ចិនសន្យាបន្តកិច្ចសន្ទនាយោធាជាមួយអាមេរិក
ប៉េកាំង៖ មេដឹកនាំយោធាកំពូលរបស់ចិន លោក ចាង យ៉ូវស៊ា (Zhang Youxia) បានរិះគន់ដោយប្រយោលទៅកាន់សហរដ្ឋអាមេរិក ខណៈដែលលោកបានបង្ហាញពីបំណងចង់ស្តារទំនាក់ទំនងយោធាជាមួយទីក្រុងវ៉ាស៊ីនតោន។ ការរិះគន់នេះបានធ្វើឡើងអំឡុងពេលដែលលោកឡើងថ្លែងសុន្ទរកថានៅឯវេទិកាសន្តិសុខស៊ាងសាន (Xiangshan) ដោយលោកបានសង្កត់ធ្ងន់លើការលំបាកក្នុងការបង្កើតកិច្ចសន្ទនាគ្នាឡើងវិញរវាងមហាអំណាចពិភពលោកទាំងពីរនេះ ដោយសារតែភាពតានតឹងកំពុងកើនឡើង។
លោក ចាង បាននិយាយថា ៖ «យើងនឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី ហើយក៏នឹងបើកទូលាយក្នុងការកសាងទំនាក់ទំនងយោធាជាមួយសហរដ្ឋអាមេរិក ផ្អែកទៅលើគោលការណ៍គោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក»។
លោក ចាង ដែលជាមេដឹកនាំយោធាជាន់ខ្ពស់បំផុតទីពីររបស់ប្រទេសចិនបន្ទាប់ពីលោក ស៊ី ជីនពីង (Xi Jinping) បានរិះគន់ប្រទេសមួយចំនួនដែលបានបង្កការរំខានដល់ស្ថិរភាព និងសន្តិសុខនៅទូទាំងពិភពលោក។ ការរិះគន់នេះត្រូវបានគេយល់ឃើញថា លោកចង់សំដៅទៅលើសហរដ្ឋអាមេរិក។
លោកបានបញ្ជាក់ថា ប្រទេសទាំងនេះមានចេតនាបង្កចលាចល ជ្រៀតជ្រែកក្នុងបញ្ហាក្នុងតំបន់ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ និងបង្កចលាចលនយោបាយ។
ការត្អូញត្អែររបស់លោក ចាង បែបនេះគឺស្រដៀងនឹងអ្វីដែលលោក ស៊ី ធ្លាប់បាននិយាយកន្លងមកដែរ។
គួរដឹងដែរថា វេទិកានេះបានប្រព្រឹត្តទៅបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) បានជួបពិភាក្សាជាមួយមេដឹកនាំអាមេរិក លោក ចូ បៃដិន (Joe Biden) លោក អាន់តូនី ប្លិងកិន (Antony Blinken) និងលោក ចេក ស៊ូលីវ៉ាន់ (Jake Sullivan) នៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃសុក្រ។
លោក វ៉ាង និងក្រុមមន្ត្រីជាន់ខ្ពស់អាមេរិកដទៃទៀតបានជួបជជែកគ្នាអំពីភាពអាចទៅរួចនៃជំនួបរវាងលោក ស៊ី និងលោក បៃដិន នៅក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកនៅទីក្រុងសានហ្វ្រាន់ស៊ីស្កូ (San Francisco) ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី១១ ខែវិច្ឆិកាខាងមុខនេះ។
លោក ចាង ក៏បានលើកឡើងអំពីបញ្ហានៅកោះតៃវ៉ាន់ ដែលជាប្រធានបទដ៏រសើបខ្លាំងក្នុងទំនាក់ទំនងអាមេរិក និងចិន។ ក្រុងប៉េកាំងបានអះអាងថា តៃវ៉ាន់ជាទឹកដីរបស់ខ្លួន ហើយបានព្រមានថាខ្លួននឹងអាចប្រើប្រាស់កម្លាំងយោធា ប្រសិនបើតៃវ៉ាន់នៅតែបន្តបដិសេធក្នុងការបង្រួបបង្រួមជាមួយចិនដីគោក ឬក៏ទៅពឹងផ្អែកកម្លាំងយោធាខាងក្រៅដើម្បីគាំទ្រឯករាជ្យពីប្រទេសចិន។
នាយឧត្តមសេនីយ៍រូបនេះបានរំលេចថា «មិនថាអ្នកណាក៏ដោយ ដែលព្យាយាមបំបែកតៃវ៉ាន់ចេញពីប្រទេសចិន យោធាចិននឹងមិនអនុញ្ញាតឱ្យរឿងនេះកើតមានឡើងនោះឡើយ។ យើងនឹងមិនបង្ហាញក្តីមេត្តាករុណាទៅកាន់អ្នកនោះជាដាច់ខាត»។
គួរបញ្ជាក់ថា ទីក្រុងប៉េកាំងក៏បានអញ្ជើញរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) ទៅចូលរួមវេទិកាវិស័យការពារជាតិ ស៊ាងសាន នេះដែរ ប៉ុន្តែត្រូវបានលោក អូស្ទីន បដិសេដ ដោយបានឱ្យលោកស្រី ស៊ីនធៀ ហ្សានធី ខារ៉ាស (Cynthia Xanthi Carras) ដែលបម្រើការក្នុងការិយាល័យអនុរដ្ឋលេខាធិការការពារជាតិទទួលបន្ទុកទំនាក់ទំនងជាមួយចិន តំណាងឱ្យសហរដ្ឋអាមេរិកចូលរួមជំនួសលោក អូស្ទីន។
ការអញ្ជើញនេះត្រូវបានគេមើលឃើញថា វាជាសញ្ញាមួយបង្ហាញថា ប្រទេសទាំងពីរកំពុងសម្លឹងរកមើលការចាប់ផ្តើមទំនាក់ទំនងវិស័យយោធារបស់ពួកគេឡើងវិញ។ គួររំឭកថា ចិនបានកាត់ផ្ដាច់កិច្ចសន្ទនាផ្នែកយោធាជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីប្រធានសភាអាមេរិកលោកស្រី ណានស៊ី ប៉េឡូស៊ី (Nancy Pelosi) បានធ្វើទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់កាលពីខែសីហា ឆ្នាំ២០២២។
កាលពីខែមិថុនា ទីក្រុងប៉េកាំងធ្លាប់បានបដិសេធជំនួបរវាងរដ្ឋមន្ត្រីការពារជាតិរបស់ខ្លួន គឺលោក លី សាងហ្វ៊ូ (Li Shangfu) ដែលស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងលោក អូស្ទីន នៅក្នុងកិច្ចសន្ទនាស្ដីពីវិស័យការពារជាតិ សាងរី ឡា (Shangri-La) ក្នុងប្រទេសសិង្ហបុរី។ គួរដឹងដែរថា ថ្មីៗនេះលោក លី ត្រូវបានចិនដកចេញពីតំណែងជារដ្ឋមន្ត្រីការពារជាតិ និងសមាជិកគណៈរដ្ឋមន្ត្រី។ ដោយឡែក សម្រាប់រដ្ឋមន្ត្រីថ្មីដែលនឹងត្រូវឡើងកាន់ដំណែងជំនួសលោក លី នៅមិនទាន់ត្រូវបានប្រកាសនៅឡើយទេ។
ប្រទេសចិនបានប្រើប្រាស់សន្និសីទនេះ ដើម្បីបង្កើនមហិច្ឆតារបស់ខ្លួនក្នុងការពង្រីកឥទ្ធិពលកាន់តែខ្លាំងនៅលើឆាកអន្តរជាតិ។ លោក ចាង និងឥស្សរជនយោធាចិនជាន់ខ្ពស់ផ្សេងទៀតបាននាំគ្នាតស៊ូមតិគាំទ្រគំនិតផ្តួចផ្តើមដែលដាក់ចេញដោយលោក ស៊ី ដូចជាគំនិតផ្តួចផ្តើមសន្តិសុខសកលជាដើម។ គំនិតផ្តួចផ្តើមនេះមានគោលបំណងបង្ហាញថា ប្រទេសចិនជាកម្លាំងសកលវិជ្ជមានមួយបើធៀបនឹងសហរដ្ឋអាមេរិក៕ ធា សុណា