គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាផ្សព្វផ្សាយពីការអនុវត្តរបស់កម្ពុជាលើកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៣រៀបចំសិក្ខាសាលាផ្សព្វផ្សាយពីសេចក្ដីអង្កេតសន្និដ្ឋាននៃរបាយការណ៍លើកទី២របស់កម្ពុជា ស្ដីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដោយមានការគាំទ្រពីការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា។

សិក្ខាសាលានេះ មានការចូលរួមជាអធិបតីភាព ពីឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងពីស្ថាប័នពាក់ព័ន្ធ ក្រុមអង្គការសង្គមស៊ីវិល និងដៃគូអន្តរជាតិជាច្រើនរូប។

លោក ស្រ៊ាង ចិន្តា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានប្រាប់ឱ្យដឹងថា សិក្ខាសាលានេះមានបំណងផ្សព្វផ្សាយ និងបង្កើនការយល់ដឹងដល់សារធារណជន និងភាគីពាក់ព័ន្ធជុំវិញការអនុវត្តន៍កន្លងទៅរបស់កម្ពុជាជុំវិញការអនុវត្តន៍ចំពោះកតិកាសញ្ញាអន្តរជាតិពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌បន្ទាប់ពីទទួលបានអនុសាសន៍ និងសេចក្តីសន្និដ្ឋានពីអង្គការសហប្រជាជាតិលើកទី២ រួចមក និងដើម្បីរៀបចំផែនការអនុវត្តន៍អនុសាសន៍ និងសេចក្តីសន្និដ្ឋានទាំងនោះ។

លោក អ៊ិត រ៉ាឌី អនុប្រធានអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មាននាសិក្ខាសាលានោះថា សិក្ខាសាលានេះក៏ដើម្បីបញ្ជ្រាបព័ត៌មាន និងពន្យល់ដល់ភាគីពាក់ព័ន្ធទាំងឡាយ ជាពិសេសអង្គការសង្គមស៊ីវិលឱ្យយល់ពីកាតព្វកិច្ចរៀងៗខ្លួនក្នុងការផ្តល់ធាតុចូល តួយ៉ាងព័ត៌មាន ទិន្នន័យ អនុសាសន៍ ឱ្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាធ្វើរបាយការណ៍ដាក់ជូនអង្គការសហប្រជាជាតិ។

សូមជម្រាបថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាធ្លាប់បានបញ្ជូនរបាយការណ៍ទៅកាន់អ.ស.ប ចំនួន ពីរលើករួចមកហើយ ។លើកទី១ នៅឆ្នាំ២០០៨-២០០៩ និងលើកទី២ នៅឆ្នាំ២០១៩-២០២០ ហើយគ្រោងដាក់ជូនលើកទី៣ នៅឆ្នាំ២០២៨ ក្រោយទទួលបានធាតុចូលបន្ថែមទៀត៕ ដោយ៖ សំបាន ច័ន្ទដារ៉ា

ads banner