រុស្ស៊ីចោទអ៊ុយក្រែនថា ជាអ្នកជំរុញការធ្វើកុបកម្មប្រឆាំងអ៊ីស្រាអែល នៅអាកាសយានដ្ឋានក្នុងតំបន់ Dagestan

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក ពូទីន នៅថ្ងៃចន្ទសប្ដាហ៍នេះ បានចោទប្រកាន់អ៊ុយក្រែន និងប្រទេសលោកខាងលិចថា បានជំរុញឱ្យមានការធ្វើកុបកម្មប្រឆាំងនឹងអ៊ីស្រាអែល នៅឯអាកាសយានដ្ឋាន Makhachkala ក្នុងតំបន់ Dagestan ដែលសំបូរប្រជាជនមូស្លីមរស់នៅ។

ថ្លែងក្នុងសុន្ទរកថាតាមរយៈកញ្ចក់ទូរទស្សន៍ជាតិ លោក ពូទីន បានគូសបញ្ជាក់ថា ហេតុការណ៍នេះកើតឡើង ដោយសារតែមានការលេចឡើងនូវពាក្យចចាមអារ៉ាមតាមប្រព័ន្ធបណ្ដាញផ្សព្វផ្សាយសង្គម ដែលជាការជ្រៀតជ្រែកមកពីបរទេស ពោលគឺអ៊ុយក្រែន និងប្រទេសលោកខាងលិច។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova ក៏បានគូសបញ្ជាក់ថា ទីក្រុងកៀវដើរតួនាទីដោយផ្ទាល់ និងសំខាន់ចំពោះការបំផ្លិចបំផ្លាញនានា។

មកទល់ពេលនេះ កងកម្លាំងសន្ដិសុខបានឃាត់ខ្លួនក្រុមបាតុករយ៉ាងហោចណាស់ ៨០នាក់ ចាប់តាំងពីកុបកម្មនេះកើតឡើង និងបានព្យាយាមបញ្ឈប់នូវសកម្មភាពហឹង្សារបស់ក្រុមបាតុករ។ យ៉ាងណាមិញ ទីក្រុងកៀវពុំមានការឆ្លើយតបចំពោះការចោទប្រកាន់នេះនៅឡើយទេ ខណៈសហរដ្ឋអាមេរិកហៅការចោទប្រកាន់នេះថា គួរឱ្យអស់សំណើច។

គួរបញ្ជាក់ផងដែរថា មនុស្សជាច្រើនរាប់ពាន់នាក់ ដែលភាគច្រើនសុទ្ធតែជាអ្នកគាំទ្រប៉ាឡេស្ទីនបាននាំគ្នាធ្វើកុបកម្ម កាលពីថ្ងៃអាទិត្យកន្លងទៅ ក្រោយពេលលឺពាក្យចចាមអារ៉ាមថា យន្ដហោះដឹកជនភៀសខ្លួនមកពីអ៊ីស្រាអែលបានមកចុះចតនៅព្រលានយន្ដហោះ Makhachkala។ មនុស្សយ៉ាងតិចណាស់ ២០នាក់ត្រូវរងរបួសនៅក្នុងហេតុការណ៍នេះ៕

ប្រភព៖ AFP ប្រែសម្រួលដោយ សាន ស្រីលក្ខណ៍

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner