វៀតណាម​សម្លឹង​មើល​ការ​បង្កើត​​រោងចក្រ​ផលិត​បន្ទះ​ឈីប​ ទោះ​អាមេរិក​​ព្រមាន​ពី​ការ​ចំណាយ​ខ្ពស់​

ហាណូយ៖ប្រទេស​​​វៀតណាម ​កំពុង​ពិភាក្សា​ជាមួយ​ក្រុម​ហ៊ុន​បន្ទះ​ឈីប​ក្នុង​គោល​បំណង​ជំរុញ​ការ​វិនិយោគ​​ និង​អាច​សាង​សង់​រោងចក្រ​ផលិត​បន្ទះ​ឈីប​ ឬ​សេម៊ីកុងឌុចទ័រ​​​ដំបូង​របស់​ខ្លួន​ក្នុង​ប្រទេស​នេះ​ ​​ទោះ​បី​​ជា​មាន​ការ​ព្រមាន​ពី​មន្ត្រី​ឧស្សាហកម្ម​អាមេរិក​ អំពី​ការ​ចំណាយ​ខ្ពស់​ក៏​ដោយ​។​ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នា​ក់ងារ​សារព័ត៌មាន​រ៉យទ័រថ្ងៃ​ទី​​៣១ ខែ​តុលា​​។

វៀតណាម​ ដែល​ជា​មជ្ឈ​មណ្ឌល​ផលិត​គ្រឿង​អេឡិចត្រូនិក​នៅ​អាស៊ី​អាគ្នេយ៍នោះ​​ ​មាន​រោង​ចក្រ​​​​វេច​​ខ្ចប់​​ និ​ង​ធ្វើ​តេស្ត​​​បន្ទះ​ឈីប​ដ៏​ធំ​​បំផុត​របស់​ក្រុម​ហ៊ុន​អាមេរិក​ Intel រួច​ទៅ​ហើយ​ ​ខណៈ​ប្រទេស​នេះ​ក៏​ជា​​កន្លែង​សម្រា​ប់​ក្រុមហ៊ុន​​សូហ្វវែរ​រចនា​បន្ទះ​ឈីប​ជា​ច្រើន​ផ្សេង​ទៀត​។ នា​ពេល​នេះ​ វៀតណាម​កំពុង​ធ្វើ​ការ​លើ​យុទ្ធសា​ស្រ្ត​ ដើម្បី​ទាក់​ទាញ​ការ​វិនិយោគ​​លើ​វិស័យ​បន្ទះ​ឈីប​បន្ថែម​ទៀត​។

លោក​ Vu Tu Thanh ​ប្រធាន​ការិយាល័យ​វៀតណាម​នៃ​ក្រុម​ប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន​ បាន​ប្រាប់​​រ៉យទ័រ​ថា​ ​វៀតណាម​បាន​រៀប​ចំ​កិច្ច​ប្រជុំ​ជាមួយ​ក្រុម​ហ៊ុន​ផលិត​បន្ទះ​ឈីប​អាមេរិក​ប្រហែល​​ពាក់​កណ្តាល​​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​​សប្តាហ៍​ថ្មី​ៗ​នេះ​ រួម​ទាំង​ជាមួយ​​ប្រតិបត្តិករ​ក្រុម​ហ៊ុន​ផលិត​បន្ទះ​ឈីប​ផង​ដែរ​។

​​លោក​​បដិសេធ​​មិន​​បញ្ជាក់​​អត្ត​សញ្ញាណ​​ក្រុម​ហ៊ុន​​នោះ​​​ទេ​ ដោយ​សា​​រ​​តែ​​ការ​​ចរចា​​នៅ​​តែ​​ស្ថិត​​ក្នុង​​ដំណាក់​កាល​​បឋម​។​

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​បន្ទះ​ឈីប​ម្នាក់​ បាន​និយាយ​ប្រាប់​រ៉យទ័រ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា​ ​​ការ​ពិភាក្សា​ជាមួយ​អ្នក​វិនិយោគ​ដែល​មាន​សក្តានុពល​ ​មាន​ការ​ចូល​រួម​ពី​ក្រុមហ៊ុន​ផលិតជាប់​​កិច្ច​សន្យា​ពី​អាមេរិក​ ​​ GlobalFoundries ​និង​ពី​តៃវ៉ាន់​​ PSMC។ ​នាយក​ប្រតិបត្តិ​ដដែល​បាន​បន្ថែម​ថា​ គោល​បំណង​គឺ​ដើម្បី​សាង​សង់​រោង​ចក្រ​ផលិត​បន្ទះ​ឈីប​ដំបូង​គេ​បង្អស់​នៅ​វៀតណាម​ ​ដែល​ភាគ​ច្រើន​ទំនង​ជា​សម្រាប់​បន្ទះ​ឈីប​​ទំនើប​​ ​ដែល​ប្រើ​ក្នុង​រថយន្ត​ ឬ​សម្រាប់​កម្មវិធី​ទូរគមនាគមន៍​។​

គួរ​​បញ្ជាក់​ថា​ កិច្ច​ប្រជុំ​ជាមួយ​ក្រុមហ៊ុន​ឈីប​ធ្វើ​ឡើង​​​បន្ទាប់​ពី​​ប្រធានាធិបតី​អាមេរិក​ ចូ បៃដិន​ ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​ក្រុង​ហាណូយ​កាល​ពីខែ​កញ្ញា​  ​ហើយ​សេតវិមាន​អាមេរិក​បាន​ហៅ​អតីត​សត្រូវ​មួយ​នេះ​ ថា​ជា​​តួអង្គ​ដ៏​សំខាន់​ក្នុង​​​​​ខ្សែ​​សង្វាក់​ផ្គត់​ផ្គង់​បន្ទះ​ឈីប​ពិភព​លោក​។  ​​

យ៉ាង​ណា​មិញ​​ មន្ត្រី​ឧស្សាហកម្ម​វៀតណាម​បាន​និយាយ​ថា​ កិច្ច​ប្រជុំ​នៅ​ដំណាក់​កាល​នេះ​ភាគ​ច្រើន​ គឺ​ដើ​ម្បី​​សាក​ល្បង​ចំណាប់​អារម្មណ៍ ​និង​ពិភាក្សា​​ពី​ការ​លើក​ទឹក​ចិត្ត​ និង​ប្រាក់​ឧបត្ថម្ភសំខាន់ៗ​​​​ រួម​ទាំង​ការ​ផ្គត់​ផ្គង់​ថាមពល​ ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​លទ្ធភាព​ទទួល​បាន​កម្លាំង​ពលកម្ម​ដែល​ទទួល​បាន​ការ​​បណ្តុះ​បណ្តាល​។​

ចំណែក​ឯ​រដ្ឋាភិបាល​វៀតណាម​វិញ​ បាន​និយាយ​ថា​ ខ្លួន​ចង់​​បង្កើត​រោងចក្រ​ផលិត​បន្ទះ​ឈីប​ដំបូង​របស់​ខ្លួន​នៅ​ចុង​ទសវត្សរ៍​នេះ​ ហើយ​កាល​ពី​ថ្ងៃ​ចន្ទ​ បាន​និយាយ​ថា​ ក្រុមហ៊ុន​បន្ទះ​ឈីប​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ «​ការ​លើក​ទឹក​ចិត្ត​ខ្ពស់​បំផុត​ដែល​វៀតណាម​មាន​»​។

​ទោះជាយ៉ាងណាក៏ដោយ លោក​ Robert Li ​អនុ​ប្រធាន​ក្រុមហ៊ុន​ US Synopsys ​ដែល​ជា​ក្រុមហ៊ុន​រចនា​បន្ទះ​ឈីប​ឈាន​មុខ​គេ​ និង​​មាន​ប្រតិបត្តិការ​នៅ​​វៀតណាម​ បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​នេះ​​ «​គិត​​២​ដង»​ មុន​ពេល​ផ្តល់​ប្រាក់​ឧបត្ថម្ភ​សម្រាប់​​ការ​សាង​សង់​រោង​ចក្រ​ផលិត​បន្ទះ​ឈីប​។  ​

​​ក្នុង​​​កិច្ច​ប្រជុំ​កំពូល​សេម៊ីកុងឌុចទ័រ​វៀតណាម​ ​ ​នៅ​ទីក្រុង​ហាណូយ​កាល​ពី​ថ្ងៃ​អាទិត្យ​ លោក​បាន​និយាយ​ថា ​ការ​សាង​សង់​គ្រឹះ​អាច​ចំណាយ​ប្រាក់​រហូត​ដល់​​ ៥០ ប៊ីលាន​ដុល្លារ​ ​ហើយ​នឹង​មាន​ការ​ប្រកួត​ប្រជែង​លើ​ការ​ឧបត្ថម្ភធន​ជាមួយ​ប្រទេស​ចិន​ សហរដ្ឋ​អាមេរិក​ កូរ៉េ​ខាង​ត្បូង​ និង​សហភាព​អឺរ៉ុប​ ដែល​បាន​ប្រកាស​ផែនការ​ចំណាយ​លើ​បន្ទះ​ឈីប​​ពី​ ៥០ ទៅ​ ១៥០ ប៊ីលាន​ដុល្លារ​រៀង​ៗ​ខ្លួន​។

ចំណែក​ឯ​លោក​ John Neuffer ​ប្រធាន​សមាគម​ឧស្សាហកម្ម​ឈីប​របស់​អាមេរិក​ បាន​​ផ្តល់​អនុសាសន៍​ក្នុង​កិច្ច​ប្រជុំដូច​គ្នា​ ឱ្យ​រដ្ឋាភិបាល​វៀតណាម​ផ្តោត​លើ​វិស័យ​បន្ទះ​ឈីប​​ដែល​វៀតណាម​មាន​ភាព​រឹង​មាំ​រួច​ទៅ​ហើយ​ ដូច​ជា​ការ​ដំឡើង​ ការ​វេច​ខ្ចប់​ និង​ការ​ធ្វើ​តេស្ត​ជា​ដើម​៕

ប្រែសម្រួល៖ហួន ឌីណា

ប្រភព​៖ Vietnam eyes first semiconductor plant, US officials warn of high costs ​

ads banner