អាល្លឺម៉ង់ចង់ទិញឧស្ម័នពីនីហ្សេរីយ៉ា ជំនួសការផ្គត់ផ្គង់ឧស្ម័នពីរុស្ស៊ី

អាប៊ូហ្សា៖ មេដឹកនាំអាល្លឺម៉ង់ធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសនីហ្សេរីយ៉ា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ស្របពេលដែលទីក្រុងប៊ែរឡាំងកំពុងស្វែងរកប្រភពថាមពលថ្មី ជំនួសឱ្យការពឹងផ្អែកការផ្គត់ផ្គង់ឧស្ម័នពីរុស្ស៊ី។ នីហ្សេរីយ៉ាមានទុនបំរុងឧស្ម័នធំជាងគេនៅទ្វីបអាហ្វ្រិក។

អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ក្រុមហ៊ុនអាល្លឺម៉ង់ចាប់អារម្មណ៍លើការផ្គត់ផ្គង់ឧស្ម័នពីប្រទេសនីហ្សេរីយ៉ា ហើយទន្ទឹងរង់ចាំធ្វើការជាមួយក្រុមហ៊ុនឧស្ម័ននីហ្សេរីយ៉ា។ លោសូលស៍ បានគូសបញ្ជាក់ថា អាល្លឺម៉ង់ទទួលស្គាល់ប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់ទ្វីបអាហ្រ្វិកមួយនេះ ជាដៃគូសំខាន់នៅក្នុងទ្វីបនេះ ទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច ហើយចាប់អារម្មណ៍ក្នុងការពង្រឹងទំនាក់ទំនងទាំងនោះ។

លោក សូលស៍ បន្ថែមថា អាល្លឺម៉ង់មានតម្រូវការសំខាន់សម្រាប់ឧស្ម័នធម្មជាតិ ហើយនៅពេលអនាគត នឹងប្រើប្រាស់ថាមពលអ៊ីដ្រូសែនសម្រាប់សេដ្ឋកិច្ច និងការផ្លាស់ប្តូរថាមពលរបស់ខ្លួន ដោយលោកបានអំពាវនាវឱ្យមានគំនិតផ្តួចផ្តើមរួមគ្នាជាមួយនីហ្សេរីយ៉ា ដើម្បីបង្កើតទីផ្សារដែលស៊ីសង្វាក់គ្នា។ ចំណែកប្រធានាធិបតីនីហ្សេរីយ៉ា លោក បូឡា ធីនូប៊ូ បានប្រាប់អ្នកយកព័ត៌មានថា លោកមានការពិភាក្សាយ៉ាងស៊ីជម្រៅជាមួយលោក សូលស៍ អំពីការវិនិយោគឧស្ម័ន និងបានជំរុញឱ្យក្រុមហ៊ុនអាល្លឺម៉ង់វិនិយោគលើបំពង់បង្ហូរប្រេងនៅក្នុងប្រទេសនីហ្សេរីយ៉ា។

គួរបញ្ជាក់ថា នីហ្សេរីយ៉ា គឺជាដៃគូពាណិជ្ជកម្មធំបំផុតទីពីររបស់អាល្លឺម៉ង់នៅអនុតំបន់សាហារ៉ាក្នុងទ្វីបអាហ្រ្វិក ជាមួយនឹងការវិនិយោគផ្ទាល់របស់អាល្លឺម៉ង់សរុបចំនួន ១៥០លានអឺរ៉ូ ឬប្រមាណ១៥៨លានដុល្លារក្នុងឆ្នាំ២០២១ នេះបើយោងតាមការបញ្ជាក់របស់លោក សូលស៍។ បច្ចុប្បន្នអាល្លឺម៉ង់នាំចូលប្រេងឆៅក្នុងបរិមាណដ៏ច្រើនពីនីហ្សេរីយ៉ា ប៉ុន្តែគ្មានឧស្ម័នទេ៕

ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner