កងកម្លាំងអ៊ីស្រាអែល វាយផ្ទប់ទីក្រុងសំខាន់ៗភាគខាងជើងហ្គាហ្សាខណៈប្រជាជនស៊ីវិលស្លាប់កាន់តែច្រើន
ហ៊្សេរ៉ុយសាឡិម៖កងទ័ពអ៊ីស្រាអែល ប្រដាប់ដោយរថក្រោះបានវាយផ្ទប់តំបន់ភាគខាងជើងហ្គាហ្សា ដែលជាទីតាំងដ៏សំខាន់របស់ហ្គាហ្សា ហើយបានដាក់គោលដៅវាយលុកបាញ់ឆ្ពោះទៅភាគខាងត្បូងនៃតំបន់ហ្គាហ្សា កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។
បើតាមសម្ដីរបស់សាក្សី ការវាយប្រហារកាន់តែខ្លាំងរបស់អ៊ីស្រាអែលនាពេលនេះ រឹតតែទាមទារចំណាប់អារម្មណ៍អន្តរជាតិក្នុងការចូលរួមការពារជីវិតប្រជាជនស៊ីវិលប៉ាឡេស្ទីន។
ទាក់ទងនឹងរឿងនេះ យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានវាយប្រហារលើគោលដៅសកម្មប្រយុទ្ធជាង ៦០០ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ។ក្នុងនោះ អ៊ីស្រាអែលក៏បានពង្រីកប្រតិបត្តិការជើងគោក ដែលជាកន្លែងជនស៊ីវិលប៉ាឡេស្ទីនត្រូវការប្រេងឥន្ធនៈ អាហារ និងទឹកស្អាតខ្លាំង ខណៈដែលសង្រ្គាមឈានចូលដល់សប្តាហ៍ទីបួនទៅហើយ។
នៅពីក្រោយការវាយប្រហារដ៏សន្ធោសន្ធៅក្នុងរយៈពេលត្រឹមតែប៉ុន្មានថ្ងៃមកនេះ មន្ត្រីសុខាភិបាលប៉ាឡេស្ទីននៅទីក្រុងហ្គាហ្សា បាននិយាយកាលពីថ្ងៃចន្ទថា មនុស្សចំនួន ៨ ៣០៦ នាក់ រួមទាំងអនីតិជនចំនួន ៣ ៤៥៧ នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយលុកតាមអាកាស និងជើងគោករយៈពេល ៣ សប្តាហ៍កន្លងទៅនេះរបស់អ៊ីស្រាអែល។
ដោយសារការវាយប្រហារជាបន្តបន្ទាប់របស់អ៊ីស្រាអែលបែបនេះ បានធ្វើឱ្យឡានជំនួយមនុស្សធម៌តិចជាងមុនអាចចូលទៅដល់តំបន់ដែលប្រជាជនកំពុងមានតម្រូវការអាហារ។ មូលហេតុនេះផងដែរ ដែលនាំឱ្យប្រជាជនស៊ីវិលនាំគ្នាសម្រុកចូលឃ្លាំងស្តុករបស់អង្គការសហប្រជាជាតិ(អ.ស.ប) ដើម្បីស្វែងរកអាហារ។
ទីភ្នាក់ងារអ.ស.ប ទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បាននិយាយកាលពីថ្ងៃចន្ទថា ការសម្រុកចូលរបស់ប្រជាជនស៊ីវិលនោះបានធ្វើឱ្យមជ្ឈមណ្ឌលចែកចាយជំនួយរបស់អ.ស.ប ចំនួនបួន និងកន្លែងស្តុកទុកមួយ រងការខូចខាតយ៉ាងដំណំ ជាពិសេសបានប៉ះពាល់ទៅដល់ដំណើរការស្តុកទុកអាហារបម្រុងនៅក្នុងឃ្លាំង។
មុនការវាយប្រហារនោះ អ៊ីស្រាអែលបានក៏បានជូនដំណឹងទៅដល់ជនស៊ីវិលឱ្យផ្លាស់ទីពីភាគខាងជើងនៃតំបន់ហ្គាហ្សា ទៅកាន់ភាគខាងត្បូង ដើម្បីអនុញ្ញាតឱ្យខ្លួនតាមចាប់ក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលកំពុងលាក់ខ្លួនក្នុងផ្លូវរូងក្រោមដី ក្រោមទីក្រុងហ្គាហ្សា។
ប៉ុន្តែយ៉ាងណា ប្រជាជនប៉ាឡេស្ទីនជាច្រើននាក់នាពេលនេះ កំពុងរស់នៅក្នុងភាពមិនប្រាកដប្រជា ដោយអ្នកខ្លះភ័យខ្លាចថា ពួកគេអាចក្លាយជាមនុស្សគ្មានផ្ទះសម្បែងដូចប្រជាជនជំនាន់មុន ហើយខ្លះទៀតព្រួយបារម្ភថា អ៊ីស្រាអែលអាចនឹងវាយប្រហារតាមផ្លូវអាកាសបន្តទៅភាគខាងត្បូងទៀត៕
ដោយ៖កែវ បុស្បា
ប្រភព៖ Israeli forces attack Gaza’s main city from two directions