វាយសី វិញ្ញាសាជាក្រុម កម្ពុជា រកបានមេដាយប្រាក់ពីការប្រកួតកីឡាវាយសីជើងឯកយុវជនអាស៊ីអាគ្នេយ៍ក្រោមអាយុ ១៥ឆ្នាំ និង ១៧ឆ្នាំ

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ វិញ្ញាសាប្រកួតជាក្រុមអាយុក្រោម១៥របស់កម្ពុជា នាព្រឹកថ្ងៃទី៣១ ខែ តុលា ឆ្នាំ២០២៣នេះ ឈ្នះត្រឹមមេដាយប្រាក់ប៉ុណ្ណោះ ក្រោយចាញ់ប្រទេសមីយ៉ាន់ម៉ានៅក្នុងវគ្គផ្តាច់ព្រ័ត្រប្រជែងដណ្តើមមេដាយមាស ក្នុងការប្រកួតកីឡាវាយសីជើងឯកអាស៊ីអាគ្នេយ៍ក្រោមអាយុ១៥និង១៧ឆ្នាំ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ នៅក្នុងកីឡដ្ឋានជាតិមរតកតេជោ ។

ឯកឧត្តម ជាម សុភា អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជាបានប្រសាសន៍ថា លទ្ធផលមេដាយប្រាក់ដែលក្រុមវាយសីកម្ពុជាអាយុក្រោម១៥ឆ្នាំ ប្រជែងដណ្តើមបានក្នុងព្រឹត្តិការណ៍កម្រិតតំបន់នេះ វាជាលទ្ធផលល្អមួយសម្រាប់ក្រុមកីឡាវាយសីវ័យក្មេងកម្ពុជា ព្រោះថា ពួកគាត់ទើបតែមានអាយុ១៣ទៅ១៤ប៉ុណ្ណោះ និងទើបតែចូលហ្វឹកហាត់ដែរ។ លទ្ធផលមេដាយប្រាក់នេះ បានសរបញ្ជាក់ឲ្យឃើញថា ពួកកាត់លេងបានល្អ និងខិតខំប្រឹងប្រែងក្នុងការហ្វឹកហាត់ណាស់ ដើម្បីដណ្តើមជ័យជំនះជូនកម្ពុជា។

ឯកឧត្តម អគ្គលេខាធិការ បានគូសបញ្ជាក់ទៀតថា ការប្រកួតជើងឯកយុវជនអាស៊ីអាគ្នេយ៍ដែលយើងទទួលធ្វើជាម្ចាស់ផ្ទះលើកទី១នេះ គឺជាការប្រកួតមួយដែលជួយពង្រឹងសមត្ថភាព និងបទពិសោធន៍ដល់កីឡាករវាយសីវ័យក្មេងកម្ពុជាឲ្យមានទឹកចិត្តមោះមុតក្លាហាន មិនថាការប្រកួតកម្រិតធំអន្តរជាតិបែបណាក៏ដោយ។

ដោយឡែកកីឡាការិនីវាយសីកម្ពុជា កុយ កន្និកា អាយុ១៥ឆ្នាំ បានឲ្យដឹងក្រោយបញ្ចប់ការប្រកួតដែរថា សម្រាប់ការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ដែលក្រុមរបស់នាង បានចូលរួមជាលើកដំបូងនេះ លទ្ធផលទទួលបានត្រឹមមេដាយប្រាក់នេះ ជាលទ្ធផលល្អមួយដែរសម្រាប់កម្ពុជា ព្រោះវាជាការប្រកួតចូលរួមលើកដំបូង ហើយ លទ្ធផលនេះ នឹងរួមចំណែកលើកទឹកឲ្យក្រុមរបស់ពួកយើងប្រឹងប្រែងហ្វឹកហាត់ដុះខាត់សមត្ថភាពបន្ថែមទៀត ដើម្បីឈានទៅសម្រេចភាពជោគជ័យលើវថីកីឡាវាយសីនៅពេលអនាគត។

សូមបញ្ជាក់រយៈពេល២ថ្ងៃនៃការប្រកួតកីឡាវាយសីយុវជនជើងឯកអាស៊ីអាគ្នេយ៍ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ វិញ្ញសាប្រកួតជាក្រុមអាយុក្រោម១៥បានបញប់នៅព្រឹកថ្ងៃទី៣១ ដោយមេដាយមាសបានទៅប្រទេសមីយ៉ាន់ម៉ា និងមេដាយប្រាក់បានមកប្រទេសកម្ពុជា ខណៈវិញ្ញសាប្រកួតជាក្រុមអាយុក្រោម១៧ឆ្នាំ ក្រុមវាយសីកម្ពុជា នឹងជួបក្រុមវាយសីប្រទេសមីយ៉ាន់ម៉ាប្រកួតដណ្តើមមេដាយមាស នៅថ្ងៃទី១ ខែ វិច្ឆិកា ឆ្នាំ២០២៣ ស្របពេលដែលវិញ្ញាសាមួយចំនួនទៀតកំពុងបន្តការប្រកួតឡើងទៅកាន់វគ្គបន្តបន្ទាប់។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាវាយសីជើងឯកយុវជនអាស៊ីអាគ្នេយ៍លើកដំបូងនៅកម្ពុជានេះ គឺមានអត្តពលិកប្រមាណ ៧០នាក់មកពី ៥ប្រទេសចូលរួម មានដូចជា ឡាវ មីយ៉ាន់ ទីម័រ ព្រុយណេនិងកម្ពុជាម្ចាស់ផ្ទះ ដំណើរការប្រកួតរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈទស្សនិកជនអាចចូលរួមទស្សនាដោយសេរី ពុំមានលក់សំបុត្រនោះទេ ៕

រូបភាព អត្ថបទៈជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner