លោក វ៉ាង យី៖ កិច្ចប្រជុំរវាងលោក បៃដិន និងលោក ស៊ី ជីនពីង ទំនងជាមិនអាចដំណើរការទៅដោយរលូននោះទេ

ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានលើកឡើងថា ដំណើរឆ្ពោះទៅរកជំនួបរវាងប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) និងលោកប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) នឹងមិនអាចទៅរួចដោយងាយស្រួលនោះទេ ។នេះបើយោងតាមក្រសួងការបរទេសចិន ចេញផ្សាយកាលពីថ្ងៃអាទិត្យ។ លោក វ៉ាង បានបន្ថែមថា ភាគីទាំងពីរចាំបាច់ត្រូវសហការគ្នាដើម្បីសម្រេចបានលទ្ធផលជាវិជ្ជមាន។

លោក វ៉ាង បានជួបជាមួយលោក បៃដិន រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លិងកិន (Antony Blinken) និងទីប្រឹក្សាសន្តិសុខជាតិ លោក ចេក ស៊ូលីវ៉ាន (Jake Sullivan) ក្នុងអំឡុងដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃទៅកាន់ទីក្រុងវ៉ាស៊ីនតោនចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា។ ភាគីទាំងពីរបានព្រមព្រៀងគ្នារៀបចំកិច្ចប្រជុំមួយនៅក្នុងកិច្ចប្រជុំកំពូលនៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ក្នុងខែវិច្ឆិកាខាងមុខនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសចិនស្ដីពីកិច្ចពិភាក្សាជាមួយសហគមន៍យុទ្ធសាស្រ្តរបស់សហរដ្ឋអាមេរិក លោក វ៉ាង បានលើកឡើងថា ផ្លូវទៅកាន់កិច្ចប្រជុំទ្វេភាគីនឹងមិនងាយស្រួល ហើយយវាក៏មិនអាចនឹងកើតឡើងដោយស្វ័យប្រវត្តិនោះទេ។

គួរដឹងដែរថា ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃរបស់លោក វ៉ាង នៅទីក្រុងវ៉ាស៊ីនតោន បានធ្វើឡើងស្របពេលដែលភាពតានតឹងកំពុងកើនឡើង។ ភាពតានតឹងទាំងនេះគឺទាក់ទងទៅនឹងការគ្រប់គ្រងការនាំចេញរបស់សហរដ្ឋអាមេរិកលើបច្ចេកវិទ្យាទំនើបៗ និងសកម្មភាពពង្រីកឥទ្ធិពលរបស់ចិននៅតំបន់សមុទ្រចិនខាងកើត និងខាងត្បូង។

សេចក្តីថ្លែងការណ៍ដដែលនោះបានកត់សម្គាល់ថា ខណៈដែលមានបញ្ហាជាច្រើនដែលមិនទាន់បានដោះស្រាយ ភាគីទាំងពីរជឿថា វាពិតជាមានសារៈសំខាន់ និងចាំបាច់ខ្លាំងណាស់សម្រាប់សហរដ្ឋអាមេរិក និងចិន បន្តជួបពិភាក្សាគ្នា។

កិច្ចប្រជុំនេះផងដែរ គឺជាផ្នែកមួយនៃកិច្ចពិភាក្សាសំខាន់ៗជាច្រើនរវាងប្រទេសទាំងពីរ ខណៈដែលភាគីទាំងពីរកំពុងព្យាយាមធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងការទូត ជាពិសេសពាក់ព័ន្ធនឹងជម្លោះនៅអ៊ុយក្រែន និងអ៊ីស្រាអែល។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស លោក វ៉ាង បានលើកឡើងពីសារៈសំខាន់នៃជំនួបរវាងលោក បៃដិន និង លោក ស៊ី នៅឯកោះបាលី ប្រទេសឥណ្ឌូណេស៊ី អំឡុងពេលកិច្ចប្រជុំកំពូល G20 កាលពីឆ្នាំមុន។ ក្នុងជំនួបនោះ មេដឹកនាំទាំងពីរបានពិភាក្សាគ្នាអំពីបញ្ហាតៃវ៉ាន់ ភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន និងកិច្ចសហប្រតិបត្តិការលើការប្រែប្រួលអាកាសធាតុ សុខភាព និងសន្តិសុខស្បៀងជាដើម។

លោក វ៉ាង ក៏បានសង្កត់ធ្ងន់ទៅលើការជៀសវាងនូវការជ្រៀតជ្រែករឿងផ្ទៃក្នុង ដោះស្រាយបញ្ហាប្រឈម កសាងកិច្ចព្រមព្រៀងដើម្បីសម្រេចបាននូវវឌ្ឍនភាព។ លើសពីនេះ លោក វ៉ាង និងលោក បៃដិន ក៏បានជជែកអំពីការផ្លាស់ប្តូរផ្នែកយោធា ហិរញ្ញវត្ថុ បច្ចេកវិទ្យា និងវប្បធម៌ និងកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងចិន ក៏ដូចជាវិបត្តិនៅមជ្ឈិមបូព៌ា និងអ៊ុយក្រែនផងដែរ៕ ប្រែសម្រួល៖ ធា សុណា

ads banner