សម្តេចធិបតីប្រកាសខេត្តកំពង់ស្ពឺជាខេត្តទី១៣ អស់គ្រាប់មីន (Video Inside)

ខេត្តកំពង់ស្ពឺត្រូវបានប្រកាសជាខេត្តអស់មីនទី១៣ របស់កម្ពុជា ក្នុងពិធីថ្ងៃទី៣០ តុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ខេត្តកំពង់ស្ពឺ ក្នុងអតីតកាលសង្គ្រាមស៊ីវិល គឺជាខេត្តដែលធ្លាប់មានគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះរាយប៉ាយជាច្រើន និងបង្កការគំរាមកំហែងដល់ជីវិតមនុស្ស។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងប្រសាសន៍ថ្លែងបញ្ជាក់ នាថ្ងៃទី៣០តុលា បានថ្លែងអំណរគុណដល់ប្រតិបត្តិករដោះមីនទាំងឡាយ ដែលបានជួយធ្វើឱ្យខេត្តកំពង់ស្ពឺក្លាយជាខេត្តទី១៣ ដែលគ្មានគ្រាប់មីន។

ខេត្តកំពង់ស្ពឺដែលទើបប្រកាសជាខេត្តគ្មានគ្រាប់មីន គឺជាខេត្តដែលស្ថិតមិនឆ្ងាយពីរាជធានីភ្នំពេញប៉ុន្មានទេ។ សម្តេចធិបតីបានថ្លែងថាមុននឹងក្លាយជាខេត្តដែលអស់គ្រាប់មីន ខេត្តកំពង់ស្ពឺ គឺជាខេត្តនៃអតីតសមរភូមិប្រយុទ្ធដ៏ខ្លាំងក្លារវាងអតីតកងកម្លាំងរដ្ឋាភិបាល និងក្រុមកម្លាំងខ្មែរក្រហម និងជាខេត្តនៃឈ្នួនផ្ទុះការបែកបាក់ផ្ទៃ ក្នុងកម្លាំងខ្មែរក្រហម ដែលកាលនោះអតីតមេដឹកនាំកងពលទ័ពខ្មែរក្រហមលេខ១៨ គឺលោក កែវ ពង្ស បានផ្តាច់ខ្លួនចេញពីប៉ុលពត មកចុះចូលជាលើកដំបូង ជាមួយនឹងកម្លាំងរាជរដ្ឋាភិបាលនាទិសភ្នំឱរ៉ាល់ នាដើមឆ្នាំ១៩៩៦។

កម្ពុជានៅសល់ផ្ទៃដីសង្ស័យមានមីន និងគ្រាប់មិនទាន់ផ្ទុះទំហំសរុប ១ពាន់ ៨៨៥គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីមានមីនទំហំ ៥៦៣គីឡូម៉ែត្រក្រឡា, ផ្ទៃដីមានគ្រាប់បែកចង្កោម ៧២៩គីឡូម៉ែត្រក្រឡា និងផ្ទៃដីដែលមានសេសសល់យុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងទៀតទំហំ ៥៩៣គីឡូម៉ែត្រក្រឡា ដែលកម្ពុជាបានប្តេជ្ញាថានឹងបោសសំអាតឱ្យអស់ក្នុងឆ្នាំ២០២៥។ ដោយឡែកផ្ទៃដីទំហំ ២ពាន់ ៥៤៤គីឡូម៉ែត្រក្រឡា ត្រូវបានក្រុមប្រតិបត្តិការជួយរំដោះ និងបានក្លាយជាដីបង្កបង្កើនផលសាឡើងវិញ សម្រាប់កសិកររហូតមកទល់ពេលនេះ។

សម្តេចធិបតីបានថ្លែងអំណរគុណចំពោះការចូលរួមជាវិភាគទាន ពីវិស័យឯកជននានា ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីឈានរកការសម្រេចនាំប្រទេសកម្ពុជា ក្លាយជាប្រទេសដែលគ្មានមីនរហូតដល់ឆ្នាំ២០២៥។ សម្តេចធិបតីបានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ចំពោះចក្ខុវិស័យដាក់ចេញ ដើម្បីការនាំកម្ពុជាក្លាយជាប្រទេសឱ្យអស់មីន រហូតដល់ឆ្នាំ២០២៥ខាងមុខនេះ។

យោងតាមទិន្នន័យរបស់អាជ្ញាធរមីន ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ មានប្រជាជនរងគ្រោះសរុបចំនួន ៦ម៉ឺន ៥ពាន់ និង៤នាក់ ក្នុងនោះចំនួនមនុស្សស្លាប់មាន ១ម៉ឺន ៩ពាន់ ៨១៨នាក់ ដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ។ ជាមួយនឹងការប្រឡូកនឹងកិច្ចការដ៏គ្រោះថ្នាក់នេះ, ប្រតិបត្តិករដោះមីនកម្ពុជាចំនួន ១៥៥នាក់ បានជួបប្រទះនឹងការផ្ទុះគ្រាប់មីន ក្នុងពេលកំពុងបំពេញការងារ ក្នុងនោះប្រតិបត្តិករដោះមីន ដែលបាត់បង់ជីវិតមានចំនួន៣១នាក់។

ads banner