លោក ពូទីន ថ្កោលទោសការទម្លាក់គ្រាប់បែកមិនរើសមុខរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា

មូស្គូ៖ មេដឹកនាំរុស្ស៊ីថ្កោលទោសយុទ្ធនាការទម្លាក់គ្រាប់បែកដែលកំពុងបន្តរបស់អ៊ីស្រាអែល ប្រឆាំងនឹងតំបន់ហ្គាហ្សារបស់ប៉ាឡេស្ទីន ដោយនិយាយថា ទង្វើនេះមិនអាចត្រូវបានចាត់ទុកថា ជាអំពើសុចរិតដោយហេតុផលអ្វីនោះទេ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ថ្លែងថា ព្រឹត្តិការណ៍ដ៏អាក្រក់ដែលកើតឡើងនាពេលបច្ចុប្បន្នក្នុងតំបន់ហ្គាហ្សាស្ទ្រីប នៅពេលដែលមនុស្សស្លូតត្រង់រាប់សែននាក់ត្រូវបានសម្លាប់ដោយមិនរើសមុខ ទោះគ្មានកន្លែងរត់គេចខ្លួន និងគ្មានកន្លែងលាក់ខ្លួនពីការទម្លាក់គ្រាប់បែក មិនអាចចាត់ទុកថា ជាអំពើសុចរិតដោយហេតុផលអ្វីនោះទេ។

លោក ពូទីន សង្កត់ធ្ងន់ថា ជម្លោះដែលកំពុងកើតមាននៅមជ្ឈិមបូព៌ាបានចាប់ផ្តើមជាមួយនឹងការវាយប្រហារភេរវកម្មលើជនស៊ីវិលអ៊ីស្រាអែល។ ប៉ុន្តែទោះបីជាយ៉ាងណា ជំនួសឱ្យការដាក់ទណ្ឌកម្មអ្នកដែលនៅពីក្រោយរឿងនេះ ជាអកុសល អ៊ីស្រាអែលបានជ្រើសរើសការសងសឹក និងបានប្រគល់ការទទួលខុសត្រូវរួមដល់ប្រជាជននៅតំបន់ហ្គាហ្សា។

គួរបញ្ជាក់ថា ជម្លោះដ៏ធំរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល ចាប់ផ្តើមនៅថ្ងៃទី៧ ខែតុលា ជាមួយនឹងការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដែលធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។ អ៊ីស្រាអែលបានឆ្លើយតបដោយការទម្លាក់គ្រាប់បែកតាមអាកាស និងកាំភ្លើងធំទៅលើតំបន់ហ្គាហ្សា ធ្វើឲ្យមានការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយ និងមានជនស៊ីវិលស្លាប់ និងរងរបួសរាប់ពាន់នាក់។ អាជ្ញាធរសុខាភិបាលក្នុងតំបន់ហ្គាហ្សា បានឱ្យដឹងថា ប្រជាជនប៉ាឡេស្ទីនច្រើនជាង ៨.០០០នាក់ រួមទាំងកុមារជាង ៣.៣០០នាក់ត្រូវបានសម្លាប់ ខណៈនៅក្នុងទឹកដីអ៊ីស្រាអែលវិញ មនុស្សជាង ១.៤០០នាក់ក៏ត្រូវបានសម្លាប់ផងដែរ៕

ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner