សកម្មជនគន្លឹះគណបក្សភ្លើងទៀន ១២នាក់ សុំចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា (Video Inside)
សកម្មជនគន្លឹះ នៃគណបក្សភ្លើងទៀនយ៉ាងហោចចំនួន ១២នាក់ បានចាកចេញពីគណបក្សរបស់ខ្លួន កាលពីសប្តាហ៍កន្លងមកនេះ។
សកម្មជនជនទាំង១២ ដែលរួមមានទាំងអ្នករស់នៅ ក្នុងនិងក្រៅប្រទេស បានប្រកាសបញ្ជាក់ការចាកចេញដោយខ្លួនឯងបង្ហោះតាមបណ្តាញសង្គម និងអ្នកចាកចេញទាំងនេះ បានស្នើសុំចូលរួមជីវភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជា។
សេចក្តីរាយការណ៍បានបង្ហាញថាក្នុងចំណោមសកម្មជនដែលបានចាកចេញពីគណបក្សភ្លើងទៀននោះ រួមមាន លោក ថន រិទ្ធី អតីតប្រធានគណបក្សសង្រ្គោះជាតិប្រចាំទីក្រុង Worcester រដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក ដែលបានបញ្ជាក់នូវការចាញ់ឧបាយកល គណបក្សប្រឆាំង ក្នុងនោះរួមមានទាំងការដើរប្រមូលថវិកា ដើម្បីឱ្យមេដឹកនាំក្រុមប្រឆាំងប្រើប្រាស់ផ្ទាល់ខ្លួន។
សកម្មជនផ្សេងទៀតដែលបានចាកចេញកាលពីសប្តាហ៍កន្លងមកនេះទៀត រួមមាន ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនខេត្តបន្ទាយមានជ័យ, ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនខេត្តកំពង់ឆ្នាំង និងប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើង ទៀនខេត្តកំពង់ស្ពឺផងដែរ។ ប្រធានគណបក្សភ្លើងទៀនខេត្តកំពង់ស្ពឺលោក ទី ប៊ុនថេង បាន បរិហាកេរ្តិ៍អំពើបក្ខពួកនិយមគណបក្សភ្លើងទៀនយ៉ាងនេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹងទទួលយកសកម្មជនគណបក្សប្រឆាំងគ្រប់និន្នាការទាំងអស់ ដែលស្នើសុំចូលរួមធ្វើជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា លើកលែងតែមេខ្លោងទណ្ឌិត សម រង្ស៊ី។