ហុងកុង ដាក់គុកនិស្សិតបួននាក់ ចំពោះការសរសើរបុរសម្នាក់ដែលសម្លាប់ប៉ូលិសដោយកាំបិត
ហុងកុង៖ អតីតមេដឹកនាំនិស្សិតបួននាក់មកពីសាកលវិទ្យាល័យហុងកុង បានរងការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំកាលពីថ្ងៃចន្ទ ពីបទញុះញង់មនុស្សឱ្យបង្ករបួសស្នាមលើអ្នកដទៃ ដោយអ្នកទាំងបួនបានសរសើរបុរសម្នាក់ដែលចាក់សម្លាប់មន្ត្រីប៉ូលិសមុនពេលធ្វើអត្តឃាតនៅឆ្នាំ ២០២១។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន អេភី(AP)។
និស្សិតឈ្មោះ Kinson Cheung ឈ្មោះ Charles Kwok ឈ្មោះ Chris Todorovski និងឈ្មោះ Anthony Yung រងការកាត់ទោសឱ្យទទួលខុសត្រូវចំពោះតួនាទីរបស់ខ្លួនក្នុងការបណ្ដុះគំនិតលើក្រុមប្រឹក្សាសហជីពនិស្សិត ។ការបណ្ដុះគំនិតនោះ បានបង្ហាញពីការទុក្ខព្រួយជាអនេក និងការកើតសរសើរយ៉ាងជ្រាលជ្រៅចំពោះការលះបង់ជីវិតបុរស ដែលសម្លាប់មន្រ្តីប៉ូលិសម្នាក់ដោយកាំបិតនោះ។
សេចក្ដីសម្រេចដាក់គុកនិស្សិតទាំងបួន នាពេលនេះ ធ្វើឡើងទោះបីជាមានកំហឹងសាធារណៈដែលរីករាលដាលប្រឆាំងនឹងប៉ូលីស ដែលគេថ្កោលទោសថា បានប្រើបាតដៃហិង្សាលើក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យឆ្នាំ ២០១៩។
ទោះជាយ៉ាងណាក៏ដោយ លោកស្រីចៅក្រម Adriana Noelle Tse Ching បាននិយាយថា ពាក្យដែលនិស្សិតទាំងបួនប្រើ ទំនងជាញុះញង់ឱ្យមានការស្អប់ខ្ពើមប្រឆាំងនឹងប៉ូលីស។
គួររំឭកថា លោក Leung Kin-fai បានចាក់សម្លាប់មន្ត្រីប៉ូលិសម្នាក់ម្នាក់ មុនពេលសម្លាប់ខ្លួនឯងនៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២១ ដែលជាខួបនៃការប្រគល់ហុងកុងពីអាណានិគមអង់គ្លេសទៅឱ្យចិនវិញក្នុងឆ្នាំ ១៩៩៧។ អាជ្ញាធរទីក្រុងហុងកុង បានហៅលោក Leung ថាជាភេរវករក្នុងស្រុក ដែលក្លាយជាជ្រុលនិយមដោយការប្រកាន់និន្នាការនយោបាយ។
ការលើកសរសើរលោក Leung បានទាក់ទាញការរិះគន់ពីសាកលវិទ្យាល័យ និងការិយាល័យសន្តិសុខរបស់ទីក្រុងហុងកុង ដោយបានជំរុញឱ្យលោក Kwok និងមិត្តភ័ក្តិសុំទោស និងដកពាក្យចេញ។ មេដឹកនាំនិស្សិតមួយចំនួន ក៏ចុះចេញពីមុខតំណែងផងដែរ។ ប៉ុន្តែការណ៍នេះ មិនបានបញ្ឈប់ប៉ូលិសក្រុងហុងកុងពីការចាប់ខ្លួននិស្សិតទាំងបួននោះទេ។ ពួកគេរងការចោទប្រកាន់ដំបូងពីបទគាំទ្រអំពើភេរវកម្មក្រោមច្បាប់សន្តិសុខជាតិ ដែលដាក់ចេញដោយទីក្រុងប៉េកាំងបន្ទាប់ពីការតវ៉ាឆ្នាំ២០១៩។ ប៉ុន្តែការចោទប្រកាន់នោះ ត្រូវបានទម្លាក់ចោលវិញ បន្ទាប់ពីពួកគេបានសារភាពកំហុស ហើយជំនួសមកវិញនូវការចោទប្រកាន់ពីបទញុះញង់ដើម្បីបង្ករបួសដោយចេតនាកាលពីខែមុន៕ ប្រែសម្រួល៖ ហួន ឌីណា