ប្រមុខរាជរដ្ឋាភិបាលសង្កត់ធ្ងន់កិច្ចការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស (Video Inside)
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់លើគំរោងការណ៍កាត់បន្ថយ និងឈានបំបាត់បញ្ហាគ្រឿងញៀន ដែលជាផ្នែកអទិភាពដ៏ធំមួយ ដាក់ចេញក្នុងវិធានការគន្លឹះ នៃគោលនយោបានបញ្ចកោណ។
បញ្ហាគ្រឿងញៀន គឺចំណោទមួយដែលតែងមានក្តីព្រួយបារម្ភពីសំណាក់ប្រជាពលរដ្ឋ ខណៈតាមតំបន់ខ្លះត្រូវពលរដ្ឋរាយការណ៍ការជុំវិញការសេពគ្រឿងញៀន និងការជួញដូរគ្រឿងញៀន បើទោះបីជាមានការបង្ក្រាបពីសមត្ថកិច្ចអាជ្ញាធរក៏ដោយ។ ភូមិឃុំណាដែលមានបញ្ហាគ្រឿងញៀន ត្រូវគេកត់សម្គាល់ថា តែងក្លាយជាភូមិដែលគ្មានសុវត្ថិភាព និងសន្តិសុខឡើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងនៅថ្ងៃទី៣០តុលា ក្នុងពិធីមួយនាខេត្តកំពង់ស្ពឺ បានថ្លែងថា ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងអាណ្ណត្តិទី៧ ដើម្បីបោសសំអាតគ្រឿងញៀនមានការតាំងចិត្តខ្ពស់បំផុត។
កម្ពុជាក្នុងឆ្នាំ២០២២កន្លងមក បានបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ៦ពាន់ ៣៩០ករណី, រឹបអូសគ្រឿងញៀនបាន ១៤តោន និង៦១៩គីឡូក្រាមក្បៀស៤៦៧ក្រាម និងឃាត់ខ្លួនជនសង្ស័យ ចំនួន ១ម៉ឺន ៥ពាន់ ២នាក់ ក្នុងនោះរួមមានស្ត្រី ៩៥២នាក់។
ដោយឡែកក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២៣, កម្លាំងមានសមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនចំនួន ៣ពាន់ ១៤៣ករណី និងឃាត់ខ្លួនជនសង្ស័យបានចំនួន ៧ពាន់ ៤៨០នាក់ ជាមួយនឹងការរឹបអូសគ្រឿងញៀនចំនួន ៨៣៨គីឡូក្រាម និង៧៧២ក្បៀស៦ក្រាម។