រដ្ឋបាលរាជធានីភ្នំពេញ ចាត់ទុកកម្មវិធីវិនិយោគបីឆ្នាំរំកិលថ្នាក់ សង្កាត់-ខណ្ឌ ឆ្លុះបញ្ចាំងពីតម្រូវការជាអាទិភាពនៅថ្នាក់មូលដ្ឋាន និងប្រើប្រាស់ធនធានឱ្យចំគោលដៅប្រកបដោយប្រសិទ្ធភាព

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ចាត់ទុកសិក្ខាសាលា សមាហរណ កម្ម កម្មវិធីវិនិយោគ បីឆ្នាំរំកិល ២០២៤-២០២៦ បានឆ្លុះបញ្ចាំងពីតម្រូវការជាអាទិភាពនៅថ្នាក់មូលដ្ឋាន ក៏ដូចជាប្រើប្រាស់ធនធានឱ្យចំគោលដៅ និងអនុវត្តទៅប្រកបដោយប្រសិទ្ធភាព ។

នេះជាការបញ្ជាក់របស់លោក ម៉ៅ បូណែត អភិបាលរងខណ្ឌចំការមន តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ថ្នាក់សង្កាត់-ខណ្ឌ នាថ្ងៃទី២៧ តុលា ដោយមានការចូលរួមពីលោកស្រី ជា នីតា តំណាងលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន លោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌ,មន្ទីរជំនាញជុំវិញរដ្ឋបាលរាជធានី, តំណាងដៃគូអភិវឌ្ឍន៍, សប្បុរសជន និងវិស័យឯកជនផងដែរ ។

លោក ម៉ៅ បូណែត បានលើកឡើងថា៖ ជារៀងរាល់ឆ្នាំ នៅតាមសាលាខណ្ឌនីមួយៗ តែងបានរៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់សង្កាត់ ខណ្ឌ តាមការណែនាំរបស់ថ្នាក់ជាតិ ។

សិក្ខាសាលានេះ រៀបចំឡើងស្របតាមផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ ទាំងរបស់សង្កាត់ និងខណ្ឌ ដែលនៅក្នុងនោះ ចាំបាច់ត្រូវមានការចូលរួមគាំទ្រពីមន្ទីរជំនាញ ដៃគូអភិវឌ្ឍន៍ សប្បុរសជន និងវិស័យឯកជន ដើម្បីឱ្យគម្រោងដែលបានរៀបចំ ឆ្លុះបញ្ចាំងពីតម្រូវការជាអាទិភាពនៅថ្នាក់មូលដ្ឋាន ប្រើប្រាស់ធនធានឱ្យចំគោលដៅ និងអនុវត្តទៅប្រកបដោយប្រសិទ្ធភាព។

លោកស្រី ជា នីតា ក្នុងនាមគណ:អភិបាលខណ្ឌ បានអំពាវនាវដល់ តំណាងមន្ទីរ អង្គភាព អង្គការ សប្បុរសជន និងដៃគូអភិវឌ្ឍន៍ទាំងអស់ សូមបន្តជួយគាំទ្រដល់គម្រោងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល របស់ខណ្ឌ និងគម្រោងផែនការ អាទិភាពរបស់សង្កាត់ ក្នុងឆ្នាំ២០២៤ ជាបន្តទៀត ដើម្បីឆ្លើយតបបានទៅនឹង សេចក្តីតម្រូវការ របស់ប្រជាពលរដ្ឋ ក៏ដូចជាការចូលរួម អនុវត្តន៍គោលនយោបាយ វិមជ្ឈការ វិសហមជ្ឈការ និងការ អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ឲ្យកាន់តែប្រសើរឡើង ។

បើតាមរបាយការណ៍នៃគម្រោងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាលខណ្ឌ ដែលទទួលបានការគាំទ្រក្នុងសិក្ខាសាលា សមាហរណកម្មឆ្នាំ២០២២ ដែលបានអនុវត្តឆ្នាំ២០២៣ និងគម្រោងជាអាទិភាពសម្រាប់ឆ្នាំ២០២៤ រួមមានគម្រោងដែល ទទួលបានការគាំទ្រឆ្នាំ២០២៣ សរុបចំនួន ១៤៤គម្រោង អនុវត្តសម្រេចបាន ១៤៤គម្រោង ដែលមានដូចជាផ្នែកសេដ្ឋកិច្ច ចំនួន ២២គម្រោង លើ ២២គម្រោង ផ្នែកសង្គមកិច្ចចំនួន ៦៤គម្រោង លើ ៦៤គម្រោង ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការប្រែប្រួលអាកាសធាតុ ចំនួន ៤១គម្រោងលើ៤១គម្រោង, ផ្នែករដ្ឋបាល និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ១៧ គម្រោង លើ ១៧គម្រោង។

ដោយឡែកសម្រាប់គម្រោងជាអាទិភាព ឆ្នាំ២០២៤ ដែលត្រូវដាក់ស្នើសុំការគាំទ្រ នៅក្នុងសិក្ខាសាលា សមាហរណកម្មនាពេលនេះ មានចំនួន ១៨៤គម្រោង ដែលមានផ្នែកសេដ្ឋកិច្ច ២១គម្រោង, ផ្នែកសង្គមកិច្ច ១០១គម្រោង, ផ្នែកគ្រប់គ្រងដីធ្លីធនធានធម្មជាតិ បរិស្ថាន ២៨គម្រោង, ផ្នែករដ្ឋបាល និងសន្តិសុខ ចំនួន ៣៤គម្រោង៕

ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner