ក្រសួងមហាផ្ទៃសម្រេចទទួលស្គាល់នូវលទ្ធផលសមាជវិសាមញ្ញរបស់គណបក្សខ្មែរក្រោក និងក្បាលម៉ាស៊ីនថ្នាក់ដឹកនាំថ្មី
ភ្នំពេញ៖ នៅទីបំផុតក្រសួងមហាផ្ទៃបានពិនិត្យ និងសម្រេចទទួលស្គាល់នូវលទ្ធផលសមាជវិសាមញ្ញរបស់គណបក្សខ្មែរក្រោក ដែលប្រារព្ធធ្វើកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ដែលបានសម្រេចអនុម័តតាមរយៈការបោះឆ្នោតរួមមាន៖ ១.ធ្វើវិសោធនកម្មលក្ខន្តិកៈគណបក្ស ២.ផ្លាស់ប្តូរទីស្នាក់ការកណ្តាលគណបក្សមកនៅផ្ទះលេខ៩១Eo ផ្លូវលេខ២២ ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និង៣.ទទួលស្គាល់សមាសភាពគណៈកម្មាធិការអចិន្ត្រៃយ៍ចំនួន ១៥រូប និងសមាសភាពគណៈកម្មាធិការនាយកចំនួន ៤៨រូប ព្រមទាំងបានជ្រើសរើសក្បាលម៉ាស៊ីនថ្នាក់ដឹកនាំថ្មីរបស់គណបក្ស។ នេះបើយោងតាមលិខិតរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជម្រាបជូនលោក ឈឿង ចាន់ធឿន ប្រធានគណបក្សខ្មែរក្រោក កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។ ក្បាលម៉ាស៊ីនថ្នាក់ដឹកនាំថ្មីរបស់គណបក្សខ្មែរក្រោក រួមមានសមាសភាពដូចខាងក្រោម៖
១.លោក ឈឿង ចាន់ធឿន ប្រធានគណបក្ស
២.លោក ម៉ាក ធីបុត្រ អនុប្រធានគណបក្ស
៣.លោកស្រី សំ រដ្ឋា អគ្គលេខាធិការ
៤.លោក អោ វិបុល អគ្គហេរញ្ញិក
៥.លោក ខែម ស៊ីឡេង ប្រធានគណៈកម្មាធិការត្រួតពិនិត្យ និងធិការកិច្ច
៦.លោក អេ វណ្ណៈ គណៈកម្មាធិការវិន័យ
សូមជម្រាបថា ក្រសួងមហាផ្ទៃបានសម្រេចទទួលស្គាល់នូវលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សខ្មែរក្រោក ដែលបានប្រារព្ធធ្វើកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ដែលបានសម្រេចជ្រើសតាំងលោក ឈឿង ចាន់ធឿន ជាប្រធានគណបក្សស្តីទី។ នេះបើយោងតាមលិខិតរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជម្រាបជូនលោក ឈឿង ចាន់ធឿន អនុប្រធានទី១ គណបក្សខ្មែរក្រោក កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានជម្រាបជូន អនុប្រធានទី១ គណបក្សខ្មែរក្រោក ថា ក្រសួងមហាផ្ទៃ បានពិនិត្យ និងសម្រេចទទួលស្គាល់ នូវលទ្ធផលនៃកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស ដែលបានប្រារព្ធធ្វើ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ដែលបានសម្រេចជ្រើសតាំង លោក ឈឿង ចាន់ធឿន ជាប្រធានគណបក្សស្តីទី ដោយសារលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោស តាមរយៈសាលក្រមលេខ ៥៧៤ “ថ” ក្រ៦ ចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ លើសំណុំរឿងព្រហ្មទណ្ឌលេខ ៥៦៩៥ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១
ទន្ទឹមនេះដែរ ក្រសួងមហាផ្ទៃ ស្នើឱ្យគណបក្សខ្មែរក្រោក ត្រូវធ្វើការជ្រើសរើសសមាស ភាពក្បាលម៉ាស៊ីនដឹកនាំគណបក្ស ឱ្យស្របតាមរចនាសម្ព័ន្ធកំណត់ក្នុងលក្ខន្តិកៈរបស់ គណបក្ស ដែលបានតម្កល់ទុក នៅក្រសួងមហាផ្ទៃ និងបទប្បញ្ញត្តិ នៃច្បាប់ស្តីពីគណបក្សនយោបាយជាកំណត់៕
ដោយ៖ពលជ័យ


