ប្រជាពលរដ្ឋ ខណ្ឌដង្កោ សុំឱ្យអាជ្ញាធរជួយអន្តរាគមន៍លើការធ្វើប័ណ្ណកម្មសិទ្ធិដីធ្លី និង ដោះស្រាយការលិចលង់លំនៅដ្ឋាន ការសុំស្ថាបនាផ្លូវ លូ ប្រឡាយ

(ភ្នំពេញ)៖ ប្រជាពលរដ្ឋ ខណ្ឌដង្កោ បានសំណូមពរជាច្រើនពាក់ព័ន្ធទៅនឹងការស្នើសុំអាជ្ញាធរជួយអន្តរាគមន៍លើការធ្វើប័ណ្ណកម្មសិទ្ធិដីធ្លី ដោះស្រាយការលិចលង់លំនៅដ្ឋានជាមួយនិងការសុំស្ថាបនាផ្លូវ លូ ប្រឡាយផងដែរ ។

ការលើកឡើងរបស់ប្រជាពលរដ្ឋនេះ បានធ្វើឡើង ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣ ឆ្នាំ២០២៣ នៅខណ្ឌដង្កោ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ ក្រោមវត្តមាន ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីតំណាង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅបរិវេណសាលាខណ្ឌដង្កោ ។

រាល់សំណើ និងសំណូមពរផ្ទាល់មាត់របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងវេទិកានេះ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរខណ្ឌ ធ្វើការស្រាយបំភ្លឺ និងដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋនៅនឹងកន្លែងបានរួចរាល់។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានលើកឡើងថា ចំពោះការលិចលង់លំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋ ដោយជំនន់ទឹកភ្លៀងនៅក្នុងបឹងតាម៉ាតនោះ គឺដោយសារម្ចាស់បុរីតាម៉ាតនោះ ចាក់ដីលុបរណ្តៅដីបឹងតាម៉ាតនោះមិនបានខ្ពស់ ហើយសាងសង់ផ្ទះ ពោលគឺការ៉ូក្នុងផ្ទះប្រជាពលរដ្ឋ បើធៀបជាមួយកំពស់ទឹកនៅប្រឡាយភូមិម័រ ទៀបជាងកន្លះម៉ែត្រឯណោះ ហេតុនេះហើយ នៅពេលមានភ្លៀងធ្លាក់ម្តងៗ គឺជៀសមិនផុតពីការលិចលង់នោះទេ។

ឯកឧត្តម មាន ចាន់យ៉ាដា មានប្រសាសន៍ថា ចំពោះបងប្អូនប្រជាពលរដ្ឋដែលស្នើឲ្យអាជ្ញាធរជួយដោះស្រាយបញ្ហាដីធ្លីទំហំ ៥ហិចតា ស្មើជាង ២០០គ្រួសារ លោកស្នើសុំឱ្យប្រជាពលរដ្ឋ ត្រូវពឹងពាក់មកលើអាជ្ញាធរ សង្កាត់ ខណ្ឌ និងរាជធានីដើម្បីដោះស្រាយ កុំពាក់ព័ន្ធជាមួយសង្គមស៊ីវិលដែលវានឹងធ្វើឲ្យការដោះស្រាយកាន់តែពិបាក និងវែងឆ្ងាយ ។

ឯកឧត្តម ម៉ប់ សារិន បានលើកឡើងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះធ្វើឡើងក្នុង១ឆ្នាំម្តង ក្នុងត្រីមាសទី៤ ពោលគឺនៅក្នុងខែ តុលា វិច្ឆិកា និងខែធ្នូ ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរ និងសំណើររបស់ប្រជាពលរដ្ឋ ដែលមានដូចជាបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន បញ្ហាអភិវឌ្ឍន៍មូលដ្ឋាននិងការផ្តល់សេវាសាធារណៈជាដើម ។

ឯកឧត្តម បន្តថា សម្រាប់ផែនការ អភិវឌ្ឍរាជធានីភ្នំពេញឆ្នាំ២០២៤ យើងបានដាក់ចេញជាផែនការរួចហើយ មានថវិកាប៉ុន្មាន ទិសដៅអភិវឌ្ឃន៍យ៉ាងណា ហើយក៏បានបង្ហាញ ជូនប្រជាពលរដ្ឋអោយបានដឹង បានឮ និងឃើញតាមរយៈរបាយការណ៍ដែលបានចែកជូន នៅក្នុងវេទិកានេះហើយដែរ ៕

ដោយ ហេង សម្បត្តិ+ថេត វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner