ឧត្តមសេនីយកំពូលរបស់ចិនព្រមានពីការកើតឡើងវិញនៃ​សង្រ្គាមត្រជាក់​​និង​​រិះគន់​សកម្មភាព​របស់​អាមេរិក

ប៉េកាំង៖​កាលពីថ្ងៃចន្ទទី៣០ ខែតុលាកន្លងទៅថ្មីៗនេះឧត្តមសេនីយ៍កំពូលរបស់ប្រទេសចិនគឺលោក Zhang Youxia បាននិយាយថា ពិភពលោកត្រូវតែការពារប្រឆាំងនឹងការកើតឡើងវិញនៃ «ចិត្តគំនិត​បង្កសង្រ្គាម​ត្រជាក់» ខណៈ​ឧត្តមសេនីយ៍កំពូលចិនរូបនេះបន្តរិះគន់សកម្មភាពរបស់សហរដ្ឋអាមេរិក និងបាន​​អំពាវនា​វ​​ជាថ្មីឱ្យមាន​ការចរចា​សន្តិភា​ពរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់។​

ថ្លែងនៅក្នុងពិធីបើកវេទិកា Xiangshan នាទីក្រុងប៉េកាំងលើកទី ១០ លោកបានចោទប្រកាន់​ប្រទេសមួយចំនួន ​ដោយមិនបញ្ចេញឈ្មោះថា មានផ្នត់គំនិត​​រួមគ្នាបង្កើតជាក្រុម និងលើកកម្ពស់​ឯកតោភាគី​និ​យម​។​

ឧត្តមសេនីយ Zhang បាននិយាយថា ការមើលការអភិវឌ្ឍរបស់អ្នកដទៃជាការគំរាមកំហែង និងការពឹង​ពាក់ផ្នែក​សេដ្ឋកិច្ច​គឺជាហានិភ័យ និ​ងមិនធ្វើឱ្យជីវិតនរណាម្នាក់កាន់តែប្រសើរឡើង ឬជួយ​ដល់​ការរីកចំរើន​នោះទេ។ មែនទែនទៅការនិយាយនេះ ​ឧត្តមសេនីយ Zhang ទំនង​ជា​សំដៅលើ​ចលនា​របស់​អាមេរិក​ក្នុ​ងការ​ទប់ស្កាត់​​ការ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ទំនើប​របស់​ចិន​ដែល​អាច​ប្រើ​បាន​ក្នុង​កម្មវិធី​យោធា។​

ការប្រកួតប្រជែងអំណាចដ៏ខ្លាំងរវាងសហរដ្ឋអាមេរិក និងចិន ហាក់មិនមានសញ្ញាណនៃការថម​ថយ​នោះ​ទេ សូម្បី​តែ​​កិច្ច​ប្រជុំរវាងមន្ត្រីកំពូលនៃប្រទេសទាំងពីរ ក៏មានភាពតានតឹងឡើងវិញខ្លាំង​ជាលំដាប់ក្នុងប៉ុ​​ន្មា​ន​​​​ខែថ្មីៗនេះ។​

ទំនាក់ទំនង​​កិច្ចសន្ទនា​យោធា​រវាង​ប្រទេស​ទាំង​ពីរ​ដែល​ត្រូវ​បាន​ផ្អាក​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​មកហើយ ពោលគឺបន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​សភា​អាមេរិកលោកស្រី Nancy Pelosi នៅ​កោះ​តៃវ៉ាន់។ សម្រាប់​ភាគីចិន ​លោកឧត្តមសេនីយ៍ Zhang បាននិយាយថា ប្រទេសចិនមានឆន្ទៈក្នុង​ការអភិវឌ្ឍ​ទំនាក់ទំន​ង​​​​ដោយផ្អែក​លើការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និង​កិច្ចសហប្រតិបត្តិ​ការឈ្នះ-ឈ្នះ​។​

សូម​ជម្រាបថា សម្រាប់ប្រទេសចិន ឧត្តមសេនីយ Zhang ដែលជាអនុប្រធាននៃបញ្ជាការដ្ឋានជាន់​ខ្ពស់យោ​ធា​របស់​ប្រទេសចិន បាន​ឈានជើងចូលតួនាទីការទូតសំខាន់ៗ​ រួមជាមួយអនុប្រធានគណៈ​កម្មាធិកា​រយោធា​មជ្ឈឹម​ម្នាក់​ទៀត គឺឧត្តមសេនីយ៍ He Weidong ខណៈពេលដែល​អវត្តមាន​រដ្ឋមន្ត្រី​ការពារជាតិ​ដែលត្រូវ​បានដកចេញពី​តំណែង​។​

ដោយឡែក ក្នុងព្រឹត្តិការណ៍ Xiangshan លោកឧត្តមសេនីយ៍ Zhang បានផ្តល់សុន្ទរកថា​ស្វាគមន៍​នៅឯ​ពិធី​បើកអាហារ​ពេលល្ងាច​កាលពីថ្ងៃ​អាទិត្យ។ ​ក្រៅពីនោះ លោកឧត្តមសេនីយ៍ Zhang និងលោក Gen He ក៏បានជួប​ប្រជុំទ្វេភាគី​ដាច់ដោយឡែកពីគ្នាកាលពីចុង​សប្តាហ៍ជា​មួយសមភាគី​មកពីប្រទេសដែល​កំ​ពុង​បំពេញទស្សនកិច្ច​ដូចជា​បេឡារុស្ស កម្ពុជា និងវៀតណាម៕​​

ប្រែសម្រួល៖ស្រ៊ុន សិរីវឌ្ឍនៈ

ប្រភព៖ China’s top general warns of resurgence of ‘Cold War mentality’, criticizes US actions

ads banner