រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាចូលរួមវេទិកាសៀងសានលើកទី១០ នៅទីក្រុងប៉េកាំង (Video Inside)

រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសកម្ពុជាបានថ្លែងថា កម្ពុជាគ្មានការរារែកបញ្ជូនកងទ័ព របស់ខ្លួនក្នុងប្រតិបត្តិការរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិនោះឡើយ។

ប្រសាសន៍ថ្លែងរបស់នាយឧត្តមសេនីយ៍ ទៀ សីហា ដែលជាឧបនាយករដ្ឋមន្រ្តីផងដែរនោះ បានធ្វើទៅកាន់ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងកងទ័ពជាង ៦០ប្រទេស ដែលបានចូលរួមនៅក្នុងវេទិកាសៀងសាន លើកទី១០ នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី៣០តុលា។

នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងបញ្ជាក់ប្រាប់អ្នកចូលរួមទៀតថា ការបញ្ជូនកងទ័ព របស់កម្ពុជា ដើម្បីចូលរួមប្រតិបត្តិការរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិនោះ គឺជាសក្ខីភាព នៃការយកចិត្តទុកដាក់របស់កម្ពុជា ក្នុងការឲ្យតម្លៃចំពោះសន្តិភាព។

លោកបានថ្លែងបញ្ជាក់ថា «ក្នុងនាមជាប្រទេសដែលចូលរួមចំណែកបរិច្ចាគកងទ័ព ក្នុងប្រតិបត្តិការរក្សាសន្តិភាព, កម្ពុជានៅតែប្រកាន់ខ្ជាប់ នូវការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះប្រតិបត្តិការរក្សាសន្តិភាព ដែលជាសក្ខីភាព នៃការយកចិត្តទុកដាក់របស់យើង ចំពោះសន្តិភាព សន្តិសុខ និងស្ថិរភាពអន្តរជាតិ និងដែលជាកត្តាសំខាន់ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព»។

កម្ពុជាក្នុងរយៈពេល១៧ឆ្នាំមកនេះ បានបញ្ជូនកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ សរុបចំនួន ៩ពាន់ ២០៥នាក់ ក្នុងនោះនារីមានចំនួន ៧២៦នាក់។

ប្រទេសដែលកម្ពុជា បានបញ្ជូនកងទ័ពរបស់ខ្លួន ក្រោមឆត្រអង្គការសហប្រជាជាតិ គឺរួមមានប្រទេសសាធារណរដ្ឋស៊ូដង់, ស៊ូដង់ខាងត្បូង, ឆាដ, អាហ្វ្រិកកណ្តាល, លីបង់, សាយព្រឹស, ស៊ីរី, ម៉ាលី, យេមេន និងកុងហ្គោជាដើម។

ជំនាញរបស់កងទ័ពកម្ពុជា ដែលបានបញ្ជូនទៅ នោះមានដូចជាជំនាញបោសសំអាតមីន, កម្ទេចគ្រឿងផ្ទុះ, ប្រឆាំង-បន្សាបគ្រឿងផ្ទុះកែច្នៃ, កងរាជអាវុធហត្ថ, វិស្វកម្មពហុជំនាញ, នាយទាហានសេនាធិការ និងសង្កេតការណ៍យោធាជាដើម។

ads banner