត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចពិភាក្សាស្តីពីដំណោះស្រាយក្រោយជម្លោះនៃវិបត្តិអ៊ុយក្រែនស្តីពី «ការរួមរស់» ជាមួយលោកខាងលិច ប៉ុន្តែថា បណ្តាប្រទេសលោកខាងលិច ចាំបាច់ត្រូវបញ្ឈប់ការចង់ឱ្យរុស្ស៊ីចុះខ្សោយជាយុទ្ធសាស្រ្ត។ លោកបន្ថែមថា៖ វាមានសារៈសំខាន់ផងដែរ ក្នុងការធានាឱ្យមានទំនាក់ទំនងស្មើភាពគ្នារវាងមហាអំណាចនុយក្លេអ៊ែរទាំងអស់ និងសមាជិកក្រុមប្រឹក្សាសន្តិសុខអចិន្ត្រៃយ៍របស់អង្គការសហប្រជាជាតិ ដែលទទួលខុសត្រូវលើការលើកកម្ពស់សន្តិភាព និងស្ថិរភាពពិភពលោកជាសំខាន់។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក និងរុស្ស៊ី បានធ្លាក់ចុះយ៉ាងដុនដាបជុំវិញក្រោយរុស្ស៊ីបើកការឈ្លានពានអ៊ុយក្រែនទូទាំងប្រទេសដោយខុសច្បាប់កាលពីចុងខែកុម្ភៈឆ្នាំមុន៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner