លោក ពូទីន៖ លោកខាងលិចជាអ្នកនៅពីក្រោយខ្នង ហ្វូងមនុស្សស្ទាក់យន្តហោះពីអ៊ីស្រាអែលនៅព្រលានតំបន់ Dagestan
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានចោទប្រកាន់ថា ភ្នាក់ងារចារកម្មបស្ចិមលោកនៅប្រទេសអ៊ុយក្រែន ជាអ្នកនៅពីក្រោយខ្នងនៃហ្វូងកុបករគាំទ្រប៉ាឡេស្ទីន ដែលនាំគ្នាសម្រុកចូលស្ទាក់ជើងហោះហើរពីអ៊ីស្រាអែលនៅព្រលានយន្តហោះក្នុងតំបន់ភាគខាងត្បូងរុស្ស៊ី Dagestan។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
ថ្លែងទៅកាន់មន្ត្រីរដ្ឋាភិបាលកំពូលនៅក្នុងការអត្ថាធិប្បាយតាមទូរទស្សន៍កាលពីថ្ងៃចន្ទ លោក ពូទីន ហៅហេតុការណ៍ដែលកើតឡើងកាលពីយប់ថ្ងៃអាទិត្យ ហើយបណ្ដាលឱ្យមនុស្សជាង ២០ នាក់រងរបួស ដោយគ្មានជនជាតិអ៊ីស្រាអែលសូម្បីម្នាក់ក្នុងចំណោមនោះថា ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ដើម្បីធ្វើឱ្យប្រទេសរុស្ស៊ីចុះខ្សោយ។
លោក ពូទីន មិនបាននិយាយយ៉ាងណាអំពីការវាយតម្លៃលើចំណាត់ការឆ្លើយតបរបស់អាជ្ញាធររុស្ស៊ីនៅព្រលានយន្តហោះតំបន់ Dagestan ដែលមានអ្នកកាន់សាសនាអ៊ិស្លាមរស់នៅភាគច្រើននោះទេ ប៉ុន្តែបានថ្លែងវាយប្រហារសហរដ្ឋអាមេរិក ដោយបានបន្ទោសមហាអំណាចមួយនេះចំពោះការសាបព្រួសភាពវឹកវរនៅមជ្ឈិមបូព៌ា និងជំរុញឱ្យមានការប្រយុទ្ធគ្នានៅអ៊ុយក្រែន។
ជុំវិញបញ្ហានេះដូចគ្នា ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី RIA Novosti បានដកស្រង់សម្តីអភិបាលតំបន់Dagestan លោក Sergei Melikov ដោយនិយាយថា ភាពចលាចលនេះត្រូវបានសម្របសម្រួលនៅក្នុងបណ្ដាញតេឡេក្រាមដែលគ្រប់គ្រងដោយ «ជនក្បត់» នៅអ៊ុយក្រែន ក្នុងគោលដៅធ្វើឱ្យតំបន់ Dagestan មានអស្ថិរភាព និងជំរុញឱ្យមានចលាចល។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន ឃឺរប៊ី ហៅការចោទប្រកាន់របស់លោក ពូទីន ដែលថាអង្គភាពលោកខាងលិចនៅពីក្រោយអំពើហិង្សានេះថាជា «វោហាសា ស្ត្រចាស់គំរិលរបស់រុស្ស៊ី»។
លោក ឃឺរប៊ី បានបន្តថា ៖ «លោកខាងលិចមិនមានអ្វីដែលត្រូវធ្វើជាមួយរឿងនេះទេ»។ លោកបានរិះគន់លោក ពូទីន ចំពោះការមិនចេញសកម្មភាពបន្ថែម ដើម្បីថ្កោលទោសអំពើហិង្សា ដែលលោកបានពិពណ៌នាថាជា «បាតុកម្មដ៏ក្តៅគគុកកើតចេញពីការស្អប់ខ្ពើម»។
គួររំឭកថា ហ្វូងកុបករបុរសៗរាប់រយនាក់ ដែលខ្លះកាន់បដាមានពាក្យស្លោកប្រឆាំងជនជាតិជ្វីប បានសម្រុកចូលអាកាសយានដ្ឋានក្នុងទីក្រុង Makhachkala ដែលជារដ្ឋធានីនៃតំបន់ Dagestan កាលពីយប់ថ្ងៃអាទិត្យ ដើម្បីស្វែងរកអ្នកដំណើរអ៊ីស្រាអែលនៅលើជើងហោះហើរចេញពីទីក្រុងតែវអាវីវ។
អាជ្ញាធរសុខាភិបាលក្នុងតំបន់បាននិយាយថា មន្ត្រីប៉ូលិស និងជនស៊ីវិលបានរងរបួស ហើយពីរនាក់ក្នុងចំណោមនោះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ យោងតាមប៉ូលិសរុស្ស៊ី មនុស្សជាង ៨០ នាក់ ត្រូវបានចាប់ឃុំខ្លួនក្នុងភាពចលាចលនេះ។ គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ី បានបើកការស៊ើបអង្កេតឧក្រិដ្ឋកម្មមួយ ក្រោមបទចោទប្រកាន់រៀបចំភាពចលាចលទ្រង់ទ្រាយធំ។
គេមើលឃើញថា កន្លងមក រុស្ស៊ីបានចេញការរិះគន់យ៉ាងប្រុងប្រយ័ត្នរបស់ភាគីទាំងសងខាងក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសរបស់ប៉ាឡេស្ទីន ដែលជាជម្លោះកំពុងផ្តល់ឱកាសថ្មីដល់ទីក្រុងមូស្គូដើម្បីជំរុញតួនាទីរបស់ខ្លួនជាអ្នកសម្របសម្រួលជម្លោះ ខណៈបន្តការឈ្លានពានរបស់ខ្លួននៅប្រទេសអ៊ុយក្រែន។
កាលពីថ្ងៃចន្ទដដែល លោក ពូទីន បាននិយាយថា សង្គ្រាមអ៊ីស្រាអែល-ហាម៉ាស បង្កឡើងដោយ «ការវាយប្រហារភេរវកម្មប្រឆាំងនឹងពលរដ្ឋអ៊ីស្រាអែល» ប៉ុន្តែបាននិយាយថា ការឆ្លើយតបរបស់អ៊ីស្រាអែល បានកំណត់គោលដៅលើជនស៊ីវិលដោយគ្មានការរើសអើង ទាំងដែលពួកគេគ្មានកន្លែងរត់ និងលាក់ខ្លួន៕ ប្រែសម្រួល៖ ហួន ឌីណា