សម្តេចធិបតីរំលេចសារៈសំខាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ (Video Inside)

សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលេចសារៈសំខាន់ នៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ខណៈដែលមានសេចក្តីរាយការណ៍ជុំវិញការទទួលបានភ្ញៀវទេសចរកើនឡើង ចាប់តាំងពីដាក់ឱ្យដំណើរការតាំងពីថ្ងៃទី១៦ តុលា ឆ្នាំ២០២៣នោះមក។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលជាសមិទ្ធផលមួយ នៃគំនិតផ្តួចផ្តើមផ្លូវ និងខ្សែក្រវាត់ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ក្រោមទុនវិនិយោគប្រមាណ ១ពាន់ ១០០លានដុល្លារអាមេរិក ដែលជាការវិនិយោគ BOT ក្នុងរយៈពេល ៥៥ឆ្នាំ។

សម្តេចធិបតីបានសរសេរក្នុងបណ្តាញសង្គមនៅថ្ងៃទី៣១តុលាថា «កាលានុវត្តភាពថ្មីនេះ នឹងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងក្លា និងសំខាន់សម្រាប់វិស័យទេសចរណ៍ ក្នុងខេត្តសៀមរាប និយាយដោយឡែក ព្រមទាំងវិស័យទេសចរណ៍ទូទាំងប្រទេសនិយាយជារួម»។

សម្តេចធិបតីបានសរសេរទៀតថា «ការណ៍នេះនឹងអាចទាក់ទាញដល់វិនិយោគិន ក៏ដូចជាផ្តល់ប្រយោជន៍សេដ្ឋកិច្ចមូលដ្ឋានដល់ប្រជាពលរដ្ឋ»។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គឺជាព្រលានយន្តហោះដែលអាចទទួលចុះចត នូវយន្តហោះប្រភេទធុនធំប៊ូអ៊ីង Boeing747 និង Airbus A340 និងអាចមានលទ្ធភាពទទួលអ្នកដំណើរចំនួន ៧លាននាក់ ក្នុងមួយឆ្នាំ សម្រាប់ផែនការរយៈពេលខ្លី និង២០លាននាក់ក្នុងមួយឆ្នាំសម្រាប់ផែនការរយៈពេលវែង។

ads banner